ឯកឧត្តម ជា វ៉ាន់ដេត អំពាវនាវដល់សប្បុរសជនបន្តចូលរួមជាមួយកាកបាទក្រហមកម្ពុជាខេត្តតាកែវដើម្បីបន្តសកម្មភាពមនុស្សធម៌ជូនប្រជាពលរដ្ឋ
(ខេត្តតាកែវ)៖ សាខាកាកបាតក្រហមកម្ពុជាខេត្តតាកែវ និងអនុសាសាកាកបាតក្រហមទាំង ១០ ក្រុង-ស្រុក នឹងបន្តបំពេញតួនាទីភារកិច្ចមនុស្សធម៌ ឱ្យកាន់តែសកម្មបន្ថែមទៀត ដើម្បីឆ្លើយតប និងជួយសម្រាលទុក្ខលំបាកនានារបស់ប្រជាពលរដ្ឋក្នុងខេត្តតាកែវ ។
សូមសប្បុរសជនជាតិ-អន្តរជាតិ បន្តចូលរួមចំណែកនិងផ្តល់ការគាំទ្រ ទាំងស្មារតី សម្ភារៈ និង ថវិកា ដល់ចលនានិងសកម្មភាពរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ ដើម្បីបន្តសកម្មភាពមនុស្សធម៌ជូនប្រជាពលរដ្ឋ។
នេះជាប្រសាសន៍ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ ក្នុងពិធីអបអរសាទរ ខួបលើកទី ១៦២ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ ក្រោមមូលបទ “រួមគ្នាស្ម័គ្រចិត្តដើម្បីសហគមន៍ មានសុខភាព ល្អ និងមានភាពធន់នឹងអាកាសធាតុ” នៅសាខាកាកបាទក្រហមកមកម្ពុជាខេត្តតាកែវ។
ឯកឧត្តម ជា វ៉ាន់ដេត បានថ្លែងអំណរគុណ និងកោតសរសើរចំពោះ សប្បុរសជន ដែលជានិច្ចកាលតែងតែចូលរួមចំណែក និងផ្តល់ការគាំទ្រដល់សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ ដើម្បីសម្រាលទុក្ខលំបាក និងផ្តល់ភាពកក់ក្តៅដល់ជនរងគ្រោះ គ្រួសារងាយរងគ្រោះទាំងឡាយ ជាពិសេសជនចាស់ជរា ជនគ្មានទីពឹង ស្រីមេម៉ាយ កុមារកំព្រា អ្នករស់នៅជាមួយមេរោគអេដស៍-ជម្ងឺអេដស៍ ជាដើម ។
ឯកឧត្តម ជា វ៉ាន់ដេត ជឿជាក់ថា សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ នឹងបន្តតួនាទីក្នុងនាមជាសេនាធិការដ៏សំខាន់ឱ្យអាជ្ញាធរខេត្ត ក្នុងបុព្វហេតុមនុស្សធម៌ ជាឧត្តមប្រយោជន៍ជូនជាតិ និងប្រជាជន ព្រមទាំងការលើកកម្ពស់សេចក្តីថ្លៃថ្នូរ គុណធម៌ តម្លៃមនុស្សជាតិ និងការចូលរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន គឺ ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហម ។
គួរបញ្ជាក់ថា សាខា កាកបាទក្រហមកម្ពុជា ខេត្តតាកែវ កន្លងមកនេះ បានខិតខំបំពេញការងាររបស់ខ្លួនបានយ៉ាងសកម្មក្នុងការងារសង្គមជួយសង្គ្រោះ ប្រជាជនរងគ្រោះដោយប្រការផ្សេងៗ ទៀតដូចជាខ្យល់កន្រ្តាក់ រន្ទៈបាញ់ អគ្គិភ័យ ចាស់ជរា គ្មានទីពឹង ទីទ័លក្រ អ្នកផ្ទុកមេរោគអេដស៍-អ្នកជម្ងឺអេដស៍ សុខភាពមាតា ទារក សាងសង់ផ្ទះថ្មី និងចូលរួមបុណ្យសពផ្សេងៗ បានចំនួន ២៨៤លើក ស្មើនឹង ១.៦៨៦គ្រួសារ ៕





អត្ថបទ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា