កម្ពុជា បដិសេធការស្នើឱ្យដកកងទ័ពចេញពីទីតាំងឈរជើង​នៅតំបន់​មុំបី

ភ្នំពេញ៖ ភាគីថៃបានស្នើសុំឱ្យកម្ពុជាដកកងទ័ពចេញពីទីតាំងឈរ​ជើងនៅតំបន់មុំបីដែលប្រយុទ្ធគ្នាកាលពីថ្ងៃទី ២៨ ឧសភា កន្លងទៅ ចំណែកភាគីកម្ពុជាបដិសេធមិនទទួលយកការស្នើសុំនោះទេ ព្រោះទីតាំងខាងលើ ជាទីតាំងស្ថិត​ក្នុងដែនអធិបតេយ្យភាព​របស់​កម្ពុជា ដែលបានឈរជើងជាអចិន្ត្រៃយ៍តាំងពីដើមរៀងមក។នេះបើយោងតាមការ​បញ្ជាក់របស់ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ។

លើបណ្ដាញសង្គមផ្លូវការនៅរសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ នាយឧត្តមសេនីយ៍ឧបនាយករដ្ឋមន្រ្តី ទៀ សីហា
បាន​​សរសេរ​ថា “នៅរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ខ្ញុំបានជួបពិភាក្សាជាមួយឯកឧត្តម Phumtham Wechayachai ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ អំពីភាពតាន​តឹងតាមព្រំដែន ដែលបានប្រព្រឹត្តិ​ទៅស្រុកអារញ្ញប្រថេត ខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ។ ជាលទ្ធផលនៃកិច្ចប្រជុំ យើងបាន៖

  • ឯកភាពកាត់បន្ថយភាពតានតឹង ដោយភាគីយើងទាំងពីរ បានរក្សាការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក ការយោគ​យល់គ្នា និងរក្សាការសន្ទនាដោយសន្តិវិធីទៅថ្ងៃខាងមុខទៀត ក្នុងគោល​បំណងចៀសវាងការប៉ះទង្គិច​យោធាគ្នា កម្ពុជា-ថៃ។
  • ចំណុចភាគីថៃ បានស្នើសុំឱ្យកម្ពុជាដកកងទ័ពចេញពីទីតាំងឈរ​ជើងនៅតំបន់មុំបីដែលប្រយុទ្ធគ្នាកាលពីថ្ងៃទី ២៨ ឧសភាកន្លងទៅ ភាគីកម្ពុជាបដិសេធមិនទទួលយកការស្នើសុំនោះទេ ព្រោះទីតាំង​ខាងលើ ជាទីតាំងស្ថិតក្នុងដែន​អធិបតេយ្យភាពរបស់កម្ពុជា ដែលបានឈរជើងជាអចិន្ត្រៃយ៍តាំងពីដើមរៀងមក ។ ភាគីកម្ពុជា មិនអាចថយពីទីតាំង​ដែលកងទ័ពកម្ពុជាបានឈរជើងជាយូរណាស់​មកហើយ និងដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា បានឡើយ។

ដរាបណាភាគីថៃ នៅប្រើផែនទីខុសគ្នា មាត្រដ្ឋានខុសគ្នា នោះយើង​នឹងមិនអាចរកចំណុចកណ្តាលក្នុងការ​ថែរក្សា​ស្ថិរភាពព្រំដែន​បានឡើយ។ ភាគីកម្ពុជា នៅតែប្រកាន់ស្មារតី នៃការគោរព​អនុស្សរណៈ នៃការយោគយល់គ្នា ឆ្នាំ២០០០ (MoU 2000) ដូចដែលមានកន្លងមក។ ហេតុនេះហើយបានជាភាគីកម្ពុជា សម្រេចចិត្ត រៀបចំសំណុំ រឿងបញ្ជូនវិវាទតំបន់ទាំង៤ (តំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី) ទៅតុលាការ យុត្តិធម៌អន្តរជាតិ(ICJ) នៅទីក្រុងឡាអេ ដើម្បីបញ្ចប់ជម្លោះ និងកំណត់ព្រំដែនជាក់លាក់។ កម្ពុជា មានបំណង ទទួលយកតែសន្តិភាព ស្ថិរភាព និងតម្កល់ប្រយោជន៍ប្រជាជន​យើងទាំង​សងខាងជាធំ ។ ក្នុងនោះភាគីថៃ ក៏បាន​បង្ហាញពីការ​គោរពសិទ្ធិកម្ពុជា ក្នុងការដាក់ចំណុចចទាំង៤ ទៅតុលាការ​យុត្តិធម៌អន្តរជាតិ(ICJ) ។ យើងក៏បាន​ឯកភាព​គ្នាក្នុងការបន្ត​យន្តការចរចាក្នុងកិច្ចប្រជុំ GBC/JBC/RBC ទៅលើចំនុចដទៃៗទៀតនាថ្ងៃខាងមុខ។

ឯកឧត្តម ទៀ សីហា បានបញ្ជាក់ថា “ភាគីថៃ ក៏បានបញ្ជាក់ និងច្រានចោលរាល់ព័ត៌មានអុចអាល និងរុញស្ថានការណ៍ ដែលបាននឹងធ្វើឲ្យប៉ះពាល់សន្តិអារម្មណ៍កងទ័ពយើងទាំងពីរ និងប្រជាជនយើងទាំងពីរ ដូចជាការលើកឡើងពីការបិទច្រក​ព្រំដែនអន្តរជាតិ, ការលុបកិច្ចប្រជុំJBC និងព័ត៌មានផ្សេងៗ​ទៀតក្រៅផ្លូវការ “៕
ដោយ៖ ង៉ាន ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner