លោក Trump សង្ឃឹមថាអ៊ីរ៉ង់ចូលតុចរចា ក្រោយអ៊ីស្រាអែលវាយប្រហារ

បរទេស ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថ្លែងប្រាប់ Fox News នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥នេះថា លោកសង្ឃឹមថា អ៊ីរ៉ង់នឹងចូលតុចរចា ក្រោយពេលត្រូវបានអ៊ីស្រាអែលវាយប្រហារ តាមអាកាស លើរដ្ឋធានីតេហេរ៉ង់ និទីតាំងនុយក្លេអ៊ែរ ស្លាប់មនុស្ស យ៉ាងតិច ៥នាក់ រួមទាំង មេបញ្ជាការយោធាជាន់ខ្ពស់ របស់អ៊ីរ៉ង់។

យោងតាមការចុះផ្សាយ របស់កាសែត RT លោក ដូណាល់ ត្រាំ បានអះអាង
ប្រាប់អ្នកអត្ថាធិប្បាយព័ត៌មាន របស់ Fox News លោក Bret Baier ឲ្យដឹងថា ទីក្រុងវ៉ាស៊ីនតោន មិនពាក់ព័ន្ធនឹងការវាយប្រហារ របស់អ៊ីស្រាអែលលើ អ៊ីរ៉ង់នោះទេ។ យ៉ាងណាមិញ លោក ត្រាំ បានបញ្ជាក់ យ៉ាងច្បាស់ៗថា អាមេរិក នឹងជួយការពារអ៊ីស្រាអែល បើពិតជាមានការវាយបកពីរដ្ឋាភិបាល ក្រុងតេហេរ៉ង់។

ជាមួយគ្នានេះ លោក ត្រាំ បានលើកឡើង ទៀតថា «អ៊ីរ៉ង់មិនអាចមានគ្រាប់បែកនុយក្លេអ៊ែរបានទេ ហើយយើងសង្ឃឹមថា នឹងត្រឡប់ ទៅតុចរចា វិញ»។ លោក Trump បានបន្ថែមថា លោកកំពុងតាមដានថា តើអ៊ីរ៉ង់នឹងសងសឹកដែរ ឬទេ។

អ៊ីរ៉ង់អះអាងថា ខ្លួននឹងមិនអត់ឱនចំពោះ “ការឈ្លានពាន” របស់អ៊ីស្រាអែលទេ ហើយបានព្រមានថា “មេរៀនដ៏ជូរចត់មួយ កំពុងរង់ចាំ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Netanyahu” ។

មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Khamenei បាននិយាយ កាលពីព្រឹកថ្ងៃសុក្រថា អ៊ីស្រាអែល នឹងរងការដាក់ទណ្ឌកម្មធ្ងន់ធ្ងរ ។

លោក Trump បាននិយាយថា មន្ទីរបង់តាហ្គោន មានការប្រុងប្រយ័ត្នខ្ពស់៕

ប្រភពពី RT ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner