លោក បណ្ឌិត យ៉ងពៅ ៖ ការប្តូរម៉ោង និងបិទច្រកព្រំដែនរបស់ថៃជាឥរិយាបទបំពានច្បាប់អន្តរជាតិ និងជាប្រទេសគេមិនគួរទុកចិត្ត

(ភ្នំពេញ)៖ លោក បណ្ឌិត យ៉ងពៅ អ្នកជំនាញភូមិសាស្រ្តនយោបាយបានលើកឡើងថាតាមរយៈការប្តូរម៉ោង និងបិទច្រកព្រំដែន ជាមួយកម្ពុជាឯកតោភាគី ជាឥរិយាបថ «ប្រមាថច្បាប់អន្តរជាតិ»។

ជាមួយការលើកឡើងបែបនេះលោក បណ្ឌិត យ៉ងពៅ នៅព្រឹកថ្ងៃទី០៨ ខែ មិថុនា ឆ្នាំ ២០២៥នេះក៏បានបង្ហាញពីយុទ្ធសាស្រ្តថៃប្រើសម្រាប់ប្រឆាំងជាមួយកម្ពុជាចំនួន៣ដូចជា ទី១៖ ដាក់សម្ពាធនយោបាយមកលើប្រទេសកម្ពុជា ដែលថៃទាមទារឱ្យដកកងទ័ពពីតំបន់មុំបី តែកម្ពុជាមិនអាចធ្វើបានតាមការស្នើសុំរបស់ថៃ។ ទី២ ៖ ថៃចង់ដាក់សម្ពាធមកលើកម្ពុជា ដើម្បីយកទម្ងន់ចរចានៅថ្ងៃប្រជុំ នៅថ្ងៃទី ១៤ មិថុនា ឆ្នាំ ២០២៥ខាងមុខ ។ ទី ៣ គឺថៃចង់ដាក់សម្ពាធមកលើកម្ពុជា ផ្នែកសេដ្ឋកិច្ច សង្គម ដើម្បីបង្ហាញចេតនាចង់ចរចាទ្វេភាគី ដោយថៃមិនចង់នាំយកបញ្ហានេះ ទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ។

អ្នកជំនាញភូមិសាស្រ្តនយោបាយរូបនេះបានឱ្យដឹងបន្ថែមថា”ខ្ញុំគូសបញ្ជាក់ថានេះ ជាឥរិយាបថរបស់ថៃនេះ គឺជាការបំពានកិច្ចព្រមព្រៀងជាមួយកម្ពុជា នៅឆ្នាំ២០០០ បំពានច្បាប់អន្តរជាតិ និង ជាប្រទេសមិនគួរឱ្យទុកចិត្តបាននូវទំនាក់ទំនងជាអន្តរជាតិ។កម្ពុជាយើង ប្រកាន់ខ្ជាប់ច្បាប់អន្តរជាតិ និងរក្សាភាពនឹងនរ”។

គួរបញ្ជាក់ថា សម្តេចតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានបញ្ជាក់ កាលពីរាត្រីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ ដែរថា”មុននេះខ្ញុំឃើញលោក ដួង ឆាយ បង្ហោះសារដែលខ្លឹមសារសំខាន់គឺបបួលគ្នាឈប់ប្រើផលិតផលថៃ។ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងខ្លួនខ្ញុំបានអំពាវនាវម្តងហើយម្តងទៀត សូមកុំពង្រីកទំនាស់ឲ្យរីករាលដាលដល់វិស័យផ្សេងរហូតដល់ការស្អប់ខ្ពើមជាតិសាសន៍”។

សម្តេចបានមានប្រសាសន៍ថា”ថ្ងៃនេះកងទ័ពថៃបានបិទច្រកប៉ោយប៉ែតជាឯកតោភាគីមុនម៉ោងកំណត់ គឺទុកឲ្យភាគីថៃទទួលខុសត្រូវ។ សម្រាប់ជនរួមជាតិកម្ពុជាត្រូវមានភាពចាស់ទុំថ្លៃថ្នូរ និងសូមកុំបង្កហេតុ។

ខ្ញុំគ្រាន់តែចង់រំលឹកដល់ប្រជាជនកម្ពុជាក៏ដូចជាប្រជាជនថៃឲ្យបានជ្រាបថា ប្រសិនបើគ្មានទំនិញថៃលើទីផ្សារកម្ពុជាមិនមែនមកពីកម្ពុជាពហិការ មិនប្រើទំនិញថៃនោះទេ តែជាលទ្ធផលនៃការបិទច្រកព្រំដែន ព្រោះបើបិទមនុស្សច្បាស់ជាបិទទាំងទំនិញ”។

តាមតួលេខពាណិជ្ជកម្មឆ្នាំ២០២៤ កម្ពុជានាំទៅថៃជាង១,១ពាន់លានដុល្លារ ឯថៃនាំចូលមកកម្ពុជាជាង៥,២ពាន់លានដុល្លារគឺថៃនាំចូលមកកម្ពុជាច្រើនជាង ៤,១ពាន់ដុល្លារ។ សម្រាប់៥ខែដើមឆ្នាំនេះកម្ពុជានាំចេញទៅថៃជាង២០០លានដុល្លារ ឯថៃនាំចូលកម្ពុជាជាង ១,៥ពាន់លានដុល្លារ។

ក្នុងករណីទំនិញនាំចូលកម្ពុជាមិនបាន សូមប្រជាជនថៃដោះស្រាយជាមួយរដ្ឋាភិបាលរបស់ខ្លួនដោយខ្លួនឯង ព្រោះអ្នកដែលខាតគឺប្រជាជនថៃនោះឯង។

សម្តេចមានប្រសាសន៍ថា”សម្រាប់ប្រជាជនកម្ពុជាពេលអត់ទំនិញថៃប្រើប្រាស់ សូមកុំបន្ទោសរាជរដ្ឋាភិបាលកម្ពុជា ព្រោះអត់ទំនិញដោយសារតែថៃបិទច្រកព្រំដែន។ ខ្ញុំសូមអំនាវនាវបងប្អូនជនរួមជាតិរក្សានូវភាពថ្លៃថ្នូរ ភាពចាស់ទុំ ទន់ភ្លន់ សុភាពរាបសារតែហ្មឺងម៉ាត់មិនទុកឲ្យបរទេសប្រមាថ”៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner