កំណើនប្រជាពលរដ្ឋខ្មែរចូលរួមរត់ចម្ងាយ ២១គីឡូម៉ែត្រ ក្នុងព្រឹត្តិការណ៍ភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងឆ្នាំនេះ មានការកើនឡើងគួរឲ្យកត់សម្គាល់
(ភ្នំពេញ)៖ រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឯកឧត្តម វ៉ាត់ ចំរើន បានថ្លែងរំលេច នៅក្នុងសន្និសិទសារព័ត៌មានប្រកាស រៀបចំព្រឹត្តិការណ៍ភ្នំពេញពាក់កណ្ដាលម៉ារ៉ា នាព្រឹកថ្ងៃទី៩ ខែ មីថុនា ឆ្នាំ២០២៥ថា កំណើនប្រជាពលរដ្ឋខ្មែរ ពិសេសការចូលរួមរត់ចម្ងាយ ២១គីឡូម៉ែត្រ មានការកើនឡើងគួរឲ្យកត់សម្គាល់ ដែលជាសញ្ញាណដ៏ល្អបង្ហាញពីការយល់ដឹង និងមានសុខភាពល្អរបស់ប្រជាពលរដ្ឋកម្ពុជា។គិតត្រឹមពេលនេះ មានអ្នកចុះឈ្មោះខ្ទង់ ៥,០០០នាក់ហើយ ត្រៀមចូលរួមទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិ នាចុងសប្ដាហ៍នេះ ពោលគឺមានការកើនឡើងជាងឆ្នាំមុន ដែលមានអ្នកចូលរួមត្រឹមជាង ៤,១០០នាក់ ។
ឯកឧត្តម ថា ក្នុងចំណោមអត្តពលិកចុះឈ្មោះទាំងអស់ ភាគច្រើនគឺជាប្រជាពលរដ្ឋខ្មែរ គ្រាដែលជនបរទេសមានប្រមាណជាង ៦០០នាក់ ដែលភាគច្រើនជាជនបរទេសកំពុងបំពេញការងារនៅកម្ពុជា ហើយជនបរទេសចុះឈ្មោះច្រើនជាងគេ គឺមានចិន ជប៉ុន និងបារាំង ។
ឯកឧត្តម អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានគូសបញ្ជាក់ទៀតថា ទីតាំងរៀបចំការប្រកួតក្នុងឆ្នាំ២០២៥នេះវិញ គណៈកម្មការរៀបចំ បានសម្រេចកែសម្រួលទីតាំងចេញដំណើរ និងបញ្ចប់ទីថ្មី មិនរៀបចំនៅមុខព្រះបរមរាជវាំង ដូចឆ្នាំមុនៗឡើយ ដោយសារមុខព្រះបរមរាជវាំង ត្រូវត្រៀមរៀបចំកម្មវិធីជាតិធំៗជាច្រើន ។ ហេតុដូចនេះហើយ គណៈកម្មការក៏សម្រេចប្ដូរមករៀបចំនៅសួនច្បារមុខវត្តបទុមវតីវិញ ដែលជាទីតាំងមួយសមស្របសម្រាប់ដំណើរការរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ធំប្រចាំឆ្នាំនេះ ដ្បិតកន្លងមកក៏ធ្លាប់រៀបចំព្រឹត្តិការណ៍រត់កម្សាន្ដជាច្រើនផងដែរ។
លោក សែម ផល្លា ប្រធានគណៈកម្មការរៀបចំការប្រកួតម៉ារ៉ាតុង មានប្រសាសន៍ថា ការប្រកួតមានវិញ្ញាសា ២១ គីឡូម៉ែត្រ ១០ គីឡូម៉ែត្រ ៥ គីឡូម៉ែត្រ និង ២,៥ គីឡូម៉ែត្រ សម្រាប់លក្ខណៈគ្រួសារដែលមាន ឪពុក ម្ដាយ និងកូនៗតូចៗ។ វិញ្ញាសា ២,៥ គីឡូម៉ែត្រនេះក៏នឹងមានការប្រគល់រង្វាន់ដល់ម្ចាស់ជ័យលាភីដែរ តែសម្រាប់តែក្មេងៗចាប់ពីអាយុក្រោម ១២ ឆ្នាំចុះដើម្បីជាការលើកទឹកចិត្ត។
លោក សែម ផល្លា សង្កត់ធ្ងន់ដែរថា ព្រឹត្តិការណ៍រត់ភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិនឹងមានការតាមដានដោយ គណៈកម្មាធិការម៉ារ៉ាតុងអន្តរជាតិ ព្រោះកម្ពុជាក៏ជាសមាជិកមួយក្នុងចំណោមសមាជិកទាំង ១១២ ប្រទេស។ ដូច្នេះលោកសូមអំពាវនាវឱ្យមានការចូលរួមផ្សព្វផ្សាយច្រើនពីព្រឹត្តិការណ៍កម្រិតអន្តរជាតិនេះ ។
គិតមកទល់ពេលនេះ មានអ្នកចុះឈ្មោះខ្ទង់ ៥០០០នាក់ហើយដើម្បីចូលរួមរត់ក្នុង ទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិ ឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃ អាទិត្យទី១៥ ខែមិថុនា។ ក្នុងចំណោមអ្នកចុះឈ្មោះនោះ មានអ្នករត់ជនជាតិខ្មែរមានច្រើនជាងគេ ហើយជនជាតិចិនឈរលេខ២ បន្តដោយអ្នករត់ជនជាតិជប៉ុន និង បារាំង៕







រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ