ប៉ាគីស្ថានទិញថែមសព្វាវុធ និងយន្តហោះចម្បាំងចិន ក្រោយផ្ទុះជម្លោះជាមួយឥណ្ឌា
អ៊ីស្លាម៉ាបាដ ៖ ប៉ាគីស្ថានបានប្រកាសក្នុងខែនេះថា ចិនបានយល់ព្រមលក់សព្វាវុធយោធាថ្មី រួមទាំងយន្តហោះចម្បាំង J-35 ជំនាន់ទី៥ចំនួន៤០គ្រឿង និងប្រព័ន្ធការពារមីស៊ីលបាលីស្ទីក HQ-19 បន្ទាប់ពីផ្ទុះជម្លោះប្រដាប់អាវុធជាមួយឥណ្ឌាកាលពីខែឧសភា។
ប្រទេសជិតខាងប្រដាប់អាវុធនុយក្លេអ៊ែរ ឥណ្ឌា និងប៉ាគីស្ថានបានធ្លាក់ក្នុងជម្លោះប្រដាប់អាវុធរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ទី១០ ខែឧសភា ហើយបានវាយប្រហារគ្នាទៅវិញទៅមក ដោយប្រើកាំភ្លើងធំ យន្តហោះចម្បាំង យន្តហោះដ្រូន និងមីស៊ីល។
ប៉ាគីស្ថាននិយាយថា កងទ័ពអាកាសរបស់ខ្លួនបានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌាចំនួន ៦គ្រឿង ដោយប្រើយន្តហោះ J-10C របស់ចិន កាលពីយប់ថ្ងៃទី៦ ខែឧសភា។
រីឯកាលពីថ្ងៃទី៣១ ខែឧសភា នាយសេនាធិការការពារជាតិនៃកងកម្លាំងប្រដាប់អាវុធឥណ្ឌា លោក Anil Chauhan ក៏បានបញ្ជាក់ដែរថា ឥណ្ឌាពិតជាបានបាត់បង់យន្តហោះចម្បាំងមួយចំនួន នៅក្នុងការប៉ះទង្គិចជាមួយប៉ាគីស្ថាន។
ប៉ុន្តែការប្រយុទ្ធគ្នានោះ ត្រូវបានបញ្ឈប់នៅថ្ងៃទី១០ ខែឧសភា នៅពេលដែលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ប្រកាសថា ប្រទេសទាំងពីរបានយល់ព្រមលើបទឈប់បាញ់មួយ។
ចាប់តាំងពីពេលនោះមក ប្រទេសទាំងពីរបានស្វែងរកការពង្រឹងសមត្ថភាពការពារជាតិរៀងៗខ្លួន និងទិញអាវុធទំនើបៗចុងក្រោយបង្អស់ ខណៈដែលភាពតានតឹងនៅតែបន្តកើតមានរវាងប្រទេសទាំងពីរ៕


ប្រភព ៖ Arab News ប្រែសម្រួល ៖ ឈឹម ទីណា