ផ្ទុះ​នៅមូលដ្ឋានទ័ពអាមេរិក ក្នុងប្រទេសជប៉ុន

បរទេស៖ នាព្រឹកថ្ងៃចន្ទ ទី៩ ខែមិថុនានេះ មានហេតុការណ៍ផ្ទុះ នៅឯរោងចក្ររក្សាទុកគ្រាប់មិនទាន់ផ្ទុះ ស្ថិតក្នុងមូលដ្ឋានទ័ពអាកាសអាមេរិក Kadena នៅលើកោះ Okinawa នៃប្រទេសជប៉ុន បណ្តាលឲ្យមនុស្ស៤នាក់ រងរបួស នេះបើតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន CNA។

លោក Akira Kamiunten មន្ត្រីពន្លត់អគ្គីភ័យ បាននិយាយថា អ្នកដែលរងរបួស ទាំងនោះ គឺជាសមាជិកនៃកងកម្លាំងស្វ័យការពារ របស់ប្រទេសជប៉ុន ហៅកាត់ SDF ប៉ុន្តែ មិនមានរបួសធ្ងន់ធ្ងរនោះទេ ហើយ ត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យ ភ្លាមៗ។ រីឯ មូលហេតុនៃការផ្ទុះនេះ កំពុងត្រូវបានស៊ើបអង្កេត បន្ថែម ដោយព្យាយាមស្វែងរកប្រភេទគ្រាប់បែកសង្ស័យដែលបានផ្ទុះ នាពេលនោះ។

ជាមួយគ្នានេះ ទីភ្នាក់ងារព័ត៌មានអង់គ្លេស Independent បានចុះផ្សាយ បន្ថែមថា គ្រាប់បែកសង្រ្គាម មិនទាន់ផ្ទុះ រាប់រយតោន ដែលភាគច្រើន ត្រូវបានទម្លាក់ ដោយយោធាអាមេរិក នៅតែកប់ តាមតំបន់ជុំវិញប្រទេសជប៉ុន ហើយពេលខ្លះ ត្រូវបានគេឃើញមាន នៅកន្លែងធ្វើសំណង់ និងទីកន្លែងផ្សេងៗទៀត។

កាលពីខែតុលា គ្រាប់បែកអាមេរិក សល់ពីសម័យសង្គ្រាម បានផ្ទុះ នៅអាកាសយានដ្ឋានពាណិជ្ជកម្ម មួយកន្លែង នៅភាគខាងត្បូង ប្រទេសជប៉ុន ដែលបណ្តាលឱ្យមាន រណ្ដៅដ៏ធំ និងផ្អាកជើងហោះហើរ រាប់សិបជើង។

គួររម្លឹកថា ក្នុងអំឡុងសង្គ្រាមលោក លើកទី២ ប្រទេសជប៉ុនធ្លាប់បានប្រើកោះ Okinawa ជាទ្រនាប់ ដើម្បីបន្ថយកម្លាំង របស់សហរដ្ឋអាមេរិក។ ជាងមួយភាគបួន នៃប្រជាជនស៊ីវិល នៅលើកោះបានស្លាប់ នៅក្នុងសមរភូមិ Okinawa ឆ្នាំ១៩៤៥។ ប៉ុន្តែ ការកាន់កាប់ របស់សហរដ្ឋអាមេរិក បានបញ្ចប់ទៅវិញ ក្នុងឆ្នាំ១៩៧២ ក្រោម សន្ធិសញ្ញា រួមគ្នា។

ប៉ុន្តែ សព្វថ្ងៃនេះ ៧០ភាគរយ នៃកោះ Okinawa ភាគខាងត្បូងប្រទេសជប៉ុន ត្រូវបានប្រើប្រាស់ សម្រាប់ធ្វើជាមូលដ្ឋានទ័ពអាមេរិក ដោយមានវត្តមានទាហានអាមេរិក ៥ម៉ឺននាក់ ដែលស្មើនឹងជាងពាក់កណ្តាល នៃចំនួនទ័ពអាមេរិកសរុប នៅក្នុងប្រទេសជប៉ុន៕

ប្រភពពី CNA ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner