ឯកឧត្ដម ហ៊ុន ម៉ានី៖ ការចូលរួមចំណែករបស់យើងទាំងអស់គ្នា គឺជាថាមពលជំរុញទឹកចិត្តកងកម្លាំងប្រដាប់អាវុធទាំងអស់ឱ្យមានស្មារតីអង់អាច ត្រៀមលក្ខណៈបានជាស្រេចក្នុងបុព្វហេតុខឿនការពារជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានបញ្ជាក់ថា ការចូលរួមចំណែករបស់យើងទាំងអស់គ្នានេះ គឺជាថាមពលជំរុញទឹកចិត្តបងប្អូនកងកម្លាំងប្រដាប់ អាវុធទាំងអស់ឱ្យមានស្មារតីអង់អាច ត្រៀមលក្ខណៈបានជាស្រេចក្នុងបុព្វហេតុខឿនការពារជាតិរបស់កម្ពុជាពិតជារឹងមាំហើយ កាន់តែខ្លាំងក្លាបំផុត។ ការបញ្ជាក់នេះ ក្នុងឱកាសដែលឯកឧត្តមបានដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខកងទ័ពការពារតំបន់ព្រំដែនកម្ពុជា-ថៃ នៅខេត្តព្រះវិហារ នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥។
ឯកឧត្ដម ហ៊ុន ម៉ានី បានថ្លែងថា ថ្ងៃនេះ ក្រោមគំនិតផ្តួចផ្តើមរបស់សហភាពសហព័ន្ធយុវជនកម្ពុជា យើងបានធ្វើចលនាកៀរគរជំនួយជាថវិកា និងសម្ភារៈចាំបាច់ដែលជាការរួមចំណែករបស់បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានរួមមាន៖ ព្រះសង្ឃ បងប្អូនសាសនិកអ៊ិស្លាម គ្រឹះស្ថានអប់រំ វិស័យឯកជន កីឡាករ កីឡាការិនី កីឡាករប៉ារ៉ាឡាំពិក សិល្បករ សិល្បការិនី និងប្រជាពលរដ្ឋទូទៅគ្រប់ស្រទាប់កោសិកាសង្គម។ ការចូលរួមដោយស្ម័គ្រចិត្តរបស់បងប្អូនពីគ្រប់ទិសទីបង្ហាញឱ្យឃើញនូវទឹកចិត្ត និងឆន្ទៈស្នេហាជាតិរបស់កូនខ្មែរ។
ជាមួយគ្នានេះ ឯកឧត្ដម ហ៊ុន ម៉ានី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដ៏ស្មោះអស់ពីបេះដូងនូវកាយវិការចែករំលែកដ៏មានអត្ថន័យរបស់បងប្អូនទាំងអស់គ្នាទៅកាន់វីរយុទ្ធជនការពារជាតិរបស់យើង។ ការចូលរួមចំណែករបស់យើងទាំងអស់គ្នានេះគឺជាថាមពលជំរុញទឹកចិត្តបងប្អូនកងកម្លាំងប្រដាប់ អាវុធទាំងអស់ឱ្យមានស្មារតីអង់អាច ត្រៀមលក្ខណៈបានជាស្រេចក្នុងបុព្វហេតុខឿនការពារជាតិរបស់កម្ពុជាពិតជារឹងមាំហើយ កាន់តែខ្លាំងក្លាបំផុត៕
ដោយ៖ពលជ័យ
រូបភាព៖ឡុង ដេវីត







