គិតត្រឹមថ្ងៃទី៥ ខែមិថុនា យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាទទួលបានថវិកាបរិច្ចាគជាង ៣លានដុល្លារអាម៉េរិក

(ភ្នំពេញ)៖ គិតត្រឹមព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ នេះ, យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានថវិកាបរិច្ចាគសរុបសមមូលជាប្រាក់ដុល្លារចំនួន ៣ ៥១៧ ១៩៨ ដុល្លារអាម៉េរិក ពីសប្បុរសជនចំនួន ២៤១ ៨៣២ នាក់។

នេះបើយោងតាមការបង្ហោះនៅលើបណ្តាញសង្គមហ្វេសបុករបស់ ដោយមើលឃើញពីតម្រូវការថវិកា សម្រាប់ទ្រទ្រង់និរន្តភាពដំណើរការមន្ទីរពេទ្យគន្ធបុប្ផា នៅឆ្នាំ២០២៥ លោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ប្រធានកិត្តិយសមូលនិធិគន្ធបុប្ផាកម្ពុជា នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥នេះ។

លោកជំទាវបន្ថែមថា យុទ្ធនាការនេះ នឹងបន្ដរហូតដល់ដំណាច់ខែមិថុនា ឆ្នាំ២០២៥។ ខ្ញុំសូមថ្លែងអំណរគុណដល់ពុកម៉ែបងប្អូន និងសប្បុរសជនទាំងអស់ដែលបានបរិច្ចាគ ដើម្បីរួមគ្នានាំក្ដីសង្ឃឹម និងភាពញញឹមដល់ទារក និងកុមារនៅកម្ពុជា។ សូមមេត្តាចូលរួមបន្តទៀតដើម្បីកុមារកម្ពុជាយើង។

តាំងតែពីមន្ទីរពេទ្យគន្ធបុប្ផា ចាប់ផ្តើមដំណើរការឡើងវិញនៅឆ្នាំ១៩៩២, មន្ទីរពេទ្យនេះបានទទួលការពិនិត្យ និងព្យាបាលនៅផ្នែកពិគ្រោះជំងឺក្រៅ កុមារ និងស្រ្តីមានផ្ទៃពោះចំនួនប្រមាណ ២៣ លានករណី, បានទទួលកុមារមកសម្រាកព្យាបាលធ្ងន់ធ្ងរប្រមាណ ២,៨ លាននាក់ និងសម្រាលកូនជូនស្រ្តីមានផ្ទៃពោះចំនួនប្រមាណ ៤១ម៉ឺននាក់។

មន្ទីរពេទ្យគន្ធបុប្ផាទាំងនៅភ្នំពេញ និងនៅខេត្តសៀមរាប ត្រូវចំណាយថវិកាជាង១២ម៉ឺនដុល្លារក្នុង១ថ្ងៃ ឬក៏៤៣លានដុល្លារអាមេរិកក្នុង១ឆ្នាំ ដើម្បីធានារក្សានិរន្តភាពមន្ទីរពេទ្យក្នុងការជួយព្យាបាលជំងឺ ដើម្បីពិនិត្យព្យាបាលជំងឺកុមារ និងពិនិត្យលើស្ត្រីមានផ្ទៃពោះដោយឥតគិតថ្លៃ ប្រកបដោយស្មើភាព គ្មានការរើសអើង។

ដោយមើលឃើញពីតម្រូវការថវិកា សម្រាប់ទ្រទ្រង់និរន្តភាពដំណើរការមន្ទីរពេទ្យគន្ធបុប្ផា នៅឆ្នាំ២០២៥ នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានបន្ដគំនិតផ្ដួចផ្ដើមបើក យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» រយៈពេលពេញ១ខែមិថុនា ដើម្បីកៀរគរថវិកាសប្បុរសធម៌ ចូលរួមចំណែកដល់កិច្ចដំណើរការនៃមន្ទីរពេទ្យគន្ធបុប្ផា និងចូលរួមអបអរសាទរ ទិវាកុមារអន្តរជាតិ ១មិថុនា និងបំផុសស្មារតី “ខ្មែរជួយខ្មែរ” ក៏ដូចជាការរម្លឹក ឱ្យមានការចូលរួមបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីផ្ដល់ក្តីសង្ឃឹមដល់ទារក និងកុមារនៅកម្ពុជា៕

ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner