ជាង៦០០នាក់ចូលរួមទិវាអតីតនិស្សិតកម្ពុជាដែលធ្លាប់សិក្សានៅបារាំង រៀបចំស្ថានទូតបារំាង

ភ្នំពេញ៖ស្ថានទូតបារំាងប្រចាំកម្ពុជាកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ​២០២៥​​​បានរៀបចំទិវាអតីតនិស្សិតកម្ពុជាដែល​ធ្លាប់សិក្សានៅ​ប្រទេសបារាំង ឬតាម​បណ្តាគ្រឹះ ស្ថាន ឧត្តមសិក្សាបារាំង ក្រោម​ប្រធាន​បទ «អ្នកមានទេពកោសល្យ​ដើម្បីផ្លាស់ប្តូរពិភពលោក» ដោយមានអ្នកចូលរួមជាង៦០០នាក់។។​ «ភូមិអតីតនិស្សិត» មួយត្រូវបានរៀបចំឡើង​ជាពិសេសនៅក្នុងបរិវេណស្ថានទូត ដើម្បី​សម្រួលដល់ការពិភាក្សា​ផ្លាស់ប្តូរយោបល់បើកចក្ខុវិស័យ​ការងារ និងពង្រឹង​បណ្តាញអតីតនិស្សិតកម្ពុជា​មកពីបារាំង ដែលបច្ចុប្បន្នមាន​សមាជិកជាង១ ២០០នាក់។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតបារាំងប្រចាំកម្ពុជានៅថ្ងៃទី៦ ខែមិថុនា គោលដៅសំខាន់នៃ​ពិធីជួបជុំប្រចាំឆ្នាំខាងលើ គឺដើម្បី​ពង្រឹងចំណងទាក់​ទងរវាង​អតីតនិស្សិតកម្ពុជា ដែលទទួលបាន​សញ្ញាបត្រពី​ប្រទេសបារាំង ជាមួយជ័យលាភីអាហារូបករណ៍បារាំង France Excellence ដែលនឹងចាកចេញទៅក្នុងពេលខាង​មុខ ក៏ដូចជាភ្ជាប់ទំនាក់ទំនងជាមួយក្រុមហ៊ុន អង្គការក្រៅរដ្ឋាភិបាល និងស្ថាប័នដៃគូផ្សេងៗ។
ព្រឹត្តិការណ៍នេះឆ្លុះបញ្ចាំងឱ្យឃើញពី​ឱកាសសិក្សា និងការងារ ដែល​ទទួលបានពីការសិក្សា​នៅប្រទេស​បារាំង ក៏ដូចជាតម្លៃបន្ថែមនៃ​ភាសាបារាំងនៅលើទីផ្សារការងារនៅកម្ពុជា។

ព្រឹត្តិការណនេះជាការរៀបចំឡើងរួមគ្នាជាមួយសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង-កម្ពុជា ដោយមានការ​ដាក់បង្ហាញ​ស្តង់​ចំនួន៣០ ដែលជាលំហសន្ទនាដ៏រីករាយអំពីឱកាសការងារ ការចងក្រងបណ្តាញ និងកិច្ចសហ​ប្រតិបត្តិការក្នុងវិស័យ​សំខាន់ៗ​ដូចជាវិស្វកម្ម សុខាភិបាល សេដ្ឋកិច្ច នីតិសាស្រ្ត និងបច្ចេកវិទ្យាថ្មីៗ។ ការជួបជុំនេះ​ទទួល​បាន ការគាំទ្រពីសភាពាណិជ្ជកម្ម និងឧស្សាហកម្ម​បារាំង-កម្ពុជា និងសមាជិក ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំង​ដៃគូឧបត្ថម្ភ រួមមានអង្គការ France Volontaires ក្រុមហ៊ុន​អាកាសយានដ្ឋានកម្ពុជា ហាងសម្ភារៈ​កីឡាដេកាត្លុង សណ្ឋាគារ Sofitel Angkor Phokeetra Golf & Spa Resort និងធនាគារ Bred Bank Cambodia។

ក្នុងសុន្ទរកថាស្វាគមន៍ លោក ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំ​កម្ពុជា បានវាយតម្លៃខ្ពស់ចំពោះការសិក្សាដ៏​ល្អរបស់​អតីតនិស្សិតកម្ពុជា ក៏ដូចជាការរួមចំណែកដ៏ធំធេងរបស់ពួកគេក្នុងការអភិវឌ្ឍប្រទេសកម្ពុជា និងការពង្រឹង​ចំណង​ទាក់ទង​បារាំង-កម្ពុជា។ លោកមានប្រសាសន៍ថា៖ «ដោយជ្រើសរើសឧត្តមសិក្សាបារាំង លោកអ្នកទទួល​បានចំណេះដឹងផ្នែកភាសា ជំនាញ ផ្នត់គំនិតទូលំ​ទូលាយ និងបទពិសោធន៍ ដែលនាំទៅកាន់ចក្ខុវិស័យការងារ និងអាជីព ទាំងនៅកម្ពុជា និងនៅ​បរទេស»។ លោកទូតបានបន្ថែមថា ភាសាបារំាង និងការសិក្សានៅប្រទេសបារាំង​គឺជាកម្លាំងចលករដ៏ខ្លាំង​នៃឱកាសទទួល​បានការងារ។

ប្រទេសបារាំងស្ថិតក្នុងលំដាប់ទី៤លើពិភពលោក ដែលទទួលនិស្សិត​បរទេសឱ្យទៅសិក្សាច្រើនជាងគេ ហើយក៏ជា​ប្រទេស​គោលដៅទី៤​សម្រាប់និស្សិតកម្ពុជាផងដែរ។ ក្នុងបរិបទនៃការប្រកួតប្រជែង​កាន់តែស្វិតស្វាញ ប្រទេសបារាំង​រក្សា​បាន​ភាពទាក់ទាញដ៏ខ្លាំង ដែលគាំទ្រដោយភាពរស់រវើកនៃហ្វ្រង់កូហ្វូនី និងយុទ្ធសាស្រ្តឥណ្ឌូ​ប៉ាស៊ីហ្វិក ដែលបារំាង​បានដាក់​ចេញតាំងពីឆ្នាំ២០១៨។

ស្ថានទូតបារំាងប្រចាំកម្ពុជាបានឱ្យដឹងទៀតថា នៅឆ្នាំនេះ តាមរយៈការគាំទ្ររបស់ស្ថានទូតបារាំង និងកិច្ចខិតខំ​ប្រឹងប្រែង​របស់គ្រឹះស្ថានឧត្តមសិក្សាកម្ពុជា និស្សិត១៧នាក់ (ក្នុងនោះស្រី៨នាក់) បានទទួលអាហារូបករណ៍ France Excellence (១២នាក់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង៥នាក់ថ្នាក់បណ្ឌិត)។ ពួកគេនឹង​ចាកចេញទៅសិក្សានៅប្រទេស​បារំាងក្នុងបវេសនកាលខាងមុខ។ ចាប់តាំងពីឆ្នាំ២០២១ និស្សិតកម្ពុជា៥៥៥​នាក់បានជ្រើសរើសបន្តការសិក្សានៅ​ប្រទេស​បារាំងតាមរយៈកម្មវិធីអាហារូបករណ៍ France Excellence អាហារូបករណ៍ Eiffel កម្មវិធី DFMS (សញ្ញាបត្រវេជ្ជ​សាស្រ្តជំនាញ) និង DFMSA (សញ្ញាប័ត្រវេជ្ជសាស្រ្តជំនាញ​ជាន់ខ្ពស់) ក៏ដូចជា​តាមរយៈ​សហហិរញ្ញប្បទានសាធារណៈ និងឯកជន (ក្រសួងអប់រំ យុវជន និងកីឡា បណ្ឌិតសភា​បច្ចេកវិទ្យាឌីជីថលកម្ពុជា វិទ្យាស្ថាន​ប៉ាស្ទ័រកម្ពុជា និងក្រុមហ៊ុន Minthacare)។ និស្សិតកម្ពុជាជា​ច្រើននាក់ទៀត​បន្តការសិក្សានៅប្រទេសបារាំង​តាមរយៈហិរញ្ញវត្ថុផ្ទាល់​ខ្លួន។

លោកឯកអគ្គរដ្ឋទូតបារាំងបានរំលឹកផងដែរអំពីលទ្ធភាពសម្រាប់អតីតនិស្សិត ដែលទទួលបានសញ្ញាប័ត្របរិញ្ញាបត្រ​ជាន់ខ្ពស់ ឬបណ្ឌិតនៅ​ប្រទេស​បារាំង ក៏ដូចជាសម្រាប់សហព័ទ្ធ និងកូនៗជាអនីតិជន​របស់ពួក​គេ ក្នុងការទទួលបាន​ទិដ្ឋាការស្នាក់នៅរយៈពេលខ្លីក្នុង​តំបន់ស៊ែនហ្គែន ដែលមានសុពលភាពពី១ទៅ៥ឆ្នាំ។ ទិដ្ឋាការនេះនឹងអនុញ្ញាតឱ្យពួក​គេស្នាក់នៅរយៈពេលសរុប​ក្រោម៩០​ថ្ងៃនៅក្នុងប្រទេសអឺរ៉ុបចំនួន២៩ទៅតាម​សុពលភាព​នៃលិខិតឆ្ល​ងដែន។ ការស្នើ​សុំទិដ្ឋាការធ្វើឡើងដោយផ្ទាល់នៅមជ្ឈមណ្ឌល TLS Contact ដែលជា​ភ្នាក់ងារផ្តល់សេវាសម្រាប់ស្ថានទូត។

ទិវាអតីតនិស្សិតកម្ពុជាដែលធ្លាប់សិក្សានៅបារាំង គឺជាពេលវេលា​សំខាន់មួយនៃការកៀរគរបណ្តាញអ្នក​ប្រើប្រាស់​ភាសាបារាំង ខណៈដែលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីឆ្នាំ២០២៦លើកទី២០នៅកម្ពុជា កាន់តែខិតជិតមកដល់។ ទិវានេះឆ្លុះបញ្ចាំងឱ្យឃើញពីសមត្ថភាពហ្វ្រង់កូហ្វូនីក្នុងការប្រមូលផ្តុំអ្នកមានទេពកោសល្យ ស្ថាប័ន និងដៃគូនានា ដោយផ្តោតលើគុណតម្លៃ និងចក្ខុវិស័យរួម។ កិច្ចខិតខំប្រឹងប្រែងទាំងនេះក៏បង្ហាញផងដែរនូវបំណង​ប្រាថ្នារួមមួយ ពោលគឺធ្វើឱ្យភាសាបារាំងក្លាយជាភាសានៃឱកាសជាក់ស្តែង និងធ្វើ​ឱ្យអតីតនិស្សិតក្លាយជាតួអង្គចីរភាពនៃកិច្ច​សហប្រតិបត្តិការរវាង​ប្រទេស​បារាំង និងប្រទេសកម្ពុជា៕


ដោយ៖វណ្ណលុក
រូបថត៖ស្ថានទូតបារំាងប្រចាំកម្ពុជា

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner