មន្ទីរជំនាញខេត្តបាត់ដំបង បញ្រ្ជាបការពង្រឹងគ្រប់គ្រងអាជីវកម្មអភិវឌ្ឍន៍អចលនវត្ថុ និងទទួលបញ្ចាំដល់អាជ្ញាធរ
បាត់ដំបង៖ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ លិខិតបទដ្ឋានគតិយុត្ត ដើម្បីពង្រឹងការគ្រប់គ្រងអាជីវកម្ម អភិវឌ្ឍន៍អចលនវត្ថុ ទទួលបញ្ចាំ និង ទទួលប្រាតិភោគ ដោយអនុប្បទានដល់រដ្ឋបាលក្រុង-ស្រុក អធិការក្រុង-ស្រុក និងអាជីវករនៅក្នុងខេត្តបាត់ដំបង ។
សិក្ខាសាលាដែលបានប្រារព្ធកាលពីថ្ងៃទី៥ ខែមិថុនា នៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថខេត្តក្នុងគោលបំណងបង្កើននូវការយល់ដឹង ពីការពង្រឹងកិច្ចការពារអតិថិជន និង វិនិយោគិនត្រឹមត្រូវស្របច្បាប់ ព្រមទាំងពង្រឹងការកៀរគរប្រមូលប្រភពចំណូល ដើម្បីចូលថវិកាជាតិ។
លោក ប៉ោទ្រី ឌឿន ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបាត់ដំបង រំលឹកប្រាប់សិក្ខាកាមអំពីសកម្មភាពមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តថា ក្នុងនាមជាសេនាធិការរបស់និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមន្ទីរបានបំពេញតួនាទី ភារកិច្ចសម្របសម្រួល និង គាំទ្រការងារគ្រប់គ្រងត្រួតពិនិត្យអាជីវកម្មទទួលបញ្ចាំ ទទួលប្រាតិភោគ ដោយអនុប្បទានខ្នាតតូច។
លោកប្រធានមន្ទីរបានរំពឹងថាតាមរយៈសិក្ខាសាលា សាធារណជន និងគ្រប់ម្ចាស់អាជីវកម្មអភិវឌ្ឍអចលនវត្ថុ អាជីវកម្មអភិវឌ្ឍន៍លំនៅឋាន ឬអគារសហកម្មសិទ្ធិ អាជីវកម្មអភិវឌ្ឍដីឡូត៍ អាជីវកម្មទទួលបញ្ចាំ និងអាជីវកម្មទទួលប្រាតិភោគ ដោយអនុប្បទានខ្នាតតូច នៅទូទាំងខេត្តបាត់ដំបង នឹងចូលរួមសហការ ក្នុងការអនុវត្តតាមប្រកាស របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
បញ្ជាក់ក្នុងសិក្ខាសាល ឯកឧត្តម ជូ វណ្ណៈ អគ្គនាយកនៃនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានស្នើឱ្យមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយអាជ្ញាធរខេត្ត ក្រុង-ស្រុក អធិការនគរបាលក្រុង-ស្រុក ត្រូវបង្កើនការផ្សព្វផ្សាយដល់សាធារណជន និងម្ចាស់អាជីវកម្មក្នុងមូលដ្ឋានផ្ទាល់ ឱ្យបានយល់ដឹងពីលិខិតបទដ្ឋានគតិយុត្ត ដើម្បីពង្រឹងការគ្រប់គ្រង អាជីវកម្មអភិវឌ្ឍន៍អចលនវត្ថុទទួលបញ្ចាំនិងទទួលប្រាតិភោគដោយអនុប្បទានខណៈបច្ចុប្បន្ននេះអាជីវកម្មគ្រប់ទម្រង់ក្នុងវិស័យអភិវឌ្ឍអចលនវត្ថុ និងបញ្ចាំ កំពុងមានសន្ទុះរីកចម្រើនឥតឈប់ឈរ និងយ៉ាងឆាប់រហ័ស ដែលតម្រូវឱ្យមានការគ្រប់គ្រងយ៉ាងគត់ម៉ត់ ក្នុងការបង្ការនូវរាល់ហានិភ័យ និងកាត់បន្ថយនូវឧបសគ្គរាំងស្ទះនានាក្នុងទីផ្សារអាជីវកម្មអភិវឌ្ឍអចលនវត្ថុ និង បញ្ចាំ។
ឯកឧត្តម ក៏បានជំរុញដល់អាជ្ញាធរក្រុង ស្រុក និងអធិការនគរបាលក្រុង ស្រុក ត្រូវពង្រឹងការបង្រ្កាប ការធ្វើអាជីវកម្មអភិវឌ្ឍអចលនវត្ថុ បញ្ចាំ និងប្រាតិភោគដោយអនុប្បទាន ដោយគ្មានច្បាប់អនុញ្ញាតនិងជំរុញឱ្យម្ចាស់អាជីវកម្ម មកចុះឈ្មោះនិងធ្វើការស្នើសុំអាជ្ញាបណ្ណអាជីវកម្ម។
ឯកឧត្តម ជូ វណ្ណៈ បានរំលឹកបកក្រោយបន្តិថា ក្នុងការកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល តាំងពីនីតិកាលទី៦ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ឱ្យ អនុវត្តការចុះបញ្ជីតាមថ្នាលបច្ចេកវិទ្យាព័ត៌មានវិទ្យាដំណាក់កាលទី១កាលពីខែមិថុនាឆ្នាំ២០២០ ក្នុងគោលបំណងជួយសម្រួលដល់គ្រប់ពាណិជ្ជករក្នុងការស្នើសុំអាជ្ញាបណ្ណដើម្បីកាត់បន្ថយពេលវេលានិងទាក់ទាញដល់វិនិយោគិន។ក្នុងការចូលរួមអនុវត្តក្នុងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថល ដែលរាជរដ្ឋាភិបាលបានប្រកាសដាក់ឱ្យអនុវត្តកាលពីខែឧសភា ឆ្នាំ២០២១ ជាក់ស្តែងនៅដំណាក់កាលទី២ កាលពីខែកញ្ញា ឆ្នាំ២០២១ អាជីវកម្មបញ្ចាំត្រូវបានដាក់ឱ្យចុះបញ្ជី តាមថ្នាលប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ចំពោះការស្នើសុំអាជ្ញាបណ្ណថ្មី។ចំពោះការបន្តសុពលភាពអាជ្ញាបណ្ណ តាមថ្នាលប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន នៅខែមករា ឆ្នាំ២០២៣។ បន្ទាប់មក កាលពីខែសីហា ឆ្នាំ ២០២៤ អាជីវកម្មផ្តល់សេវាកម្មអចលនវត្ថុត្រូវបានដាក់ឱ្យចុះតាមថ្នាលប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ចំពោះការស្នើសុំអាជ្ញាបណ្ណថ្មី និងសាខា។
ឯកឧត្តមបន្តថាថ្មីៗនេះនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំក៏បាននិងកំពុងរៀបចំការចុះបញ្ជីស្នើសុំអាជ្ញាបណ្ណអាជីវកម្មអភិវឌ្ឍលំនៅឋាន និងអគារសហកម្មសិទ្ធិ តាមថ្នាលប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដែលកិច្ចការងារនេះ នឹងអាចចាប់អនុវត្ត នៅដើមឆ្នាំ២០២៦។
ដោយឡែក លោក អ៊ុយ សុធាវី អភិបាលរងខេត្តបាត់ដំបងប្រាប់ដល់សមាជិកអង្គសិក្ខាសាលា ទាំងអាជ្ញាធរ ទាំងគ្រប់ម្ចាស់ អាជីវកម្មអភិវឌ្ឍអចលនវត្ថុ អាជីវកម្មអភិវឌ្ឍលំនៅឋាន ឬអគារសហកម្មសិទ្ធិ អាជីវកម្មអភិវឌ្ឍដីឡូត៍ អាជីវកម្មទទួលបញ្ចាំនិងអាជីវកម្មទទួលប្រាតិភោគត្រូវយកចិត្តទុកដាក់ត្រងត្រាប់ស្ដាប់ការពន្យល់ពីវាគ្មិន ដែលបានធ្វើបទបង្ហាញរបស់គ្រូឧទ្ទេស ស្ដីពីនីតិវិធីនៃការផ្ដល់អាជ្ញាបណ្ណនិងលិខិតអនុញ្ញាតអាជីវកម្មអភិវឌ្ឍអចលនវត្ថុ បញ្ចាំ និងប្រាតិភោគដោយអនុប្បទាន ដើម្បីបន្តបញ្ជ្រាបការយល់ដឹងដល់សាធារណជន និងវិស័យឯកជន៕
អត្ថបទ-រូបភាព៖ អ៊ុកសំអាន ប.ប





