កម្ពុជា-បារាំង កំពុងរៀបចំផែនទីបង្ហាញផ្លូវ ដើម្បីឈានដល់ការលើកកម្រិត នៃទំនាក់ទំនងប្រទេសទាំងពីរ ជា “ដៃគូយុទ្ធសាស្ត្រ”

(នីស)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃព្រះរាជា​ណាចក្រ​កម្ពុជា បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរវាងប្រទេសទាំងពីរ កម្ពុជា-បារាំង ដែលកំពុងរៀបចំផែនទីបង្ហាញផ្លូវ ដើម្បីឈានដល់ការលើកកម្រិត​នៃ​ទំនាក់​ទំនងប្រទេសទាំងពីរ ជា “ដៃគូយុទ្ធសាស្ត្រ” ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Emmanuel Macron ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង នាល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញចូលរួម​សន្និសីទ​លើកទី៣ របស់អង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ (UNOC3) នៅថ្ងៃទី​០៨-១៣ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងនីស ប្រទេសបារាំង ។

ក្នុងជំនួបនេះ ឯកឧត្តមប្រធានាធិបតីនៃសាធារណរដ្ឋបារាំង បានសម្តែងក្តី​សោមនស្ស​រីករាយដែលបានទទួលសម្តេចបវរធិបតី និងគណៈប្រតិភូជាថ្មីម្តង​ទៀត​នៅប្រទេសបារាំង និងបានគូសបញ្ជាក់ថា ឯកឧត្តមនឹងអញ្ជើញបំពេញ​ទស្សនកិច្ច​នៅព្រះរាជាណាចក្រកម្ពុជា នាឆ្នាំ២០២៦ ខាងមុខនេះ។

ឯកឧត្តមប្រធានាធិបតីបានអបអរសាទរចំពោះជោគជ័យរបស់កម្ពុជា ក្រោមការ​ដឹក​នាំ​របស់សម្តេចបវរធិបតី និងគូសបញ្ជាក់ថា រដ្ឋាភិបាលបារាំង នឹងផ្តល់ការ​គាំទ្រដល់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើក​ទី​២០ ក្នុងឆ្នាំ២០២៦ ឱ្យបានជោគជ័យ។

ជាការឆ្លើយតប, សម្តេចបវរធិបតី បានអរគុណ ឯកឧត្តមប្រធានាធិបតី ដែលបាន​ទទួលស្វាគមន៍សម្តេច និងគណៈប្រតិភូយ៉ាងកក់ក្តៅ និងសម្តែងក្តីរីករាយដែល​បាន​ជួបឯកឧត្តមប្រធានាធិបតីជាថ្មីទៀត។ សម្តេចបវរធិបតី បានសម្តែងនូវ​អំណរ​គុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមប្រធានាធិបតី ដែលផ្តល់ការគាំទ្រយ៉ាង​ពេញ​ទំហឹងដល់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី​២០ ក្នុងឆ្នាំ២០២៦។

ចំពោះទំនាក់ទំនងទ្វេភាគី សម្តេចបវរធិបតី បានសម្តែងនូវការពេញចិត្តចំពោះ​ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងកម្ពុជានិងបារាំង ព្រមទាំងបាន​វាយ​តម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរវាងប្រទេសទាំងពីរ ក្នុងការរៀបចំ​ឯកសារផែនទីបង្ហាញផ្លូវ (Roadmap) មួយ ដើម្បីឈានដល់ការលើក​កម្រិត​នៃទំនាក់ទំនងកម្ពុជា-បារាំង ជា “ដៃគូយុទ្ធសាស្ត្រ” ។

សម្តេចបវរធិបតី និងឯកឧត្តមប្រធានាធិបតីបានពិភាក្សាអំពីការពង្រឹង និងពង្រីក​កិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសក្តានុពលមួយចំនួនរវាងប្រទេសទាំងពីរ ក្នុងនោះរួមមាន វិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច ការពារជាតិនិង​សន្តិសុខ ថាមពល និងវប្បធម៌ ជាដើម ។ ឯកឧត្តមប្រធានាធិបតី នឹងបញ្ជូនគណៈប្រតិភូ​ដឹកនាំដោយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម មកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ដើម្បីលើកកម្ពស់ភាពជាដៃគូពាណិជ្ជកម្ម និងសេដ្ឋកិច្ច។

ឯកឧត្តមប្រធានាធិបតីបារាំងបានសង្កត់ធ្ងន់ថា ពិភពលោកបានទទួលស្គាល់​នូវជំនាញ និងស្នាដៃរបស់កម្ពុជាក្នុងវិស័យបោសសម្អាតមីន។ រដ្ឋាភិបាលបារាំង នឹងបន្តគាំទ្រវិស័យការពារជាតិ នៅកម្ពុជា។

ចំពោះកិច្ចសហប្រតិបត្តិការពហុភាគី សម្ដេចបវរធិបតី និងឯកឧត្តម ប្រធានា​ធិបតី​បាន​ពិភាក្សាអំពីកិច្ចសហការរវាងប្រទេសទាំងពីរ ក្នុងវិស័យអាទិភាពមួយ​ចំនួន ក្នុងក្របខ័ណ្ឌអាស៊ាន និងអង្គការសហប្រជាជាតិ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner