Zelenskyទទូចឲ្យរួមគ្នាបន្ថោកតម្លៃប្រេងរុស្ស៊ី

បរទេស៖ មេដឹកនាំអ៊ុយក្រែន លោក Zelensky កាលពីថ្ងៃអង្គារ បានអំពាវនាវឱ្យមានការដាក់ទណ្ឌកម្មកាន់តែខ្លាំងពីអន្តរជាតិ លើទីក្រុងម៉ូស្គូ ជាមួយនឹងការបន្ថោកតម្លៃប្រេង របស់ប្រទេសរុស្ស៊ី។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានអំពាវនាវឱ្យមានការដាក់ទណ្ឌកម្មកាន់តែខ្លាំងលើប្រទេសរុស្ស៊ី បែបនេះ តាមរយៈ សុន្ទរកថា ពេលល្ងាចរបស់លោក។

លោកបាននិយាយថា «យើងត្រូវកំណត់ លើក្រុមនាវាដឹកប្រេងរបស់រុស្ស៊ីឱ្យបានច្រើន តាមដែលអាចធ្វើទៅបាន … ហើយធ្វើអ្វីគ្រប់យ៉ាង បន្ថោកតម្លៃប្រេងរបស់រុស្ស៊ី ឱ្យទាបជាងតម្លៃដែលពួកគេអាចទ្រាំទ្របាន»។ លោក Zelensky បន្តថា ដៃគូនីមួយៗដឹងពីតម្លៃកំណត់ ដែលត្រូវការ គឺត្រឹម៣០ដុល្លារ ក្នុងមួយបារ៉ែល មិនត្រូវខ្ពស់ជាងនេះទេ។

ថ្មីៗនេះ សហភាពអឺរ៉ុបបានស្នើឱ្យកាត់បន្ថយកម្រិតតម្លៃលើការនាំចេញប្រេងទៅលើពិភពលោករបស់រុស្ស៊ី ផងដែរ ដែលជាផ្នែកនៃកញ្ចប់ទណ្ឌកម្មថ្មី ជុំវិញសង្គ្រាមអ៊ុយក្រែន។ គណៈកម្មការអឺរ៉ុប ដែលជាប្រតិបត្តិរបស់សហភាពអឺរ៉ុប បានស្នើឱ្យកាត់បន្ថយតម្លៃប្រេងបច្ចុប្បន្ន ពី៥០ ដុល្លារទៅ ៤៥ ដុល្លារអាមេរិក ក្នុងមួយបារ៉ែល៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner