បេក្ខជនប្រធានាធិបតីកូឡុំប៊ីត្រូវបានគេបាញ់

បរទេស ៖ បេក្ខជនត្រៀមឈរឈ្មោះបោះឆ្នោតប្រធានាធិបតី នៅប្រទេស កូឡុំប៊ី ត្រូវបានបាញ់ឲ្យរងរបួស ក្នុងអំឡុងពេលព្រឹត្តិការណ៍មួយ នៅក្នុងរដ្ឋធានី Bogota កាលពីថ្ងៃសៅរ៍។ ប្រទេសដែលស្ថិតនៅតំបន់អាមេរិកខាងត្បូង មួយនេះ គ្រោងនឹងរៀបចំការបោះឆ្នោត ប្រធានាធិបតី នៅឆ្នាំ២០២៦។

រដ្ឋាភិបាលបានឲ្យដឹងថា សមាជិកព្រឹទ្ធសភា ស្តាំនិយម លោក Miguel Uribe អាយុ ៣៩ឆ្នាំ ត្រូវបានបាញ់ ក្នុងពេលកំពុងថ្លែងសុន្ទរកថា នៅចំពោះមុខមនុស្ស ជាច្រើន។ សាក្សីបានឃើញ លោកហាក់ដូចជា បានដួល ហើយ ប្រឡាក់ដោយឈាម។ អភិបាលក្រុង Bogota បានប្រាប់ថា លោក Miguel Uribe កំពុងសង្គ្រោះបន្ទាន់ ហើយ អ្នកបាញ់ ត្រូវបានចាប់ខ្លួន។ រដ្ឋមន្ត្រីការពារជាតិ ប្រកាសផ្តល់រង្វាន់ ៧០ម៉ឺនដុល្លារ សម្រាប់ព័ត៌មានដែលនាំទៅដល់ការចាប់ខ្លួន អ្នកដែលនៅពីក្រោយការវាយប្រហារនេះ ពិតប្រាកដ។

លោកប្រធានាធិបតី Gustavo Petro បានចេញសេចក្តីថ្លែងការណ៍ ថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការវាយប្រហារលើរូប លោក Miguel Uribe។ លោកថា «អំពើហឹង្សានេះ គឺជាការវាយប្រហារ មិនត្រឹមតែប្រឆាំងនឹងបុគ្គល ប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងប្រឆាំងនឹងលទ្ធិប្រជាធិបតេយ្យ សេរីភាពនៃការគិត និងការអនុវត្តនយោបាយស្របច្បាប់ នៅក្នុងប្រទេសកូឡុំប៊ី»។

លោក Uribe ដែលជាអ្នករិះគន់ខ្លាំងលើប្រធានាធិបតី Petro គឺជាសមាជិកនៃគណបក្ស Democratic Center ដែលដឹកនាំ ដោយអតីតប្រធានាធិបតី ដ៏មានឥទ្ធិពល ឈ្មោះ Alvaro Uribe ហើយធ្លាប់បានគ្រប់គ្រងប្រទេសកូឡុំប៊ី ពីឆ្នាំ ២០០២ ដល់ឆ្នាំ ២០១០៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner