អ្នកសារព័ត៌មាន អ្នកបង្កើតមាតិកា ត្រូវរួមគ្នាផ្សព្វផ្សាយព័ត៌មានពិត មានប្រភពច្បាស់ការជុំវិញស្ថានភាពព្រំដែនរវាងកម្ពុជា-ថៃ
(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានរម្លឹកដល់អ្នកសារព័ត៌មានអាជីព អ្នកបង្កើតមាតិកា អ្នកមានឥទ្ធិពលលើបណ្តាញសង្គម (influencers) និងអ្នកលេងបញ្តាញសង្គមទាំងអស់ ត្រូវរួមគ្នាផ្សព្វផ្សាយព័ត៌មានពិត មានប្រភពច្បាស់ការពីរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងសូមប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះការចែកចាយ និងផ្សព្វផ្សាយព័ត៌មាននានាជុំវិញស្ថានភាពព្រំដែនរវាងកម្ពុជា និងថៃ។

ការក្រើនរម្លឹកបែបនេះរបស់ឯកឧត្តម នេត្រ ភក្ត្រា បានធ្វើឡើងនៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥នេះ ក្នុងឱកាសដែលឯកឧត្តមបានជួបពិភាក្សាជាមួយអ្នកបង្កើតមាតិកា នៅសាលប្រជុំព្រះវិហារ នៃទីស្តីការក្រសួងព័ត៌មាន។

ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់ថា ក្នុងនាមជាអ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកា ត្រូវចូលរួមផ្សព្វផ្សាយលើកតម្កើងពីតម្លៃនៃសន្តិភាព ដែលកំពុងមានក្នុងពេលច្ចុប្បន្ននេះដែលបានឱកាសគ្រប់បែបយ៉ាងដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ។

ភ្ជាប់ជាមួយគ្នានេះដែរ ឯកឧត្តម នេត្រ ភក្ត្រា បានបន្តថា ការផ្សព្វផ្សាយព័ត៌មាន មិនមានប្រភពច្បាស់លាស់ ឬក៏យកប្រភពព័ត៌មានពីប្រទសេសជិតខាងដែលកំពុងតែមានបញ្ហាជាមួយកម្ពុជាច្បាស់ណាស់នឹងធ្វើប្រជាពលរដ្ឋមានការយល់ច្រឡំ ពីស្ថានភាពជាក់ស្តែងជុំវិញបញ្ហាព្រំដែន។ ដូច្នេះ សូមបងប្អូនដែលមានឥទ្ធិពលលើបណ្តាញសង្គម (influencers) ត្រូវប្រកាន់នូវគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជា គឺគោលការណ៍សន្តិសហវិជ្ជមាន មានន័យថាការរស់នៅដោយសុខដុមនីយកម្មជាមួយគ្នា ខណៈសន្តិភាព ជាចំណុចសំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានអំពាវនាវដល់អ្នកសារព័ត៌មាន និងអ្នកលេងបណ្តាញសង្គម សូមកុំចែកចាយ ឬផ្សាយព័ត៌មានលឿនជ្រុលនៅពេលស្រង់ប្រភពពីក្រៅប្រទេស ព្រោះវាអាចជាព័ត៌មានមិនផ្លូវការ គ្មានការផ្ទៀងផ្ទាត់ ឬជាព័ត៌មានក្លែងក្លាយ ព្រមទាំងស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់សូមចូលរួមទប់ស្កាត់ឱ្យបានរាល់ការផ្សាយ ឬចែកចាយព័ត៌មានបែបបំភ្លៃ បំផ្លើស ការក្លែងបន្លំព័ត៌មានដោយចរិតញុះញង់ ឬមានបង្កប់របៀបវារៈទុច្ចរិតក្នុងការបង្កអសន្តិសុខ ឬធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងជាមួយប្រទេសដទៃ។ កុំចែកចាយ ឬផ្សាយព័ត៌មាន ឬបង្កសកម្មភាពដែលនាំឱ្យមានការរើសអើងលើជាតិសាសាសន៍។
ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងថា អ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកា ត្រូវចូលរួមផ្សព្វផ្សាយដើម្បីជួយលើកស្ទួយឧត្តមប្រយោជន៍ជាតិ ត្រូវផ្តល់អាទិភាពដល់ព័ត៌មានដែលផ្តល់សារៈប្រយោជន៍ដល់សង្គមជាតិ និងចៀសវាងការផ្សាយ ដែលបង្កផលប៉ះពាល់ដល់សន្តិភាព សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ សុខដុមនីយកម្មសង្គម សាសនា ជាតិសាសន៍។ រួមគ្នាបង្ការ ទប់ស្កាត់ ប្រឆាំងការផលិតផ្សព្វផ្សាយព័ត៌មានដែលមានចរិតបំពុលសង្គម និងត្រូវតម្កល់ឧត្តមប្រយោជន៍នៃវិជ្ជាជីវៈជាស្នូលក្នុងការអនុវត្តការងារ ព្រមទាំងមានកាតព្វកិច្ចចូលរួមលើកកម្ពស់គុណតម្លៃវិជ្ជាជីវៈ ដើម្បីធានាទំនុកចិត្តរបស់ប្រជាពលរដ្ឋមកលើសារព័ត៌មាន៕
ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា
