អាមេរិក ៖ កូរ៉េខាងជើងត្រូវឈប់ជួយរុស្ស៊ីធ្វើសង្គ្រាម ជាបន្ទាន់
បរទេស៖ សហរដ្ឋអាមេរិក បានទទូចឲ្យកូរ៉េខាងជើង បញ្ឈប់ការបញ្ជូនកងទ័ព ទៅជួយរុស្ស៊ី ធ្វើសង្គ្រាម ជាបន្ទាន់។ ជាការប្រាប់ ក្រោយពេលដែល មេដឹកនាំកូរ៉េខាងជើង ប្តេជ្ញាគាំទ្ររុស្ស៊ី ដោយគ្មានគ្មានលក្ខខណ្ឌ។
អ្នកនាំពាក្យរង នៃក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Tommy Pigott កាលពីថ្ងៃព្រសហស្បតិ៍ បានអំពាវនាវ ឱ្យបញ្ចប់កិច្ចសហប្រតិបត្តិការ របស់កូរ៉េខាងជើង ជាមួយរុស្ស៊ី បន្ទាប់ពីមេដឹកនាំ គីម ជុងអ៊ុន បានប្តេជ្ញាថា “គាំទ្រដោយគ្មានលក្ខខណ្ឌ” ដល់ទីក្រុងមូស្គូ ក្នុងសង្គ្រាមអ៊ុយក្រែន។
លោកបានប្រាប់អ្នកយកព័ត៌មានថា «ការដាក់ពង្រាយយោធា របស់កូរ៉េខាងជើង ទៅកាន់ប្រទេសរុស្ស៊ី និងការគាំទ្រណាមួយ ដែលផ្តល់ដោយសហព័ន្ធរុស្ស៊ី ដល់កូរ៉េខាងជើង ជាថ្នូរ អ្វីមួយ នឹងត្រូវតែបញ្ចប់»។
គួររម្លឹកថា កាលពីថ្ងៃពុធ លោក គីម ជុងអ៊ុន មេដឹកនាំរបស់កូរ៉េខាងជើង ក្នុងពេលជួបមន្ត្រីជាន់ខ្ពស់រុស្ស៊ី បានប្តេជ្ញា គាំទ្រដោយឥតលក្ខខណ្ឌ ចំពោះជំហររបស់រុស្ស៊ី និងគោលនយោបាយការបរទេសរបស់ខ្លួន នៅក្នុងបញ្ហានយោបាយអន្តរជាតិសំខាន់ៗទាំងអស់ រួមទាំង បញ្ហាអ៊ុយក្រែន ហើយប្រទេសទាំងពីរ បន្តពង្រីកទំនាក់ទំនង យ៉ាងស្វាហាប់។
កូរ៉េខាងជើង កាលពីខែមេសា បានបញ្ជាក់ ជាលើកដំបូងថា ខ្លួនបានដាក់ពង្រាយកងទ័ព ទៅកាន់ប្រទេសរុស្ស៊ី ដើម្បីគាំទ្រដល់សង្គ្រាមរបស់ទីក្រុងមូស្គូ ក្នុងប្រទេសអ៊ុយក្រែន ហើយបានទទួលស្គាល់ថា កងទ័ពរបស់ខ្លួន ត្រូវបានសម្លាប់ នៅក្នុងការប្រយុទ្ធ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត