កម្លាំងតំបន់ប្រតិបត្តិការសឹករងកំពង់ធំត្រៀមខ្លួនជាស្រេចក្នុងការអនុវត្តភារកិច្ច
កំពង់ធំ៖ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ប្រជុំផ្សព្វផ្សាយសភាពការណ៍ថ្មីៗ នៅតាមព្រំដែនកម្ពុជា-ថៃ ។
ក្នុងឱកាសនេះលោកឧត្តមសេនីយ៍ បានពន្យល់អំពីការកែសម្រួលកម្លាំងទ័ពនៅក្នុងតំបន់មានជម្លោះដែលបានការស្រុះស្រួលគ្នារវាងមេបញ្ជាការកងទ័ពទាំងពីរប្រទេស ដើម្បីបញ្ជៀសសង្គ្រាមបង្ហូរឈាមជាទ្រង់ទ្រាយធំ តែមិនមែនជាការដកកងទ័ពចេញពីដែនអធិបតេយ្យភាពរបស់កម្ពុជាឡើយ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ត្រូវជឿជាក់លើការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន និង សម្ដេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខរាជរដ្ឋាភិបាល ។កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រូវត្រៀមខ្លួននិងមធ្យោបាយគ្រប់គ្រាន់ ដើម្បីអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ ក្នុងបុព្វហេតុការពារជាតិ និងការពារបូរណភាពទឹកដីមិនឱ្យសត្រូវសៀមមករំលោភឈ្លានពានបានឡើយ៕

ដោយ៖ ប៊ុន រដ្ឋា