ព្រឹទ្ធសមាជិកអាមេរិកត្រូវបានអូសចេញពីសន្និសីទកាសែត
បរទេស ៖ សមាជិកព្រឹទ្ធសភាអាមេរិក ត្រូវបានអូសចេញដោយបង្ខំ ពីសន្និសីទសារព័ត៌មាន របស់មន្ត្រីក្រោមរដ្ឋបាល លោកប្រធានាធិបតី Donald Trump កាលពីថ្ងៃព្រហស្បតិ៍។

វីដេអូដែលចេញផ្សាយ ដោយការិយាល័យ របស់សមាជិកព្រឹទ្ធសភាអាមេរិក ឈ្មោះ Alex Padilla បង្ហាញថា អ្នកមកពីបក្សប្រជាធិបតេយ្យ នៅរដ្ឋកាលីហ្វ័រញ៉ា រូបនេះ ត្រូវបានបណ្តេញចេញពីបន្ទប់ដោយមន្ត្រីអនុវត្តច្បាប់ នៅឯអគារសហព័ន្ធ ក្នុងទីក្រុង Los Angeles បន្ទាប់ពីលោក បានព្យាយាមសួរសំណួរ ទៅកាន់រដ្ឋមន្ត្រីសន្តិសុខមាតុភូមិ លោកស្រី Kristi Noem អំពីការវាយឆ្មក់ជនអន្តោប្រវេសន៍ ដែលបានបង្កឱ្យមានការតវ៉ា។

សន្និសីទសារព័ត៌មាននេះ ត្រូវបានធ្វើឡើង បន្ទាប់ពីមានការតវ៉ា ជិតមួយសប្តាហ៍ នៅក្នុងទីក្រុង Los Angeles ដែលបង្កឡើង ដោយការបង្ក្រាបជនអន្តោប្រវេសន៍។ បាតុកម្មអហិង្សា ប្រែក្លាយជាអំពើហិង្សា រួមមាន ការដុតបំផ្លាញរថយន្ត និងគប់ដុំថ្ម ដាក់ប៉ូលិស។

សេតវិមានបានឆ្លើយតបជាមួយនឹងកម្លាំងដ៏លើសលប់ ដោយបានបញ្ជូនទាហាន ចំនួន៤,៧០០នាក់ ទៅកាន់ទីក្រុងនេះ បើទោះបីជាមានការជំទាស់ពីមន្ត្រីក្នុងតំបន់ និងប៉ូលីស ដែលបាននិយាយថា ពួកគេមានកម្លាំងមនុស្ស និងសមត្ថភាព ក្នុងការដោះស្រាយភាពចលាចល ដែលបានកើតឡើងនៅក្នុងប្លុកទីក្រុងមួយចំនួន ក៏ដោយ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

