ពិធីការិនីទូរទស្សន៍អូស្ត្រាលីត្រូវទាហានបាញ់ប្រហារ ពេលឈររាយការណ៍នៅអាមេរិក
បរទេស៖ នាង Lauren Tomasi ពិធីការិនី ទូរទស្សន៍អូស្ត្រាលី 9News កាលពីថ្ងៃទី៨ ខែមិថុនា ត្រូវបានគេបាញ់ប្រហារបណ្តាលឲ្យរងរបួស អំឡុងពេលកំពុងឈររាយការណ៍ព័ត៌មាន អំពីព្រឹត្តិការណ៍ចលាចល នៅក្នុងទីក្រុង Los Angeles រដ្ឋ California។
យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន CNA បានឲ្យដឹងថា អ្នកកាសែត ជាស្ត្រីរូបនេះ ត្រូវបានគេបាញ់នឹងគ្រាប់កៅស៊ូ ចំជើង បណ្តាលឲ្យរបួស ខណៈកំពុងរាយការណ៍ តាមទូរទស្សន៍ ផ្សាយផ្ទាល់ ប៉ុន្តែ មិនមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ឡើយ។
ភ្លាមៗ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បានចេញមុខប្រតិកម្ម ដោយបានថ្កោលទោស ចំពោះរឿង ហើយចាត់ទុកថា ជាទង្វើដ៏គួរឲ្យរន្ធត់។ លោកអះអាងថា អ្នកយកព័ត៌មាន មិនគួរត្រូវបានកំណត់ គោលដៅ វាយប្រហារនោះទេ តែលោកបញ្ជាក់ថា តួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយ គឺមានសារៈសំខាន់ ជាពិសេស។
លោក Albanese បាននិយាយទៀតថា រដ្ឋាភិបាលរបស់លោកក៏ បានលើកឡើង ពីឧប្បត្តិហេតុនេះ ប្រាប់រដ្ឋបាលសហរដ្ឋអាមេរិក រួចហើយ ផងដែរ។
កាលពីថ្ងៃទី៨ ខែមិថុនា លោកប្រធានាធិបតីអាមេរិក Donald Trump បានកែនទាហាន ដល់ទៅជិត៥ពាន់នាក់ ទៅកាន់ទីក្រុង Los Angeles ដើម្បីបង្ក្រាបការតវ៉ា តាមដងផ្លូវប្រឆាំងនឹងការឆ្មក់ចាប់ជនអន្តោប្រវេសន៍ របស់មន្ត្រី ក្រោមរដ្ឋបាល របស់លោក Trump ដែលបានផ្ទុះឡើង តាំងពីចុងសប្តាហ៍៕
ប្រភពពី CNA ប្រែសម្រួល៖ សារ៉ាត