ខេត្តព្រះសីហនុ រៀបចំវេទិកាជំរុញការវិនិយោគ នៅខេត្តអានហួយ ប្រទេសចិន

(ភ្នំពេញ)៖ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ និង រដ្ឋបាល​ខេត្ត​ព្រះសីហនុ កាពីព្រឹកថ្ងៃទី ៦ ខែ មិថុនា ឆ្នាំ ២០២៥ នៅទីក្រុងហ័ងសាន ខេត្ត​អានហួយ ប្រទេសចិន បានសហការរៀបចំ «វេទិកាជំរុញការវិនិយោគ​ក្នុងខេត្ត​ព្រះសីហនុ» ដើម្បីផ្សព្វផ្សាយអំពីកម្មវិធីពិសេសជំរុញការ​វិនិយោគក្នុងខេត្ត​ព្រះសីហនុ និង ទាក់ទាញការចាប់អារម្មណ៍របស់វិនិយោគិនចិន មកវិនិយោគ​នៅខេត្តព្រះសីហនុ លើវិស័យ ឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ អចលនទ្រព្យ ការដឹកជញ្ជូន និង វិស័យមួយចំនួនទៀតដែលមានសក្តានុពល ។ ក្រោមការដឹកនាំ​របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ, ក្រុមការងារបន្ត​ផ្តល់អាទិភាពក្នុងការទាក់ទាញការវិនិយោគ ទាំងក្នុងស្រុក និង ក្រៅស្រុក រួមជាមួយ​នឹងការផ្តល់ការលើកទឹកចិត្តពិសេស, ការសម្រួលនីតិវិធី និង ការសម្របសម្រួល​ដោះស្រាយសំណូមពររបស់វិស័យឯកជន ។

វេទិកានេះ បានប្រព្រឹត្តិទៅក្រោមការដឹកនាំរបស់ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ, ឯកឧត្តម អ៊ឹម សុខធី ប្រធានលេខា​ធិការដ្ឋាន​ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ និង មានការចូលរួមពី ឯកឧត្តម ជា កុកហុង ប្រធានលេខាធិការដ្ឋានផែនការមេខេត្តជាប់ឆ្នេរសមុទ្រ, អគ្គកុងស៊ុល​កម្ពុជាប្រចាំទីក្រុងសៀងហៃ, សមាគមអភិវឌ្ឍន៍សហគ្រិនកម្ពុជា-អាស៊ាន, អ្នកឧក​ញ៉ា ឧកញ៉ា លោក លោកស្រី អគ្គនាយក នាយកក្រុមហ៊ុន អ្នកគ្រប់គ្រងរោងចក្រ សហគ្រាស នៃសាធារណៈរដ្ឋប្រជាមានិតចិន និង សមាជិក សមាជិកា ទាំង​អស់​សរុបប្រមាណ ២០០ នាក់ ។

ថ្លែងបើកក្នុងវេទិកាជំរុញការវិនិយោគនេះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្ត បានគូសបញ្ជាក់ថា ខេត្តព្រះ- សីហនុ បានបង្កើតសម្ព័ន្ធមេត្រីភាពខេត្ត-ក្រុងបងប្អូន​ជាមួយបណ្តាខេត្ត-ក្រុង នៃប្រទេសចិន ចំនួន ២០ រួមទាំងខេត្តអានហ៊ួយ ដែលទើប​តែបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ កន្ល​ង​មក​នេះ ។ ចំណង មិត្តភាពនេះ បានបង្ហាញឱ្យឃើញពីទំនាក់ទំនងមិត្តភាព ជា «មិត្ត​ដែកថែប និងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» របស់ប្រទេសទាំងពីរ ដែលជា​លទ្ធ​ផលនៃភាពស៊ីសង្វាក់គ្នារវាងយុទ្ធសាស្ត្រចតុកោណ និង យុទ្ធសាស្រ្ត​បញ្ចកោណ ដំណាក់កាលទី១ របស់រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់​សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា និង សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងគោល​នយោបាយ គំនិត​ផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» របស់ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង។

ឯកឧត្តម អ៊ឹម សុខធី ប្រធានលេខាធិការដ្ឋានក្រុមការងារជំរុញការវិនិយោគ​ក្នុង​ខេត្តព្រះសីហនុ បានគូសបញ្ជាក់ ថា វេទិកាជំរុញការវិនិយោគនាថ្ងៃនេះ ត្រូវបាន​រៀបចំឡើងស្ថិតនៅក្នុងក្របខណ្ឌនៃ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុង​ខេត្ត​ព្រះសីហនុ ឆ្នាំ២០២៤» ដែលត្រូវបានរាជរដ្ឋាភិបាលសម្រេចបន្តអនុវត្តរហូត​ដល់​ដំណាច់ឆ្នាំ ២០២៥ ។ កម្មវិធី ពិសេសនេះ ផ្ដល់នូវអត្ថប្រយោជន៍ពិសេស​ដល់​វិនិយោគិន តាមរយៈវិធានការ និង យន្តការដែលមានលក្ខណៈជាកញ្ចប់, ប្រទាក់​ប្រឡា, មុតស្រួច, និង សាមញ្ញ ដោយផ្ដល់ការលើកទឹកចិត្តផ្នែកពន្ធដារ ពន្ធគយ និង មែនមែនសារពើពន្ធ ដែលលើសពីច្បាប់ រួមទាំងការសម្របសម្រួល ដោះស្រាយ​សំណូមពរ និង សេវាថែទាំវិនិយោគដោយឥតគិតថ្លៃ ។ គម្រោងវិនិយោគ ដែលអាច​ស្នើសុំ​ដើម្បីទទួលបានការលើកទឹកចិត្តពិសេសរួមមាន គម្រោងវិនិយោគពាក់ព័ន្ធ​នឹង​អគារកំពុងជាប់គាំង, គម្រោងវិនិយោគថ្មី, គម្រោងវិនិយោគដែលមានស្រាប់ និង ការពង្រីកគម្រោង ដោយត្រូវស្នើសុំ និង អនុវត្តក្នុងឆ្នាំ ២០២៥ ។

វេទិកានេះ ក៏មានការធ្វើបទបង្ហាញបច្ចេកទេសអំពី កម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤ (បន្តរហូតដល់ដំណាច់ឆ្នាំ ២០២៥), ផែនការមេ​អភិវឌ្ឍខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ច ពិសេសគំរូពហុបំណង និង ការអភិវឌ្ឍ​សួនឧស្សាហកម្មក្នុងខេត្តព្រះសីហនុ ។ តាមរយៈបទបង្ហាញនេះ, វិនិយោគិន បាន​លើកជាសំណួរបច្ចេកទេសផ្សេងៗពាក់ព័ន្ធនឹងការលើកទឹកចិត្ត ការអភិវឌ្ឍ​ហេដ្ឋា​រចនាសម្ព័ន្ធ និង ការសម្រប- សម្រួល នានា ព្រមទាំងបានបង្ហាញនូវចំណាប់​អារម្មណ៍ខ្ពស់ និង មានបំណងមកបណ្ដាក់ទុនវិនិយោគក្នុងខេត្តព្រះសីហនុ តាមរយៈកម្មវិធីពិសេសនេះ ។

ព័ត៌មានលម្អិតសូមទំនាក់ទំនងមក លេខាធិការដ្ឋានក្រុមការងារជំរុញ ការវិនិយោគ ក្នុងខេត្តព្រះសីហនុ នៅទីតាំងដែលមានអាសយដ្ឋាន ផ្លូវជាតិលេខ ៤ ភូមិ៣ សង្កាត់ លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលមានលេខទំនាក់ទំនង (WeChat) ៖ +៨៥៥ ១២ ៩០២ ២០០/+៨៥៥ ៧៧ ៧៥១ ៥១០/+៨៥៥ ១៦ ៣២១ ០១០ និង +៨៥៥ ៨៦ ៨៦១ ៦៩៨ ឬ នៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ជាន់ទី ២១ សង្កាត់/ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលមានលេខទំនាក់ទំនង ៖ +៨៥៥ ៩៣ ៨៥៨ ៥៤៣ ៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner