ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ប្រាប់ប្រជាពលរដ្ឋឱ្យជឿជាក់លើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយវិវាទព្រំដែនកម្ពុជា-ថៃ
ព្រះវិហារ៖ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.)បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យលើកទឹកចិត្តដល់កងទ័ព និងជឿជាក់មកលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយវិវាទព្រំដែនកម្ពុជា-ថៃ ។

ការអំពាវនាវនេះធ្វើឡើងក្នុងពិធីជួបសំណេះសំណាលសួរសុខទុក្ខ និងប្រគល់អំណោយរបស់ស.ស.យ.ក.ជូនដល់កងទ័ពនៅទីបញ្ជាការដ្ឋានអង្គរក្សស្ថិតក្នុងភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារកាលពីព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥។

ឯកឧត្តម ហ៊ុន ម៉ានី បន្តថា ក្នុងនាមប្រជាពលរដ្ឋខ្មែរស្រលាញ់ទឹកដីរបស់ប្រទេសយើង គឺត្រូវតាមដានស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ គ្រប់កាលៈទេសៈ និងគាំទ្រលើចំណាត់ការណ៍ទាំងបីរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃ ដែលក្នុងនោះរួមមាន ការទូត ច្បាប់ និងយោធា។

ជាការកត់សម្គាល់ ស.ស.យ.ក.បានចលនារៃអង្គាសថវិកា និងសម្ភារៈជូនដល់វីរកងទ័ពដែលកំពុងឈរជើងការពារជាតិនៅខ្សែបន្ទាត់ព្រំដែន។គំនិតផ្តួចផ្តើមនេះ បានអនុញ្ញាតឱ្យប្រជាពលរដ្ឋទូទៅស្ម័គ្រចិត្តបរិច្ចាគធនធានផ្ទាល់ខ្លួនចូលរួមជួយឧបត្ថម្ភដល់សមរភូមិមុខ។

សូមជម្រាបថា អំណោយជា ស្បៀង សម្ភារៈ និងថវិកា ដែលស.យ.យ.ក.ទទួលបានពីសមាជិក សមាជិកា ស.ស.យ. ក. វិស័យឯកជន សាធារណជន និងអង្គភាពពាក់ព័ន្ធនានា ជូនកងទ័ព និងគ្រួសារកងទ័ពមានថវិកាចំនួន ១៨ម៉ឺនដុល្លារអាមេរិក និងគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ជាច្រើនទៀត៕
ដោយ៖សួន លីណា



