មហាសេដ្ឋី Elon Musk សោកស្តាយដែលនិយាយរិះគន់លោក Trump
បរទេស៖ លោកមហាសេដ្ឋី Elon Musk បានអះអាង នៅថ្ងៃពុធ ទី១១ ខែមិថុនានេះ ថា លោក សោកស្តាយ ចំពោះការនិយាយរិះគន់ ចំពោះរូបលោក ប្រធានាធិបតីអាមេរិក Donald Trump នាពេលកន្លងមក នេះបើតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន Nypost។
ការប្រកាស ហាក់ដឹងខ្លួនខុស របស់លោក Musk បែបនេះ បានកើតឡើង បន្ទាប់ពី រយៈពេលប្រមាណ មួយសប្តាហ៍ ដែលទំនាក់ទំនងរបស់លោក ជាមួយលោក Trump បានបែកបាក់ ប្រកាស ជាសាធារណៈ។ នាយកប្រតិបត្តិក្រុមហ៊ុន Tesla និង SpaceX រូពនេះ បានរិះគន់ ម្តងហើយម្តងទៀត អំពីច្បាប់ថវិកា របស់លោក Trump។
នៅលើបណ្តាញសង្គម X លោក Elon Musk បានរៀបរាប់ថា «ខ្ញុំសោកស្តាយចំពោះការបង្ហោះរបស់ខ្ញុំ មួយចំនួន អំពីប្រធានាធិបតី @realDonaldTrump កាលពីសប្តាហ៍មុន …ការនិយាយទាំងនេះ ជ្រុលពេកហើយ»។ យ៉ាងណាមិញ លោក Elon Musk មិនបានបង្ហាញលម្អិត ពីការសោកស្តាយ ចំពោះ ការនិយាយរិះគន់ បែបណា នោះទេ។
ជាការកត់សម្គាល់ ចាប់តាំងពីជម្លោះ បានចាប់ផ្តើមមក លោក Musk បានលុបការបង្ហោះ តាមប្រព័ន្ធផ្សព្វផ្សាយសង្គមមួយចំនួន ដែលធ្លាប់រិះគន់លោក Trump។ ប្រភពជិតស្និទ្ធនឹង លោក Musk បាននិយាយថា កំហឹងរបស់លោកមហាសេដ្ឋីរូបនេះ បានចាប់ផ្តើម ធូរស្រាល ហើយពួកគេជឿថា លោកប្រហែលជាចង់ជួសជុលទំនាក់ទំនង ជាមួយ Trump ឡើងវិញ។
គួរបញ្ជាក់ដែរថា បន្ទាប់ពីលោក Elon Musk ប្រកាសសោកស្តាយភ្លាម ភាគហ៊ុនរបស់ក្រុមហ៊ុនឡានអគ្គិសនី Tesla នៅ Frankfurt បានកើនឡើង ២.៤៤% ឡើងវិញ៕
ប្រភពពី Nypost ប្រែសម្រួល៖ សារ៉ាត