ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ផ្សព្វផ្សាយការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដីឡើងវិញ និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ

(សៀមរាប) ៖ នេះជាជំហានថ្មីមួយទៀត របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលខេត្តសៀមរាប ក្នុងការស្វែងរកការឯកភាពគ្នា ទាំងស្មារតី និងគោលការណ៍រួម លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ ដោយធ្វើការពិនិត្យឡើងវិញនូវរបៀបរបបការងារ លិខិតបទដ្ឋានគតិយុត្តិ របៀបរបបរស់នៅរបស់ពលរដ្ឋក្នុងតំបន់ការពារបេតិកភណ្ឌ ឱ្យមានការយល់គ្នាកាន់តែច្រើនជាងមុនរវាងប្រជាពលរដ្ឋ និងអាជ្ញាធរពាក់ព័ន្ធ ស្របទៅតាមកិច្ចការបេតិកភណ្ឌ និងជាមួយអន្តរជាតិ ក្នុងស្មារតីការពារនិងអភិរក្សមរតកដូនតា និងលើកស្ទួយជីវភាពអ្នកស្រុកអង្គរ ឱ្យស្របទៅតាមប្រសាសន៍សម្តេចធិបតីលើការរៀបចំផ្ទះសំបែងឱ្យរៀបរយ និងពង្រឹងខឿនសេដ្ឋកិច្ចជាតិ ។

ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្មនិងសំណង់ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ ដែលបានធ្វើឡើងនារសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ នៅខេត្តសៀមរាប ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍ឱ្យដឹងថា ការជួបជុំគ្នានាពេលនេះគឺជាឱកាសដែលក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បង្ហាញជូនអំពីការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដីឡើងវិញ និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ ដែលនេះជាជំហានថ្មី១ផ្សារភ្ជាប់ទៅនឹងជំហានដែលមានពីមុនមក ហើយតាមរយៈកិច្ចប្រជុំនេះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានស្នើឱ្យសមាជិកអង្គប្រជុំដែលជាអន្តរក្រសួងស្ថាប័នពាក់ព័ន្ធ ផ្ដល់មតិយោបល់និងធាតុចូលបន្ថែមទៀត ថាតើអ្វីដែលក្រុមការងារក្រសួងបានបង្ហាញជូននាពេលនេះ អាចទទួលយកបានឬយ៉ាងណាដើម្បីបញ្ចប់វិវាទរវាងអាជ្ញាធរជាតិអប្សរា និងប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានកត់សម្គាល់ថា វិវាទដែលអូសបន្លាយរវាងអាជ្ញាធរជាតិអប្សរា និងប្រជាពលរដ្ឋនេះមិនមានផលចំណេញដល់អ្នកណាម្នាក់ឡើយ ហើយផ្ទុយទៅវិញមានតែការខាតបង់ចំពោះគ្រប់ភាគីទាំងអស់ ដូច្នេះត្រូវជំរុញការដោះស្រាយវិវាទនេះឱ្យបានឆាប់រហ័ស ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងនូវប្រសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានបញ្ជាក់ថាចាប់ពីពេលនេះតទៅមុខទៀត យើងទាំងអស់គ្នាត្រូវរៀបចំផ្ទះសម្បែងរបស់យើងឱ្យបានត្រឹមត្រូវ ពង្រឹងទាំងខឿនសេដ្ឋកិច្ច និងសេចក្តីសុខរបស់ប្រជាជន ហើយធ្វើយ៉ាងណាឱ្យការអនុវត្តច្បាប់ទម្លាប់នានា អាចទទួលយកបានពីប្រជាជនដែលហៅថាលក្ខខណ្ឌប្រជាធិបតេយ្យប្រជាជន មានន័យថាប្រជាជនអាចទទួលយកបាន ហើយអ្នកអនុវត្តច្បាប់ក៏អាចទទួលយកបាន ដូចគ្នាដែរ ដើម្បីរួមគ្នាកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យរីកចម្រើន ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ថា ចំពោះការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដីសម្រាប់ ១១៤ ភូមិនៅក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ គឺមិនមែនប្រើប្រាស់លក្ខខណ្ឌតែមួយនោះទេ ពោលគឺយើងមានគោលការណ៍រួម ប៉ុន្តែត្រូវញែកលក្ខខណ្ឌទាំងនោះស្របទៅតាមស្ថានភាពជាក់ស្តែងនៃភូមិនីមួយៗ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ សង្ឃឹមថា បន្ទាប់ពីបញ្ចប់កិច្ចប្រជុំនេះរួច យើងនឹងមានឯកសារជាក់លាក់ដើម្បីពិគ្រោះពិភាក្សាជាមួយអង្គការUNESCO ហើយឈានទៅបន្តពិភាក្សាជាមួយ ICC នាពេលខាងមុខនេះ ហើយការងារបញ្ចប់វិវាទនេះនឹងត្រូវដោះស្រាយបានរួចរាល់ ដើម្បីយើងងាកមករួមគ្នាពិនិត្យមើលថាតើត្រូវរៀបចំនិងកសាងអ្វីខ្លះនៅក្នុងតំបន់អង្គ រសំរាប់ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ឱ្យមកទស្សនាកំសាន្តបានកាន់តែច្រើនថែមទៀត ក្នុងគោលដៅបង្កើនប្រាក់ចំណូលសម្រាប់ប្រជាពលរដ្ឋនិងប្រទេសជាតិតាមរយៈវិស័យទេសចរណ៍ ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner