ឯកឧត្តម សាយ សំអាល់ អញ្ជើញផ្សព្វផ្សាយ លើវេទិការ ស្តីពី “ការគ្រប់គ្រងដីធ្លី និងការបង្កើតបរិយាកាសគ្មានវិវាទដីធ្លីនៅកម្ពុជា”
ភ្នំពេញ៖ វេទិកាផ្សព្វផ្សាយ ស្តីពី “ការគ្រប់គ្រងដីធ្លី និងការបង្កើតបរិយាកាសគ្មានវិវាទនៅកម្ពុជា” បានរៀបចំឡើងនៅ វិមាន៧មករា ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ក្រោមធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ និងការចូលរួមពី ថ្នាក់ដឹកនាំយុវជនបក្ស សមាជិក សមាជិកា យុវជនបក្សប្រមាណជាង ៣ ៥០០នាក់។
ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានយុវជនគណបក្សថ្នាក់កណ្ដាល និងជាប្រធានគណៈប្រចាំការ នៃគណៈអចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់កណ្ដាល មានប្រសាសន៍ថា វេទិកានេះ មានសារៈសំខាន់ដើម្បីពង្រឹងចំណេះដឹងដល់យុវជនអំពីបញ្ហាដីធ្លី សិទ្ធិពលរដ្ឋ និងការចូលរួមក្នុងការរក្សាសន្តិភាព ស្ថិរភាព និងអភិវឌ្ឍប្រកបដោយចីរភាព។ ពិសេសជំរុញឲ្យយុវជន គណបក្សប្រជាជនកម្ពុជាទូទាំងប្រទេសចូលរួមយ៉ាងសកម្មជាដៃគូស្ថាប័នរដ្ឋ ដោយបន្តការគាំទ្រលើគោនយោបាយរាជរដ្ឋាភិបាល និងខិតខំថែររក្សាស្នាដៃ សមិទ្ធផលជាច្រើនជាមរតក៌មហាសាលរបស់ថ្នាក់ដឹកនាំជំនាន់មុន និងបង្កើតសមិទ្ធផលថ្មីៗសម្រាប់ប្រជាពលរដ្ឋទាំងអស់គ្នា ពោលគឺផ្តោតលើការដោះស្រាយបញ្ហា, កាត់បន្ថយ និងលុបបំបាត់វិវាទដីធ្លី លំនៅដ្ឋាននៅកម្ពុជា និងផ្តល់ដីលំនៅដ្ឋាន ដីកសិកម្ម ជូនប្រជាពលរដ្ឋដែលមិនទាន់មាន ដើម្បីជាក្តីសង្ឃឹមនិងអនាគតរឹងមាំ រីកចំរើនរបស់ប្រជាពលរដ្ឋ។
ឯកឧត្តម សាយ សំអាល់ បានពន្យល់ដោយសង្កត់ធ្ងន់លើ ចក្ខុវិស័យដឹកនាំកម្ពុជារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដោយយើងគ្រប់គ្នាមានមករតកពីសម្តេចតេជោ ហ៊ុន សែន គឺសន្តិភាព ធ្វើយ៉ាងណារួមគ្នាប្រែក្លាយកម្ពុជា ជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ ២០៥០។ ឯកឧត្តម បានប្តេជ្ញាថានឹងបង្កើតនូវ បរិយាកាសគ្មានវិវាទ ដែលស្ថិតនៅលើគោលនយោបាយថ្នាក់ជាតិ និងគោលនយោបាយអភិវឌ្ឍជាប្រព័ន្ធ ពិសេសគឺយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១។ ដើម្បីសម្រេចគោលដៅនេះ ឯកឧត្តមបណ្ឌិត ឧបនាយករដ្ឋមន្ត្រីបានលើកឡើងពីលក្ខខណ្ឌដើម្បីកសាងជំនឿ និងទំនុកចិត្តក្នុងការដឹកនាំ៖
• ធានានិរន្តរភាពនិងដំណើរការរបស់ស្ថាប័ន
• រក្សាស្មារតី និងសតិអារម្មណ៍ជាតិ
• រក្សាសាមគ្គីភាព និងឯកភាព
• ការគាំទ្រពីមន្ត្រីគ្រប់លំដាប់ថ្នាក់
ឯកឧត្តមបានបង្ហាញនូវគោលនយោបាយ ៦ ចំណុចសំខាន់ដើម្បីបង្កើតបរិយាកាសគ្មានវិវាទ៖
1. ការចុះបញ្ជីដីធ្លី ដែលបានសម្រេច ១៣លានក្បាលដី ជាង ៩៨% នៃគម្រោងសរុប
2. គោលនយោបាយសម្បទាន ដើម្បីសង្គម និងសេដ្ឋកិច្ច
3. ការផ្ដល់សេវាគាប់ចិត្តដល់ប្រជាពលរដ្ឋ
4. ការថែរក្សាដីធ្លីនៅតំបន់បឹងទន្លេសាប
5. ការគ្រប់គ្រងតំបន់បេតិកភ័ណ្ឌអង្គរ
6. ការដោះស្រាយវិវាទបុរី
(អាចខ្វូតដាក់ប្រសាសន៍ ឯកឧត្តម សាយ សំអាល់)
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានបង្ហាញពី “ការរៀបចំក្រុងឱ្យបានត្រឹមត្រូវ គឺផ្អែកលើកត្តា៖ ធម្មជាតិ ភូមិសាស្ត្រ តំបន់ព្រៃ តំបន់បេតិកភ័ណ្ឌ ភាពស៊ីវិល័យ បរិស្ថាន និងសុខភាពរបស់ប្រជាពលរដ្ឋ” ហើយការកសាងផ្ទះត្រូវគិតគូរផ្អែកលើប្រពៃណី សិល្បៈ ទំនៀមទំលាប់ជាតិនិងបានអំពាវនាវឱ្យជំរុញការលើកទឹកចិត្តក្នុងការរចនាសំណង់អាគារសម័យថ្មី ដែលសមរម្យសមស្របជាមួយសង្គមបច្ចុប្បន្ន។
សំណួរដែលជាចំងល់ពីយុវជនចូលរួមត្រូវបានបកស្រាយដោយផ្ទាល់ពី ឯកឧត្តម សាយ សំអាល់ ហើយឯកឧត្តម លើកទឹកចិត្តយុវជនពាក់ព័ន្ធខិតខំធ្វើយ៉ាងណាអោយស្រុកទេសយើងគ្មានវិវាទដីធ្លី ប្រជាជនមានសុខភាពល្អដោយបរិស្ថានសំណង់ស្អាតរៀបរយ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលឯកឧត្តម ចាត់ទុកថា ជាថ្នាក់ដឹកនាំ សហសម័យ៕









