គម្រោងពង្រីកនិងលើកកម្រិតផ្លូវជាតិលេខ៧ ជា៤គន្លង (ស្គន់-កំពង់ចាម)សម្រេចបានជាង៥០ភាគរយ
ភ្នំពេញ៖គម្រោងលើកកម្ពស់កម្រិតផ្លូវជាតិលេខ៧ ជា៤គន្លង (ស្គន់-កំពង់ចាម) បច្ចុប្បន្នសម្រេចបាន ៥៦ភាគរយ ។នេះបើតាមការបញ្ជាក់របស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ខ្លូត ប្រធានក្រុមប្រឹក្សានខេត្តកាលពីព្រឹកព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តកំពង់ចាម ។

សូមជម្រាបថា គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ជាបួនគន្លង(ស្គន់-កំពង់ចាម)ប្រវែងសរុប ៤៥,៥០ គីឡូម៉ែត្រ(PK000+000 – PK45+502.84)ចាប់ផ្តើមពីស្រុកជើងព្រៃ ខេត្តកំពង់ចាម រហូតដល់ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។ គម្រោងត្រូវធ្វើឡើងជាប្រភេទAC(Asphalt concrete) កម្រាស់៩សង់ទីម៉ែត្រ ទទឹងផ្លូវ ២៤,៥ម៉ែត្រ(៤គន្លង) ដោយត្រូវសាងសង់ស្ពានថ្មីតូច-ធំ ចំនួន៨(ស្មើប្រវែងសរុប ១៥៦ម៉ែត្រ) ជួសជុលស្ពានតូច-ធំ(ចាស់)ចំនួន៧ស្ពាន(ស្មើប្រវែងសរុប ១១៦ម៉ែត្រ) លូរំដោះទឹកភ្លៀង លូរំដោះទឹកកខ្វក់ និងជាបរិក្ខារចរាចរណ៍នានា។

ផ្លូវជាតិលេខ៧ គឺជាខ្សែផ្លូវយ៉ាងសំខាន់ក្នុងការដឹកជញ្ជូនផលិតផលកសិកម្ម កសិឧស្សាហកម្ម ព្រមទាំងលើកកម្ពស់ការអភិវឌ្ឍ និងសកម្មភាពសេដ្ឋកិច្ច-សង្គមជាតិ។ផ្លូវនេះតភ្ជាប់ជាមួយផ្លូវជាតិលេខ៦ ពីរង្វង់មូលស្គន់ ឆ្ពោះទៅទិសដៅរាជធានីភ្នំពេញ និងជាទិសដៅទៅខេត្តកំពង់ធំ សៀមរាប និងតភ្ជាប់ទៅតាមបណ្ដាញផ្លូវសំខាន់ៗផ្សេងៗទៀត។
កំណាត់ផ្លូវជាតិនេះ ក៏តភ្ជាប់ជាមួយផ្លូវជាតិលេខ៨ និងផ្លូវជាតិលេខ១១ ឆ្ពោះទៅកាន់ខេត្តព្រៃវែង និងតភ្ជាប់ជាមួយផ្លូវ ៧១C,ផ្លូវជាតិលេខ៧៣ ឆ្ពោះទៅកាន់ខេត្តត្បូងឃ្មុំ និងផ្លូវជាតិលេខ៧៦ ផ្លូវជាតិលេខ៧៨ ឆ្ពោះទៅកាន់ខេត្តស្ថិតនៅភូមិភាគឦសាន រួមមាន ខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងខេត្តរតនគិរី និងភ្ជាប់ជាមួយបណ្តាញខ្សែផ្លូវរបស់បណ្តាប្រទេសនៃមហាអនុតំបន់មេគង្គ(GMS)ផងដែរ៕
ដោយ៖លី ពៅ


