អាជ្ញាធរជំរុញប្រជាពលរដ្ឋពិនិត្យឯកសារដីធ្លី មុនទទួលបណ្ណ​កម្មសិទ្ធិជាផ្លូវការ

សៀមរាប​៖នៅស្រុកក្រឡាញ់ ខេត្តសៀមរាប អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែល​ជាម្ចាស់ ឬកាន់កាប់ក្បាលដីមក​ពិនិត្យផ្ទៀងផ្ទាត់ឯកសារដីរបស់ខ្លួន ឱ្យបានត្រឹមត្រូវ ដើម្បីទទួលបានបណ្ណកម្ម​សិទ្ធិ​សម្គាល់ម្ចាស់​អចលនវត្ថុ។

បច្ចុប្បន្ននៅស្រុកក្រឡាញ់ការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធបានជំរុញអនុវត្តលើក្បាលដីចំនួន ៥ ៣៤០ ក្នុង​ភូមិចំនួន ៧ របស់​ឃុំ​ស្រណាល រួមមាន ភូមិល្ហុង ភូមិគោកត្រុំ ភូមិរំដេង ភូមិគំរូ ភូមិគោក​ចាស់ ភូមិផ្លាំង និងភូមិ​គោកត្នោត។ ការបិទផ្សាយឯកសារ​វិនិច្ឆ័យ​ត្រូវបានបើកឡើង ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ នៅវត្តបូទុម្មរតនញ្ញាណ (វត្តស្រណាល) ក្នុងឃុំស្រណាល ស្រុកក្រឡាញ់ ។

លោក ប៉ាន់ សារេត សមាជិកក្រុមប្រឹក្សាស្រុក បានអំពាវនាវដល់​ប្រជាពលរដ្ឋ ម្ចាស់ដី អង្គភាព និងស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ចូលរួម​ពិនិត្យឯកសារទាំងនេះ ដើម្បីធានាបាននូវភាពត្រឹមត្រូវទាំងផ្នែក​បច្ចេកទេស និងផ្នែកច្បាប់ មុននឹង​ចេញបណ្ណកម្មសិទ្ធិ។

លោក ហេង គឹមចុង អភិបាលរងស្រុកក្រឡាញ់ បានបញ្ជាក់ថា ការចុះបញ្ជីដីនេះ គឺមានគោលបំណង​ផ្តល់​អត្តសញ្ញាណច្បាស់​លាស់ដល់ម្ចាស់ដី ដើម្បីអាចប្រើប្រាស់ក្នុងការរកប្រាក់ចំណូល ដូចជា ដាក់បញ្ចាំ ឬហ៊ីប៉ូតែក ហើយជាឯកសារសំខាន់ក្នុងការការពារ​កម្មសិទ្ធិពេលមានជម្លោះ។

ចំណែក លោក ប៊ូ ជុំសម្បត្តិ អនុប្រធានមន្ទីររៀបចំដែនដី​នគរូបនីយ​កម្ម​សំណង់ និងសុរិយោដីខេត្តសៀមរាប បាន​បញ្ជាក់ថា «ការបិទ​ផ្សាយឯកសារវិនិច្ឆ័យនេះ ជាឱកាសចុងក្រោយសម្រាប់ម្ចាស់ដី ឬអ្នកពាក់ព័ន្ធ ដើម្បីពិនិត្យ​ឈ្មោះ ទំហំ ទ្រព្យសម្បត្តិ និងទីតាំង​លើប្លង់។ ប្រសិនបើមានកំហុស អាចដាក់ពាក្យជំទាស់ ឬកែតម្រូវ​ជាប្រព័ន្ធតាមផ្លូវ​ច្បាប់បាន»។

លោកបន្តថា មកដល់ពេលនេះមន្ទីរចេញប័ណ្ណកម្មសិទ្ធិរួចរាល់ចំនួន ៩,៥៥៧ នៅឃុំក្រឡាញ់ និងឃុំកំពង់ថ្កូវ។ បច្ចុប្បន្ន កំពុងដំណើរ​ការប្រមូលទិន្នន័យបន្ថែមនៅឃុំស្រណាល និងឃុំផ្សេងៗទៀត ដើម្បីអភិវឌ្ឍន៍ការ​ចុះបញ្ជី​ដីជាលក្ខណៈជាតិ៕
ដោយ​៖ប៊ុន​រដ្ឋា

ads banner