រដ្ឋមន្ត្រីក្រសួងសុខាភិបាល ៖ ឧបករណ៍លាងឈាម និងបរិក្ខាពេទ្យ នឹងរួមចំណែកដល់ការផ្តល់សេវាថែទាំសុខភាពកាន់តែប្រសើរឡើង ដល់អ្នកជំងឺតម្រងនោមរ៉ាំរ៉ៃ
(ភ្នំពេញ)៖ ម៉ាស៊ីនលាងឈាម និងបរិក្ខារពេទ្យ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ក្រុមហ៊ុន Dongze Medical នៃសាធារណរដ្ឋប្រជាមានិតចិន បានប្រគល់ជូនដល់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពរបស់ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា និងមានការអញ្ជើញចូលរួមពីឯកឧត្តម ជែកគី សេ ជិន ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា ថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងមន្រ្តីបច្ចេកទេសនៃមន្ទីរពេទ្យជាតិ។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ឈាង រ៉ា បានថ្លែងអំណរគុណ ចំពោះក្រុមហ៊ុន Dongze Medical នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានផ្តល់នូវអំណោយដ៏ថ្លៃថ្លានេះ ដែលជាការរួមចំណែកមួយលើកម្ពស់វិស័យសុខាភិបាលនៅកម្ពុជា ជាពិសេសការឆ្លើយតបទៅនឹងជំងឺមិនឆ្លង មានជំងឺកម្រងនោមនៅកម្ពុជា។ មិនតែប៉ុណ្ណោះ ឯកឧត្តមសាស្រ្តាចារ្យ បានបញ្ជាក់បន្ថែមថា ការផ្តល់អំណោយឧបករណ៍វេជ្ជសាស្ត្រនេះ មានសារៈសំខាន់ណាស់ ដែលអាចជួយកាត់បន្ថយបន្ទុកមន្ទីរពេទ្យរដ្ឋ និងរួមចំណែកក្នុងការនាំយកសេវាកាន់តែខិតទៅជិតប្រជាពលរដ្ឋ។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានឱ្យដឹងថា ជំងឺតម្រងនោមនេះ ជាបញ្ហាប្រឈមមួយ នៃសុខភាពសាធារណៈនៅកម្ពុជា ហើយអ្នកជំងឺមានតម្រូវការលាងឈាមរយៈពេលវែង ដូច្នេះតាមរយៈការផ្តល់នូវម៉ាស៊ីនលាងឈាមនេះ មិនត្រឹមតែជួយសង្គ្រោះជីវិតប៉ុណ្ណោះទេ តែវាជាការជួយបន្ថែមក្នុងការជំរុញដល់ការអនុវត្តផែនការយុទ្ធសាស្រ្តជាតិសុខាភិបាល ដែលផ្តោតលើការបម្រើសេវាសុខាភិបាល មានគុណភាព សុវត្ថិភាព ប្រសិទ្ធភាព សមធម៌ និងការធ្វើបរិវត្តកម្មសុខាភិបាលឌីជីថល។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សង្ឃឹមថា ឧបករណ៍លាងឈាមតាមស្រោមពោះនេះ នឹងចូលរួមចំណែកដល់ការផ្តល់សេវាថែទាំសុខភាពរបស់អ្នកជំងឺ ដើម្បីឈានទៅសម្រេចបានការគ្រប់ដណ្តប់សុខភាពកាន់តែប្រសើរឡើង។
ឯកឧត្តមសាស្រ្តាចារ្យ បានគូសរំលេចថា តាមរយៈឧបករណ៍វេជ្ជសាស្ត្រនេះ គឺមានសារៈសំខាន់ ក្នុងការចូលរួមចំណែកជាមួយក្រសួងសុខាភិបាល ផ្តល់សេវាលាងឈាម ដល់អ្នកជំងឺតម្រងនោមរ៉ាំរ៉ៃ។
ឧបករណ៍លាងឈាមតាមស្រោមពោះនេះ អាចអនុញ្ញាតឱ្យអ្នកជំងឺធ្វើការលាងឈាមនៅក្រៅមន្ទីរពេទ្យ ដែលអាចកាត់បន្ថយបន្ទុកមន្ទីរពេទ្យ និងអាចនាំសេវាបង្ខិតទៅជិតអ្នកជំងឺ។ បន្ថែមពីនេះ ការអនុវត្តទាមទារអ្នកជំងឺមានការយល់ដឹងពីដំណើរការនៃការលាងឈាមបែបនេះ ដើម្បីចេះប្រើឧបករណ៍ និងការបង្ការការចម្លងរោគ ក៏ដូចជាមានលទ្ធភាពទិញនិងទុកដាក់សូលុយស្យុងសម្រាប់ប្រើប្រាស់ជាមួយឧបករណ៍លាងឈាមតាមស្រោមពោះនេះ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក៏បានថ្លែងអំណរគុណចំពោះ ឯកឧត្តម Jacky Sae Chen ដែលតែងតែខិតខំប្រឹងប្រែងក្នុងការចូលរួមចំណែកឧបត្ថម្ភគាំទ្រដល់ប្រទេសកម្ពុជា។ ឯកឧត្តមក៏បានរំលឹកអំពីការជួយឧបត្ថម្ភរបស់រាជរដ្ឋាភិបាល និងប្រជាជនចិន ជាពិសេសក្នុងកំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ ដែលនៅពេលនោះមិត្តចិនបានជួយគាំទ្រជាវ៉ាក់សាំង ឱសថ និងជំនួយផ្នែកបច្ចេកទេសដល់កម្ពុជា ជាបន្តបន្ទាប់ក្នុងគ្រាដ៏លំបាកនាពេលនោះ ៕





ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ