សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ បញ្ហាពីរនឹងមិនលើកមកពិភាក្សា​ក្នុងកិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះកម្ពុជា-ថៃ នៅព្រឹកស្អែក

ភ្នំពេញ៖សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បញ្ជាក់ថា បញ្ហាពីរ គឺបញ្ហាព្រំដែនពាក់ព័ន្ធនឹងប្រាសាទតាមាន់ធំ ប្រាសាទ​តាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី និងបញ្ហាបិទព្រំដែន នឹងមិនលើកមកពិភាក្សាក្នុងកិច្ចប្រជុំគណៈ​កម្មការ​ព្រំដែនចម្រុះ​(ជីប៊ីស៊ី,JBC) កម្ពុជា-ថៃនៅព្រឹកស្អែកទេ ។

លើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការនារាត្រីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហោះសារ
យ៉ាងដូច្នេះថា ថ្ងៃសៅទី១៤ មិថុនា ឆ្នាំ ២០២៥ គណៈកម្មការ​ព្រំដែនចម្រុះ (JBC) កម្ពុជា-ថៃ និងជួបប្រជុំគ្នាក្រោយ​ពីខកខានមិនបានប្រជុំអស់រយៈពេល ១២ឆ្នាំ។ កម្ពុជាបន្ត​សហការជាមួយភាគីថៃដើម្បីជំរុញការវាស់វែង ខ័ណ្ឌសីមា និង​បោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរដែលនៅសេសសល់ (ក្រៅពីតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទ​តាក្របី និងតំបន់មុំបី) ដោយប្រើប្រាស់​យន្តការគណៈ​កម្មការ​ព្រំដែនចម្រុះ(JBC) ។

ខ្ញុំសូមបញ្ជាក់ជូនបងប្អូនជនរួមជាតិឱ្យបានជ្រាបថា បញ្ហាពីរ​ដែល​នឹងមិនត្រូវលើកមកពិភាក្សានៅក្នុងកិច្ចប្រជុំ JBC ថ្ងៃស្អែកគឺ៖
១. បញ្ហាព្រំដែនពាក់ព័ន្ធនឹងប្រាសាទតាមាន់ធំ ប្រាសាទតាមាន់​តូច ប្រាសាទតាក្របី និងតំបន់មុំបី នឹងមិនត្រូវ​លើក​យកមក​ពិភាក្សា​ក្នុងកិច្ចប្រជុំ JBC នេះទេ ព្រោះកម្ពុជាបានសម្រេចយក​បញ្ហាព្រំដែននៅតំបន់ទាំងបួនទៅដោះស្រាយ​នៅតុលាការយុត្តិធម៌​អន្តរជាតិ (ICJ) ។

ភាគីកម្ពុជានៅរង់ចាំការបញ្ជាក់ជំហររបស់ភាគីថៃក្នុងកិច្ចប្រជុំ JBC ស្អែកនេះថា តើថៃនឹងចូលរួមជាមួយកម្ពុជាក្នុង​ការយកបញ្ហានៅតំបន់ទាំងបួននេះទៅតុលាការយុត្តិធម៌អន្តរជាតិឬទេ? ខ្ញុំសូមបញ្ជាក់ជូនបងប្អូនរួមជាតិសារជាតិថ្មីថា បើទោះជាភាគីថៃមិនព្រម ឬមិនផ្ដល់ចម្លើយ កម្ពុជានឹងប្ដឹងជាឯកតោភាគីទៅ ICJ នៅតំបន់ទាំងបួននេះ ដោយក្រសួង​ការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ នឹងបញ្ជូនលិខិតជាផ្លូវការទៅតុលាការយុត្តិធម៌អន្តរជាតិនៅថ្ងៃអាទិត្យទី ១៥ មិថុនា ២០២៥ ខានស្អែកនេះ។

២. បញ្ហាការបិទព្រំដែនក៏នឹងមិនត្រូវដាក់ជាកម្មវត្ថុក្នុង​ការ​ពិភាក្សា ក្នុងកិច្ចប្រជុំ JBC ស្អែកនេះដែរ ម្យ៉ាងដោយសារការ​បិទឬ​បើកច្រកព្រំដែន​មិនមែនជាសមត្ថកិច្ចរបស់ JBC ទេ។ ម្យ៉ាងទៀតគឺ ដំណោះស្រាយពាក់ព័ន្ធជាមួយ​នឹងការបិទ​ច្រកព្រំដែននេះ គឺងាយស្រួលដោះស្រាយទេ បើសិនជាកងទ័ពថៃដែលបានចាប់ផ្ដើមដាក់វិធានការ​បិទច្រកព្រំដែន​ជាឯកតោភាគី កាលពីថ្ងៃទី៧ មិថុនាកន្លងទៅនេះ ធ្វើការបើកព្រំដែនដូចស្ថានភាពដើមជាឯកតោភាគីវិញនោះ។ កម្ពុជា មិនមានបំណងបង្កបញ្ហាដែលនាំឱ្យប៉ះពាល់​ដល់ការធ្វើដំណើរ ឬការធ្វើពាណិជ្ជកម្មរបស់ប្រជាជនថៃនិង​កម្ពុជាតាម​ព្រំដែនទេ។ ប៉ុន្តែកម្ពុជា ក៏មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការដាក់ចេញនូវវិធានការនានាដើម្បីឆ្លើយតបទៅនឹងការគំរាម​កំហែងឬការដាក់សម្ពាធពីខាងក្រៅ ។

សូមបញ្ជាក់ថា កម្ពុជា មិនមែនជាអ្នកចាប់ផ្ដើមបញ្ហានេះទេ។ ហេតុដូច្នេះកម្ពុជា ក៏មិនត្រូវជាអ្នកដែលបញ្ចប់​បញ្ហានេះ​មុនដែរ​នោះទេ។ រឿងដែលកើតឡើងដោយឯកតោភាគី ត្រូវបញ្ចប់​វិញដោយឯកតោភាគី។ មិនមានការចាំបាច់​ចរចាគ្នា​នោះទេ។ អ្នកណា​ចាប់ផ្ដើមមុន អ្នកនោះបញ្ចប់មុនទៅជាការស្រេច ៕
ដោយ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner