មន្ត្រីសុខាភិបាលជំរុញការពង្រឹងសេវាសុខភាពបឋមនៅខេត្តសៀមរាប
សៀមរាប៖មន្រ្តីជាន់ខ្ពស់នៃក្រសួងសុខាភិបាលបានជំរុញដល់មន្ទីរសុខាភិបាលខេត្ត គ្រូពេទ្យនៅខេត្តសៀមរាប បន្តពង្រឹងនិងកែលម្អសេវាសុខភាពបឋមដល់ប្រជាពលរដ្ឋ។
ក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងជំរុញការអនុវត្តផែនការកែលម្អមណ្ឌលសុខភាព និងការថែទាំសុខភាពបឋម ដែលបានប្រព្រឹត្តទៅនៅសាលាប្រជុំមន្ទីរពេទ្យជ័យវរ្ម័នទី ៧ (គន្ធបុប្ផា) ខេត្តសៀមរាបកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងឯកឧត្ដមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងនូវអនុសាសន៍ ១៩ ចំណុចសម្រាប់ជំរុញសេវាសុខភាពបឋម ដោយផ្ដោតសំខាន់លើការពង្រឹងគុណភាពសេវា ការចូលរួមរបស់សហគមន៍ និងការផលិតគំនិតថ្មីៗសម្រាប់ការអភិវឌ្ឍសេវាសុខភាព។ លោកជំទាវក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលសម្រេចបានរបស់មន្ទីរសុខាភិបាលខេត្ត ដែលមានការគាំទ្រយ៉ាងសកម្មពីអាជ្ញាធរមូលដ្ឋាន។
លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានឱ្យដឹងថា ខេត្តទេសចរណ៍វប្បធម៌មួយនេះមានមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពជាច្រើនកន្លែង បម្រើសេវាសុខភាពចាប់ពីកម្រិតទី១ ដល់កម្រិតទី៣។ មានមណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាពចំនួន ៩៥កន្លែងនិងមានគ្រែសម្រាកចំនួន ៧០៣គ្រែ។ក្រៅពីនេះ នៅមានមន្ទីរពេទ្យធំៗដូចជា មន្ទីរពេទ្យជ័យវរ្ម័នទី៧ មានចំនួន១ ១២៩ គ្រែ,មន្ទីរពេទ្យកុមារអង្គរចំនួន១០០ គ្រែនិងមន្ទីរពេទ្យយោធ ភូមិភាគ ៤ចំនួន៥០ គ្រែ។ចំណែកពេទ្យឯកជនក៏បានចូលរួមផ្តល់សេវា ៨៨៥កន្លែងដែលមានអាជ្ញាបណ្ណត្រឹមត្រូវ
នៅខេត្តសៀមរាបដដែល មានមណ្ឌលសុខភាពចំនួន៩៣កន្លែងក្នុងនោះមានចំនួន៣៩ត្រូវបានជ្រើសរើសជាគំរូ,ចំនួន ៤១ត្រូវបន្តកែលម្អ និង១៣ត្រូវតែធ្វើឱ្យបានល្អបន្ថែមទៀត៕
ដោយ៖ប៊ុន រដ្ឋា




