រដ្ឋកាលីហ្វ័រញ៉ាប្តឹងលោក Trump ពីបទបញ្ជូនឆ្មាំជាតិបង្ក្រាបបាតុករ

កាលីហ្វ័រញ៉ា ៖ ភាពប្រេះស្រាំក្នុងឆាកនយោបាយអាមេរិកបានលេចឡើង ស្របពេលដែលរដ្ឋកាលីហ្វ័រញ៉ាបានដាក់ពាក្យប្តឹងរដ្ឋបាលលោកប្រធានាធិបតី Donald Trump ឆ្លើយតបការបញ្ជូនឆ្មាំជាតិទៅបង្ក្រាបក្រុមបាតុករដែលពោលពេញដោយភ្លើងកំហឹងប្រឆាំងគោលនយោបាយអន្តោប្រវេសន៍របស់លោក Trump ហើយចាត់ទុកការដាក់ពង្រាយនេះថា ជា “ជំហានដែលមិនអាចបំភ្លេចបានឆ្ពោះទៅរកលទ្ធិផ្តាច់ការ”។

អភិបាលរដ្ឋកាលីហ្វ័រញ៉ា លោក Gavin Newsom និងលោកអគ្គមេធាវី Rob Bonta និយាយថា ពួកលោកបានដាក់ពាក្យប្តឹងប្រឆាំងនឹងរដ្ឋបាលលោក Trump ក្នុងគោលបំណងទាមទារឱ្យបញ្ឈប់ការដាក់ពង្រាយឆ្នាំជាតិដោយខុសច្បាប់ និងមិនចាំបាច់ ដែលបានបង្កជាភាពចលាចល និង អំពើហិង្សានៅក្នុងទីក្រុង Los Angeles។

ជាការឆ្លើយតប លោក Tom Homan ដែលជាមេភ្នាក់ងារព្រំដែនរបស់លោក ត្រាំ និយាយថា លោកអភិបាលរដ្ឋកាលីហ្វ័រញ៉ាគួរតែត្រូវបានចាប់ខ្លួន ប្រសិនបើហ៊ានរារាំងវិធានការអនុវត្តច្បាប់អន្តោប្រវេសន៍។ រីឯលោក Trump បានបង្ហាញការគាំទ្រ ហើយនិយាយថា ខ្ញុំនឹងធ្វើ ប្រសិនបើខ្ញុំជា Tom… ខ្ញុំគិតថា វាជារឿងល្អ។

យោងតាមសេចក្តីប្រកាសព័ត៌មានពីការិយាល័យអភិបាលរដ្ឋកាលីហ្វ័រញ៉ា បានឱ្យដឹងថា ពាក្យបណ្តឹងនេះបានកំណត់គោលដៅលើលោកប្រធានាធិបតី Donald Trump, រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth រួមទាំងក្រសួងការពារជាតិ ដោយអះអាងថា ការដាក់ពង្រាយឆ្នាំជាតិនេះ បានរំលោភបំពានរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក និង លើសពីសិទ្ធិអំណាចទី១០ របស់ប្រធានាធិបតី។

ប៉ូលិសនៅទីក្រុង Los Angeles បានចោទប្រកាន់ក្រុមបាតុករមួយចំនួន បានគប់ដុំថ្មបេតុង ដប និងវត្ថុផ្សេងៗទៀតមកលើប៉ូលិស ខណៈដែលបាតុកររាប់សិបនាក់ហើយត្រូវបានចាប់ខ្លួន។ គិតត្រឹមថ្ងៃចន្ទម្សិលមិញ បាតុកម្មប្រឆាំងអាជ្ញាធរអន្តោប្រវេសន៍សហព័ន្ធនៅក្នុងទីក្រុង Los Angeles បានឈានចូលដល់ថ្ងៃទីបួនហើយ ដោយមានបាតុកររាប់រយនាក់ប្រមូលផ្តុំគ្នានៅខាងក្រៅមណ្ឌលសម្រាប់ឃុំឃាំងជនអន្តោប្រវេសន៍៕

ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner