អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាប្រកាសទាត់ចោលនូវការចោទប្រកាន់ផ្ទុយពីការពិតថា កងទ័ពព្រំដែនកម្ពុជាបានរំលោភបំពានទៅលើអធិបតេយ្យភាពរបស់ប្រទេសថៃ
ឆ្លើយតបនឹងសំណួររបស់អ្នកកាសែត ពាក់ព័ន្ធនឹងករណីបាតុកម្មនៅមុខស្ថានទូតព្រះរាជាណាចក្រកម្ពុជានៅទីក្រុងបាងកក នៅព្រឹកថ្ងៃទី ៦ មិថុនា ២០២៥ នេះ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានប្រកាសទាត់ចោលនូវការចោទប្រកាន់ផ្ទុយពីការពិតថា កងទ័ពព្រំដែនកម្ពុជា បានរំលោភបំពានទៅលើអធិបតេយ្យភាពរបស់ប្រទេសថៃ។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា ហេតុការណ៍ពិតប្រាកដ គឺនៅព្រលឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ ៥ និង ៣០នាទីព្រឹក មានករណីផ្ទុះអាវុធមួយបានកើតឡើងនៅពេលដែលកងកម្លាំងយោធាថៃបានបើកការបាញ់ប្រហារមកលើទីតាំងកងទ័ពកម្ពុជា ក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលជាតំបន់ត្រូវបានទទួលស្គាល់ថាជាប៉ុស្តិ៍យោធាកម្ពុជាជាយូរមកហើយ។ ការផ្ទុះអាវុធ នេះ បានបណ្តាលឱ្យទាហានខ្មែរម្នាក់បាត់បង់ជីវិត។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បន្តថាការវាយប្រហារនេះបានបំពានទៅលើអធិបតេយ្យភាពរបស់កម្ពុជា ហើយនិង MOU ដែលបានចុះហត្ថលេខារវាងរដ្ឋាភិបាលប្រទេសទាំងពីរក្នុងខែមិថុនាឆ្នាំ២០០០ ដែលមានគោលដៅថែរក្សាសន្តិភាព និងស្ថេរភាពនៅតាមបណ្តោយព្រំដែនប្រទេសទាំងពីរ ពិសេស តំបន់មានទំនាស់។
កម្ពុជាបានប្រកាន់ខ្ជាប់ជានិច្ចនូវការគោរពអធិបតេយ្យភាពរបស់ប្រទេសជិតខាង និងការប្តេជ្ញាចិត្តក្នុងការប្រែក្លាយព្រំដែនរួម ទៅជាតំបន់សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ កម្ពុជាមានការប្តេជ្ញាចិត្តដ៏មោះមុត ដោះស្រាយជម្លោះតាមច្បាប់អន្តរជាតិ និងដោយសន្តិវិធី៕
ដោយ៖ពលជ័យ