សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភថវិកាជាលើកទី៨ ដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប

(ភ្នំពេញ)៖ ដោយមើលឃើញពីគុណតម្លៃរបស់មន្ទីរពេទ្យ និងដើម្បីចែករំលែកក្តីស្រឡាញ់ដល់កុមារ និងអបអរសាទរទិវាកុមារអន្តរជាតិ និងក្នុងឱកាសនៃការប្រារព្ធកម្មវិធីបុណ្យផ្កាប្រាក់មហាសាមគ្គី ប្រចាំឆ្នាំ២០២៥ ដើម្បីរកមូលនិធិជួយដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាបផងនោះ នាថ្ងៃសៅរ៍ ទី៧ ខែមិថុនា ឆ្នាំ២០២៥ កាកបាទក្រហមកម្ពុជា បានបន្តឧបត្ថម្ភជាលើកទី៨ នូវថវិកាចំនួន ៥០.០០០ដុល្លារ (ប្រាំម៉ឺនដុល្លារអាម៉េរិក) រួមជាមួយគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់មួយចំនួនទៀត ដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប។ ទន្ទឹមនឹងនេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ក៏បានចូលរួមឧបត្ថម្ភថវិកាចំនួន ៥លានរៀលផងដែរ។

លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ងួន ច័ន្ទភក្រ្តា នាយកនៃមន្ទីរពេទ្យកុមារអង្គរ បានឱ្យដឹងថា មន្ទីរពេទ្យកុមារអង្គរ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៩ ក្រោមកិច្ចសហការណ៍យ៉ាងជិតស្និទ្ធិជាមួយក្រសួងសុខាភិបាលកម្ពុជា ដើម្បីផ្តល់សេវាពិនិត្យព្យាបាល និងថែទាំសុខភាពកុមារក្រីក្រកម្ពុជាប្រកបដោយគុណភាពខ្ពស់ និងឥតគិតថ្លៃ ។

លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានសម្តែងនូវក្តីសោមនស្សរីករាយដោយបានអញ្ជើញមកដល់មន្ទីរពេទ្យកុមារអង្គរជាថ្មីម្តងទៀត ដើម្បីនាំយកនូវអំណោយរបស់កាកបាទក្រហមកម្ពុជា មកប្រគល់ជូននាពេលនេះ។

សូមបញ្ជាក់ថា អំណោយដែលកាកបាទក្រហមកម្ពុជា បានផ្តល់ជូនមន្ទីរពេទ្យកុមារអង្គរ រួមមាន ៖ ថវិកា ៥ម៉ឺនដុល្លារ, អង្ករ ២តោន, អង្ករសុខភាព ២០កេស, មី ២០កេស, ត្រីខ ៤០០កំប៉ុង, ឃីត (មុង ភួយ សារុង ក្រមា) ចំនួន ២០ឃីត។ ដោយឡែក សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ក៏បានឧបត្ថម្ភថវិកាចំនួន ៥លានរៀល ផងដែរ។ ដោយឡែក ឧបត្ថម្ភជូនគ្រួសារកុមារកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យចំនួន ២០០នាក់ ក្នុងម្នាក់ៗទទួលបាន ឃីត ១កញ្ចប់, ត្រីខ ១យួរ, ទឹកដោះគោប្រអប់ ៦ប្រអប់, ស្ករសរ ១គីឡូក្រាម និងថវិកា ៥ម៉ឺនរៀល ។

គួរំលឹកផងដែរថា ៖ មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប គឺជាមន្ទីរពេទ្យមួយដែលផ្តល់សេវាថែទាំសុខភាពកុមារឈានមុខមួយប្រកបដោយគុណភាពខ្ពស់ ក្តីមេត្តាករុណា និងមិនគិតកម្រៃ ដែលក្នុងមួយថ្ងៃៗ បានជួយសង្គ្រោះ-ព្យាបាល និងថែទាំកុមារ-ទារក ប្រមាណ ៣៥០~៤០០នាក់។ ជាក់ស្តែងក្នុងឆ្នាំ២០២៤កន្លងទៅ មន្ទីរពេទ្យនេះ បានផ្តល់សេវាដល់កុមារជាង ១២ម៉ឺននាក់ ដែលចំណាយថវិកាប្រមាណជាង ៦លានដុល្លារអាម៉េរិក។ លក្ខណៈពិសេសមួយទៀតរបស់មន្ទីរពេទ្យ កុមារអង្គរ គឺឧបត្ថម្ភកញ្ចប់អាហារជារៀងរាល់ថ្ងៃដល់គ្រួសារអ្នកជំងឺដែលខ្វះលទ្ធភាព សម្រាប់យកទៅចំអិនដោយខ្លួនឯង ដែលក្នុងនោះមានដូចជា អង្ករ បន្លែ ត្រី សាច់ និងប្រេងជាដើម ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner