កម្ពុជា និងអូទ្រីស ប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការថែមទៀត

(នីស)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Sepp Schellhorn រដ្ឋលេខាធិការក្រសួង​សហព័ន្ធសម្រាប់អឺរ៉ុប និងកិច្ចការអន្តរជាតិ នៃប្រទេសអូទ្រីស ចូលជួបសម្ដែង​ការគួរសម នារសៀល ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញចូលរួម​សន្និសីទលើកទី៣ របស់អង្គការសហប្រជាជាតិ ស្ដីពីមហាសមុទ្រ (UNOC3) នៅថ្ងៃទី ៨-១៣ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងនីស ប្រទេសបារាំង។

ក្នុងឱកាសនៃជំនួប, សម្ដេចបវរធិបតី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និង​ប្រជាជនអូទ្រីសដែលបានចូលរួមចំណែក និងគាំទ្រសកម្មភាពបោសសម្អាតមីន, ការបណ្ដុះបណ្ដាលធនធានមនុស្ស និងដំណើរការអង្គជំនុំជម្រះវិសាមញ្ញ​ក្នុងតុលា​ការកម្ពុជា (អ.វ.ត.ក.)។ សម្ដេចបវរធិបតីបានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរ​មាន​វិស័យសក្ដានុពលជាច្រើនដែលអាចជំរុញកិច្ចសហប្រតិបត្តិការជាមួយគ្នា។

សម្ដេចបវរធិបតីបានគូសបញ្ជាក់ពីសារៈសំខាន់នៃយន្តការពិគ្រោះយោបល់ទ្វេភាគី ដោយបានជំរុញឱ្យក្រសួងការបរទេសនៃប្រទេសទាំងពីរ បន្តពិភាក្សាបន្ថែមទៀត​ដើម្បី​ឱ្យយន្តការនេះបានចេញជារូបរាងក្នុងពេលឆាប់ៗ ក្នុងគោលបំណងពិនិត្យមើល​វឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការកន្លងមក និងស្វែងរកវិស័យនៃកិច្ចសហប្រតិបត្តិ​ការ​ថ្មីៗបន្ថែមទៀត។

ជាការឆ្លើយតប, ឯកឧត្តម Sepp Schellhorn បានគូសបញ្ជាក់ពីការបន្តកិច្ច​សហ​ប្រតិ​បត្តិការជាមួយកម្ពុជាលើវិស័យបោសសម្អាតមីន និងបណ្ដុះបណ្ដាលធនធាន​មនុស្ស។ ក្នុងនោះ, ឯកឧត្តមរដ្ឋលេខាធិការបានបង្ហាញនូវការស្វាគមន៍​ចំពោះអ្នក​ការទូតវ័យក្មេងកម្ពុជាមកសិក្សាជំនាញការទូតនៅបណ្ឌិត្យសភាការទូតទីក្រុងវីយែន ប្រទេសអូទ្រីស។ ក្នុងឱកាសនោះដែរ, ឯកឧត្តមក៏បានស្នើកម្ពុជា គាំទ្របេក្ខភាព​របស់​អូទ្រីសជាសមាជិកមិនអចិន្ត្រៃយ៍ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្រាប់អណត្តិ២០២៧-២០២៨។

សម្ដេចបវរធិបតី និងឯកឧត្តមរដ្ឋលេខាធិការបានបន្តពិភាក្សាអំពីការប្រយុទ្ធប្រឆាំង​ការប្រែប្រួលអាកាសធាតុ។ សម្ដេចបវរធិបតីបានលើកឡើងពីកិច្ចខិតខំប្រឹងប្រែង ជាមួយវឌ្ឍនភាព និងសមិទ្ធផលរបស់កម្ពុជាក្នុងការដោះស្រាយការប្រែប្រួល​អាកាស​ធាតុ តាមរយៈការដាក់ចេញនូវគំនិតផ្ដួចផ្ដើមជាច្រើនដើម្បីធានានូវចីរភាពបរិស្ថាន, អន្តរកាលថាមពល ជាពិសេសការជំរុញការប្រើប្រាស់ថាមពលកកើតឡើងវិញនៅ​កម្ពុជា ដែលបច្ចុប្បន្ន សម្រេចបាន ៦២% និងគ្រោងសម្រេចឱ្យបាន៧០% នៅ​ឆ្នាំ២០៣០ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner