លោក Trump អះអាងថា ចិនព្រមផ្គត់ផ្គង់រ៉ែកម្រឲ្យអាមេរិក ជាធម្មតាវិញ
បរទេស៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានអះអាង តាមរយៈបណ្តាញសង្គម Truth Social កាលពីថ្ងៃទី១១ ខែមិថុនាថា ប្រទេសចិនព្រមផ្គត់ផ្គង់រ៉ែកម្រ ដល់សហរដ្ឋអាមេរិក ជាធម្មតាវិញ ផ្អែកតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីមួយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន CNBC។
លោក Trump បានអះអាងថា តាមរយៈការព្រមព្រៀងចុងក្រោយនេះ ទំនាក់ទំនងរវាងប្រទេស ដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរ ត្រូវបានកែលម្អរួចរាល់ ក្នុងនោះ អាមេរិកនឹងទទួលបានពន្ធសរុប៥៥% ហើយ ប្រទេសចិននឹងទទួលបាន ១០% ។
លោកបានបន្ថែមថា មេដែក និង រ៉ែកម្រចាំបាច់ នឹងត្រូវបានផ្គត់ផ្គង់ ដោយប្រទេសចិនឡើងវិញ ហើយសហរដ្ឋអាមេរិក នឹងធ្វើសម្បទានមួយចំនួន ដូចជា អនុញ្ញាតឱ្យនិស្សិតចិន ចូលរៀន នៅមហាវិទ្យាល័យ និងសាកលវិទ្យាល័យ នៅសហរដ្ឋអាមេរិក។
កិច្ចព្រមព្រៀងនេះ នឹងត្រូវចុះហត្ថលេខាអនុម័តចុងក្រោយ រវាងរូបលោកផ្ទាល់ និង លោក ប្រធានាធិបតីចិន Xi Jinping។ លោក Trump បានសង្កត់ធ្ងន់ថា លោកមានបំណងធ្វើការយ៉ាងជិតស្និទ្ធ ជាមួយ លោក Xi ដើម្បីបើកទូលាយដល់ប្រទេសចិន ចំពោះពាណិជ្ជកម្មអាមេរិក ដោយពណ៌នា ការរំពឹងទុកថា ជា «ជ័យជម្នះដ៏អស្ចារ្យ សម្រាប់ប្រទេសទាំងពីរ!!!»។
ការអះអាងរបស់លោក Trump បានធ្វើឡើង ក្រោយពេលតំណាងមកពីភាគីទាំងសងខាង បានលាតត្រដាង កាលពីថ្ងៃអង្គារថា កិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ ត្រូវបានសម្រេចឲ្យមាន បន្ទាប់ពីថ្ងៃទីពីរ នៃកិច្ចពិភាក្សាកម្រិតខ្ពស់ នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។ កាលពីសប្តាហ៍មុន មេដឹកនាំមហាអំណាច ទាំងពីរ ក៏បានជួបគ្នា តាមទូរស័ព្ទ ផងដែរ។
រ៉ែ និងមេដែក ដ៏កម្រ ដែលប្រើប្រាស់យ៉ាងទូលំទូលាយ សម្រាប់ផ្នែករថយន្ត និងវិស័យការពារជាតិ បានលេចចេញជាចំណុចស្អិតជាប់ រវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរ។ ដោយគេដឹងថា ចិនគឺជាប្រទេសផ្គត់ផ្គង់រ៉ែដ៏សំខាន់ ក្នុងនោះ គ្រប់ដណ្តប់ការចែកចាយ ដល់ពិភពលោក ប្រហែល៦០ភាគរយ។
ក្រសួងពាណិជ្ជកម្ម របស់ប្រទេសចិន កាលពីដើមខែមេសា បានដាក់ការរឹតបន្តឹងលើការនាំចេញរ៉ែសំខាន់ៗ ជាយុទ្ធសាស្ត្រ ដើម្បីឆ្លើយតបទៅនឹងការដំឡើងពន្ធ របស់លោក Trump លើផលិតផលនាំចេញ របស់ទីក្រុងប៉េកាំង៕
ប្រភពពី CNBC ប្រែសម្រួល៖ សារ៉ាត