សម្តេចតេជោ ហ៊ុន សែន អំនាវនាវជនរួមជាតិរក្សានូវភាពថ្លៃថ្នូរ ភាពចាស់ទុំ ទន់ភ្លន់ សុភាពរាបសារតែហ្មឺងម៉ាត់មិនទុកឱ្យបរទេសប្រមាថ
ភ្នំពេញ៖ជាថ្មីម្តងទៀតសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អំនាវនាវបងប្អូនជនរួមជាតិរក្សានូវភាពថ្លៃថ្នូរ ភាពចាស់ទុំ ទន់ភ្លន់ សុភាពរាបសារតែហ្មឺងម៉ាត់មិនទុកឱ្យបរទេសប្រមាថ។ សូមកុំពង្រីកទំនាស់ឱ្យរីករាលដាលដល់វិស័យផ្សេងរហូតដល់ការស្អប់ខ្ពើមជាតិសាសន៍”។
លើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការនៅរាត្រីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា “មុននេះខ្ញុំឃើញលោក ដួង ឆាយ បង្ហោះសារដែលខ្លឹមសារសំខាន់គឺបបួលគ្នាឈប់ប្រើផលិតផលថៃ។ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងខ្លួនខ្ញុំបានអំពាវនាវម្តងហើយម្តងទៀត សូមកុំពង្រីកទំនាស់ឱ្យរីករាលដាលដល់វិស័យផ្សេងរហូតដល់ការស្អប់ខ្ពើមជាតិសាសន៍”។
សម្តេចតេជោ ហ៊ុន សែន បានពណ៌នាថា ថ្ងៃនេះកងទ័ពថៃបានបិទច្រកប៉ោយប៉ែតជាឯកតោភាគីមុនម៉ោងកំណត់ គឺទុកឱ្យភាគីថៃទទួលខុសត្រូវ។ សម្រាប់ជនរួមជាតិកម្ពុជាត្រូវមានភាពចាស់ទុំថ្លៃថ្នូរ និងសូមកុំបង្កហេតុ។ខ្ញុំគ្រាន់តែចង់រំលឹកដល់ប្រជាជនកម្ពុជាក៏ដូចជាប្រជាជនថៃឱ្យបានជ្រាបថា ប្រសិនបើគ្មានទំនិញថៃលើទីផ្សារកម្ពុជាមិនមែនមកពីកម្ពុជាពហិការ មិនប្រើទំនិញថៃនោះទេ តែជាលទ្ធផលនៃការបិទច្រកព្រំដែន ព្រោះបើបិទមនុស្សច្បាស់ជាបិទទាំងទំនិញ។តាមតួលេខពាណិជ្ជកម្មឆ្នាំ២០២៤ កម្ពុជានាំទៅថៃជាង១.១ពាន់លានដុល្លារ ឯថៃនាំចូលមកកម្ពុជាជាង៥.២ពាន់លានដុល្លារគឺថៃនាំចូលមកកម្ពុជាច្រើនជាង៤.១ ពាន់ដុល្លារ។ សម្រាប់៥ខែដើមឆ្នាំនេះកម្ពុជានាំចេញទៅថៃជាង២០០លានដុល្លារ ឯថៃនាំចូលកម្ពុជាជាង១.៥ពាន់លានដុល្លារ”។
សម្តេចតេជោ ហ៊ុន សែន រុញទៅពាណិជ្ជករថៃថា ” ក្នុងករណីទំនិញនាំចូលកម្ពុជាមិនបាន សូមប្រជាជនថៃដោះស្រាយជាមួយរដ្ឋាភិបាលរបស់ខ្លួនដោយខ្លួនឯង ព្រោះអ្នកដែលខាតគឺប្រជាជនថៃនោះឯង។សម្រាប់ប្រជាជនកម្ពុជាពេលអត់ទំនិញថៃប្រើប្រាស់ សូមកុំបន្ទោសរាជរដ្ឋាភិបាលកម្ពុជា ព្រោះអត់ទំនិញដោយសារតែថៃបិទច្រកព្រំដែន។ ខ្ញុំសូមអំនាវនាវបងប្អូនជនរួមជាតិរក្សានូវភាពថ្លៃថ្នូរ ភាពចាស់ទុំ ទន់ភ្លន់ សុភាពរាបសារតែហ្មឺងម៉ាត់មិនទុកឱ្យបរទេសប្រមាថ៕
ដោយ៖វណ្ណលុក
