លោកត្រាំថានឹងប្រើកម្លាំងយោធាដ៏ខ្លាំងប្រឆាំងអ្នកតវ៉ា
បរទេស៖ លោក ប្រធានាធិបតីអាមេរិក Donald Trump បានអះអាង កាលពីថ្ងៃអង្គារថា យោធានឹងប្រើប្រាស់ “កម្លាំងដ៏ខ្លាំង” ប្រឆាំងនឹងក្រុមអ្នកតវ៉ា នៅទីក្រុង Los Angeles (LA)។
លោកបានអះអាងថា ទីក្រុង Los Angeles កំពុងត្រូវបានឈ្លានពាន ដោយ «សត្រូវបរទេស» ហើយបានប្តេជ្ញាថា នឹង “រំដោះ” ទីក្រុងនេះ បន្ទាប់ពីមានការតវ៉ា ជាច្រើនថ្ងៃ ជំទាស់នឹងការវាយឆ្មក់ របស់មន្ត្រីអន្តោប្រវេសន៍។
លោក Trump បានពណ៌នាក្រុមបាតុករថា ជា “សត្វ” ដែល “កាន់ទង់ជាតិ ប្រទេសដទៃ ដោយមោទនភាព”។ លោក Trump បានភ្ជាប់ក្រុមបាតុករ ទៅនឹងអ្វីដែលលោកហៅថា “ការធ្វើចំណាកស្រុក ដោយមិនមានការគ្រប់គ្រង”។
លោក Trump បាននិយាយថា «ដូចដែលពិភពលោកទាំងមូល អាចមើលឃើញ ឥឡូវនេះ ការធ្វើចំណាកស្រុក ដោយមិនមានការគ្រប់គ្រង នាំឱ្យមានភាពវឹកវរ ភាពមិនដំណើរការ និងភាពមិនប្រក្រតី»។
លោកអះអាងថា ក្រុមអន្តោប្រវេសន៍ ក៏កំពុងកើនឡើង នៅអឺរ៉ុបផងដែរ ដោយបានស្នើឲ្យអឺរ៉ុប ត្រូវដាក់ចេញវិធានការបន្ថែម មុនពេលអ្វីៗ យឺតពេល៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត