អគ្គស្នងការនគរបាលជាតិទទួលបានសុនខជំនាញហិតគ្រឿងញៀនចំនួន១០ក្បាល ពីស៊ីម៉ាក់

កំពង់ឆ្នាំង៖នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីនកម្ពុជា ខេត្តកំពង់ឆ្នាំង​កាលពីព្រឹក​ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ ស៊ីម៉ាក់​បានប្រគល់សុនខដែលជំនាញខាងហិតគ្រឿងញៀន​ចំនួន ១០ក្បាល ជូនអគ្គស្នងការ​នគរបាល​ជាតិ ក្រោមវត្តមានឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាព​កំចាត់មីនកម្ពុជា(ស៊ីម៉ាក់,CMAC),ឧត្តមសេនីយ៍ឯក លន់ សុផាត អគ្គស្នងការរងនគរបាលជាតិតំណាងឯកឧត្តមនាយឧត្តម​​សេនីយ៍ ស ថេត  អគ្គស្នងការនគរបាលជាតិ។

ឯកឧត្តម ហេង រតនា មានប្រសាសន៍ក្នុងពិធីប្រគល់ថា នេះជា​លើកទីមួយហើយដែលវិទ្យាស្ថានបច្ចេក​ទេស​សកម្មភាពកំចាត់​មីនកម្ពុជា បានប្រគល់សុនខ ឯកទេសហិតគ្រឿងញៀនជូន​អគ្គ​ស្នងការនគរបាលជាតិ។ ថ្វីត្បិត​មិនច្រើន តែគឺជាការចាប់ផ្តើម។

ជាមួយនឹងការប្រគល់ទទួលនូវសុនខ ឯកឧត្តមក៏បានផ្ដាំផ្ញើដល់​សិក្ខាកាមដែលបានចូលមក​ហ្វឹកហាត់​ជំនាញបញ្ជា​សុនខ ហិតគ្រឿង​ញៀន សូមយកចិត្តទុកដាក់ថែរក្សា សុនខ ដែលខ្លួនមាន​តួនាទីគ្រប់​គ្រងនិង​ត្រូវបង្វឹក​បន្ថែមទៀត ដើម្បីក្រើនរំលឹកមេរៀនដល់សត្វសុនខ ឱ្យកាន់តែស្ទាត់ជំនាញ ពីព្រោះបើមិនបង្ហាត់វាទៀងទាត់ទេ វាងាយ
នឹង​ភ្លេច​ទៅវិញដែរ ។

ឯកឧត្តម ហេង រតនា ក៏បានរំលឹកពីអតីតកាលស៊ីម៉ាក់បានទិញ​សត្វសុនខពីបរទេស គឺជួបការលំបាកច្រើ​ននិងមាន​តម្លៃខ្ពស់។ ប៉ុន្តែបច្ចុប្បន្នស៊ីម៉ាក់មានសុនខ ដែលបានបង្កាត់ដោយខ្លួនឯង ព្រមទាំងមានជំនាញហិតមីន ហិតគ្រឿង​ញៀន ដើម្បីចូលរូមក្នុង​ការបង្ក្រាបបទល្មើសនានា។

យោងតាមរបាយការណ៍របស់ឧត្តមសេនីយ៍ទោ ឈិន ប៊ុនរ៉ាន នាយកវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន ស៊ីម៉ាក់ ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា វគ្គហ្វឹកហ្វឺនមូលដ្ឋានគ្រឹះនិង​អ្នកឯកទេស​បញ្ជាសុនខ​ប្រតិបត្តិការ​ហិតគ្រឿង​ញៀន ជំនាន់ទី0១ ដែលមានរយៈពេល៩៦ថ្ងៃដោយមានសិក្ខាកាមចំនួន២៥នាក់ (នគរបាល២០នាក់ និងបុគ្គលិក​ស៊ីម៉ាក់៥នាក់) ។ចាប់ផ្តើម​សិក្សាពីថ្ងៃទី៣ ខែកុម្ភៈ  ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥។ ជាលទ្ធផលវគ្គសិក្សា​ទទួល​បានគួរជាទីពេញចិត្ត ៕
ដោយ៖សុខ គឹមសៀន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner