រញ្ជួយដី៦.៤រ៉ិចទ័រវាយប្រហារប្រទេសស៊ីលី
បរទេស៖ អាជ្ញាធរក្នុងតំបន់ បាននិយាយថា គ្រោះរញ្ជួយដី កម្រិត ៦.៤រ៉ិចទ័រ បានវាយប្រហារភាគខាងជើងប្រទេសស៊ីលី កាលពីថ្ងៃសុក្រ ដោយបណ្តាលឱ្យដាច់ចរន្តអគ្គិសនី នៅក្នុងតំបន់ជាច្រើន ប៉ុន្តែ មិនមានរបាយការណ៍ភ្លាមៗ អំពីអ្នកស្លាប់ និងរបួសនោះទេ។
យោងតាមមជ្ឈមណ្ឌលជាតិ រញ្ជួយដី នៃសាកលវិទ្យាល័យស៊ីលី បានឲ្យដឹងថា ការរញ្ជួយដី ដែលបានកើតឡើងនៅពេលរសៀល បានវាយប្រហារ នៅជម្រៅ ៦៥ គីឡូម៉ែត្រ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ពីការដាច់ចរន្តអគ្គិសនី នៅតំបន់ដែលរងផលប៉ះពាល់ ហើយមន្ត្រីបាននិយាយថា ការវាយតម្លៃ លម្អិតបន្ថែមទៀត នឹងត្រូវចេញផ្សាយ នៅពេលក្រោយ។
យ៉ាងណាក៏ដោយ មន្ត្រីជំនាញ បានច្រានចោលហានិភ័យ នៃរលកយក្សស៊ូណាមិ។ ដោយស្ថិតនៅលើខ្សែសង្វៀន ភ្លើងប៉ាស៊ីហ្វិក ប្រទេស ស៊ីលី ដែលស្ថិតនៅតំបន់អាមេរិកខាងត្បូងមួយនេះ គឺជាប្រទេសមួយ ក្នុងចំណោមប្រទេស ដែលមានសកម្មភាពរញ្ជួយដី ខ្លាំងបំផុត ក្នុងពិភពលោក៕
ប្រភព៖ ស៊ីនហួរ, ប្រែសម្រួល៖ សារ៉ាត



