ពិធីប្រគល់-ទទួលសម្ភារបរិក្ខាសម្រាប់ទីលានទុកដាក់​សំរាមក្រុង​សិរីសោភ័ណ

បន្ទាយមានជ័យ៖សម្ភារៈ បរិក្ខារ គ្រឿងចក្រចំនួនបីគ្រឿង សម្រាប់​ដំណើរការនៅទីលានទុកដាក់សំរាម ក្នុងក្រុងសិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ត្រូវបានគណៈប្រតិភូក្រសួង​សាធារណការ និងដឹកជញ្ជូនយកមកប្រគល់ជូន​អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី១០ ខែមិថុនា នៅទី​លានទុកដាក់សំរាម ក្នុងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ
ផ្ទាល់តែម្តង។

ពិធីប្រគល់-ទទួល ប្រព្រឹត្តទៅក្រោមវត្តមានលោក ពូ ម៉ានិត អនុប្រធាននាយកដ្ឋានប្រព័ន្ធលូទឹកកខ្វក់ តំណាងឱ្យ​ឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និង​ដឹកជញ្ជូន លោក ឃ្លោក នួយ អភិបាលរងខេត្ត​បន្ទាយ​មានជ័យ និងជាប្រធានក្រុមការងារគ្រប់គ្រងទីលានទុកដាក់សំរាម ក្រុងសិរីសោភ័ណ តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ ។

ក្នុងឱកាសនេះលោក ឃ្លោក នួយ បានថ្លែងអំណរអរគុណដល់​ក្រសួងសាធារណការ និងដឹកជញ្ជូន តំណាង​ប្រតិភូត​ធនាគារ​អភិវឌ្ឍន៍អាស៊ី(ADB) និងតំណាងក្រុមហ៊ុន AMR CAMBODIA PLC ដែលបានប្រគល់សម្ភារ បរិក្ខារ គ្រឿងចក្រ​ចំនួនបីគ្រឿងសម្រាប់បម្រើដំណើរការទីលានទុកដាក់សំរាម ក្នុងក្រុងសិរីសោភ័ណឱ្យកាន់តែរលូន និងមានប្រសិទ្ធភាព៕
ដោយ៖ឃិន គន្ធា

ads banner