ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជំរុញមន្រ្តីទាំងអស់ត្រូវមានភាពវាងវៃ មាននវានុវត្តន៍ ដើម្បីរួមគ្នាអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានវឌ្ឍនភាពឆ្ពោះទៅមុខប្រកបដោយភាពឯករាជ្យម្ចាស់ការ
(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានជំរុញឱ្យការអនុវត្តការងាររបស់មន្ត្រីទាំងអស់ ត្រូវមានភាពវាងវៃ មាននវានុវត្តន៍ ចេះបត់បែនតាមសភាពការណ៍ និងចេះដោះស្រាយបញ្ហានានាជុំវិញខ្លួន ដើម្បីរួមគ្នាអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានវឌ្ឍនភាពឆ្ពោះទៅមុខប្រកបដោយភាពឯករាជ្យម្ចាស់ការ ។
នេះជាការថ្លែងរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ក្នុងឱកាសដឹកនាំកិច្ចប្រជុំពិភាក្សាលើសេចក្តីណែនាំស្ដីពីធ្លាគំលាតនគរូបនីយកម្ម និងការផ្ដល់លិខិតអនុញ្ញាតសាងសង់ សមត្ថកិច្ចរបស់រដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ដែលបានធ្វើឡើងនៅទីស្ដីការក្រសួង នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ មានប្រសាសន៍ថា ការជួបជុំគ្នានាពេលនេះ គឺដើម្បីស្នើសុំមតិយោបល់បន្ថែមទាក់ទិននឹងធ្លាគំលាតនគរូបនីយកម្ម និងការកំណត់យន្តការនិងនីតិវិធី ដើម្បីទទួលបានលិខិតអនុញ្ញាតសាងសង់ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ទាំងនេះមិនមែនជាភារកិច្ចរបស់អគ្គនាយកដ្ឋានសំណង់តែម្នាក់ឯងនោះទេ ប៉ុន្តែត្រូវរួមឯកភាពគ្នាគ្រប់អគ្គនាយកដ្ឋានទាំងអស់ ដោយចូលរួមមតិយោបល់ រួមគិត រួមទទួលខុសត្រូវ ដើម្បីអនុវត្តកិច្ចការនេះឱ្យបានល្អ ពីព្រោះដល់ពេលវេលាហើយដែលយើងទាំងអស់គ្នាត្រូវរឹងមាំដោយខ្លួនឯង ដើម្បីជំរុញការអភិវឌ្ឍន៍ប្រទេសជាតិឱ្យឈានឆ្ពោះទៅមុខ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា យើងទាំងអស់គ្នាត្រូវរៀបចំយន្តការថ្មី ដើម្បីកែប្រែស្ថានភាពដែលមិនសូវល្អទាក់ទិននឹងវិស័យសំណង់ និងនគរូបនីយកម្ម ឱ្យមកល្អប្រសើរឡើងវិញ ពីព្រោះដើម្បីបង្កើតបរិយាកាសគ្មានវិវាទនៅក្នុងប្រទេសកម្ពុជាបាន លុះត្រាតែយើងត្រូវចុះបញ្ជីដីធ្លីបង្ហើយនិងដោះស្រាយវិវាទសំណង់ឱ្យបានចប់សព្វគ្រប់ នោះទើបយើងអាចឈានទៅរកការផ្ដល់សេវាគាប់ចិត្តជូនប្រជាពលរដ្ឋបន្តទៀតបាន ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានណែនាំដល់សមាជិកអង្គប្រជុំត្រូវអនុវត្តកិច្ចការរបស់ខ្លួន ដោយកំណត់យន្តការធ្វើយ៉ាងណាកុំឲ្យប្រជាពលរដ្ឋមានការរងសម្ពាធ រឺមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋអាចទទួលយករាល់គោលការណ៍ដែលត្រូវអនុវត្តទាំងនោះបាន ទាក់ទិននឹងវិស័យសំណង់ និងនគរូបនីយកម្ម ៕





ដោយ / គ្រី សម្បត្តិ