រដ្ឋបាលរបស់លោក Trump ចូលទៅចាប់ក្មេងគ្មានឯកសាររាប់រយនាក់ ដល់ក្នុងផ្ទះ
ទីភ្នាក់ងារព័ត៌មាន CNN បានរាយការណ៍ កាលពីថ្ងៃពុធថា រដ្ឋបាលរបស់លោក Trump បានចូលទៅចាប់ក្មេងៗអន្តោប្រវេសន៍ គ្មានឯកសារ រាប់រយនាក់ ចេញពីក្នុងផ្ទះ យកទៅដាក់ក្នុងមន្ទីរឃុំឃាំង របស់រដ្ឋាភិបាល។
ប្រភពដែលបានដឹងពីរឿងនេះ បានប្រាប់ CNN ថា សកម្មភាពចាប់ក្មេងៗទាំងនេះ យកទៅឃុំ ត្រូវបានយកលេសថា ជាការត្រួតពិនិត្យសុខុមាលភាព ហើយ សហព័ន្ធស៊ើបការសម្ងាត់អាមេរិក ហៅកាត់ FBI ក៏ចូលរួមសហការចូលរួមផងដែរ ប៉ុន្តែ ក្មេងៗត្រូវបែកពីក្រុមគ្រួសារ ធ្វើឱ្យពួកគេ ដែលពិបាកនឹងត្រូវដោះលែងវិញ។
ប្រធានាធិបតីអាមេរិក លោក Donald Trump និងមន្ត្រីរបស់លោកតែងតែនិយាយថា អំឡុងអាណត្តិ របស់លោកអតីតប្រធានាធិបតីអាមេរិក Jo Biden មានកុមាររាប់សែននាក់ បានសម្រុកធ្វើដំណើរចូលទៅក្នុងទឹកដី សហរដ្ឋអាមេរិក តាមព្រំដែនភាគខាងត្បូង ដោយមិនមានឪពុកម្តាយ ឬ អាណាព្យាបាល តាំងពីឆ្នាំ២០២១។ មន្ត្រីអន្តោប្រវេសន៍ និងការអនុវត្តច្បាប់ បានចាប់កុមារ ប្រហែល៥០០នាក់ ទៅដាក់ក្នុងមន្ទីរឃុំឃាំង របស់រដ្ឋាភិបាល ចាប់តាំងពីលោក Trump បានត្រឡប់ទៅគ្រប់គ្រងសេតវិមាន ឡើងវិញ។
រដ្ឋបាលរបស់អាមេរិកអះអាងថា ពួកគេអាចស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ ខណៈដែលកុមារមួយចំនួនធំ បាត់ដំណឹងពីប្រព័ន្ធត្រួតពិនិត្យ។ មន្ត្រីអនុវត្តច្បាប់ បាននិយាយថា កិច្ចខិតខំប្រឹងប្រែងនេះ មានគោលបំណងស្វែងរកសាច់ញាតិរបស់កុមារ ដោយគ្មានលេស អ្វីផ្សេងទៀត ក្នុងគោលដៅស៊ើបអង្កេត ឬ ធ្វើទុកបុកម្នេញ នោះទេ។ អ្នកនាំពាក្យរបស់ FBI បានចាត់ទុកសកម្មភាពនេះថា ជាកិច្ចខិតខំប្រឹងប្រែងដើម្បីការពារសុវត្ថិភាពកុមារ ដែលជាកិច្ចការ អាទិភាពមួយ។
យ៉ាងណាមិញ អតីតមន្ត្រីរបស់លោក Biden និងអ្នកជំនាញផ្នែកអន្តោប្រវេសន៍មួយចំនួន បដិសេធការអះអាងនេះ។ ជាមួយគ្នានេះ ក្រុមអ្នកតស៊ូមតិ អ្នកជំនាញ បាននិយាយថា រដ្ឋបាលបានដាក់ដំណើរការនីតិវិធី ពិនិត្យបន្ថែម ដែលធ្វើឲ្យឪពុកម្តាយ និងអាណាព្យាបាលមួយចំនួន មិនអាចទទួលយកកុមារ ចេញពីមន្ទីរឃុំឃាំង របស់រដ្ឋាភិបាល។ ប្រភព បានប្រាប់ CNN ថា សកម្មភាពចូលទៅចាប់ក្មេងដល់ផ្ទះនេះ ប៉ះពាល់ដល់សិទ្ធិកុមារ ដែលត្រូវបានកំណត់ ដោយច្បាប់៕
ប្រភពពី CNN ប្រែសម្រួល៖ សារ៉ាត
