នាវាផ្ទុកយន្តហោះចម្បាំងចិនរំលោភដែនទឹកសេដ្ឋកិច្ចផ្តាច់មុខជប៉ុនលើកដំបូង
តូក្យូ ៖ ក្រសួងការពារជាតិជប៉ុនបានរាយការណ៍នៅថ្ងៃចន្ទនេះថា នាវាផ្ទុកយន្តហោះចម្បាំងចិនមួយក្រុមបានរំលោភដែនទឹកសេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុនជាលើកដំបូង កាលពីចុងសប្តាហ៍មុន មុនពេលចាកចេញពីទីនោះ ឆ្ពោះទៅចូលរួមសមយុទ្ធដែលពាក់ព័ន្ធនឹងយន្តហោះចម្បាំង។
ក្រសួងបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា នាវាផ្ទុកយន្តហោះ Liaoning នាវាចម្បាំងបំពាក់មីស៊ីលពីរគ្រឿង និងនាវាគាំទ្រប្រតិបត្តិការប្រយុទ្ធរហ័សមួយគ្រឿងទៀត បានធ្វើដំណើរក្នុងចម្ងាយប្រហែល ៣០០គីឡូម៉ែត្រនៅភាគនិរតីនៃកោះ Minamitori ស្ថិតនៅភាគខាងកើតនៃប្រទេសជប៉ុន កាលពីថ្ងៃសៅរ៍។
អ្នកនាំពាក្យក្រសួងការពារជាតិជប៉ុនបានប្រាប់កាសែត AFP ថា នេះជាលើកដំបូងហើយ ដែលនាវាផ្ទុកយន្តហោះចម្បាំងរបស់ចិន ឆ្លងចូលដែនទឹកនៃតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុន ហៅកាត់ថា (EEZ)។
អ្នកនាំពាក្យរូបនេះបានគូសបញ្ជាក់ថា ជប៉ុនយល់ឃើញថា យោធាចិនកំពុងព្យាយាមពង្រឹងសមត្ថភាពប្រតិបត្តិការ និងឥទ្ធិពលរបស់ខ្លួន សម្រាប់ប្រតិបត្តិការនៅក្នុងតំបន់ឆ្ងាយៗ។
ស្ថិតក្រោមច្បាប់អន្តរជាតិ រដ្ឋមួយមានសិទ្ធិគ្រប់គ្រងធនធានធម្មជាតិ និងសកម្មភាពសេដ្ឋកិច្ចផ្សេងទៀតនៅក្នុងតំបន់ដែនទឹកសេដ្ឋកិច្ចផ្តាច់មុខ ដែលមានចម្ងាយប្រហែល ៣៧០គីឡូម៉ែត្រពីឆ្នេរសមុទ្ររបស់ខ្លួន។
កាលពីចុងខែមុន ជប៉ុនបានចោទប្រកាន់ចិនថា បានធ្វើការស្រាវជ្រាវវិទ្យាសាស្ត្រដែនសមុទ្រ ដោយមិនបានជូនដំណឹងនៅក្នុងតំបន់ដែនទឹកសេដ្ឋកិច្ចផ្តាច់មុខរបស់ជប៉ុន នៅជិតតំបន់ដាច់ស្រយាលប៉ាស៊ីហ្វិកនៃកោះ Okinotori៕
ប្រភព ៖ Channel News Asia ប្រែសម្រួល ៖ ឈឹម ទីណា