សម្តេចតេជោ ហ៊ុន សែន ស្នើសុំមិត្តបរទេសលើកទឹកចិត្តឱ្យភាគីថៃដំណើរការក្តីតាមផ្លូវតុលាការយុត្តិធម៌អន្តរជាតិ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានគូសរំលេចថា មកដល់ពេលនេះបងប្អូនជនរួមជាតិ និងមិត្តភក្តិបរទេស ប្រហែលជាអាចយល់បានហើយថា ហេតុអ្វីបានជាខ្ញុំ សម្រេច ចេញបញ្ជាឱ្យក្រសួងការបរទេស និងតំណាងកម្ពុជាដែលចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ បោះឆ្នោតប្រឆាំងរុស្ស៊ី ដែលវាយចូលប្រទេសអ៊ុយក្រែន កាលពីឆ្នាំ២០២២ ដែលធ្វើឱ្យប្រទេសជាច្រើន មានការភ្ញាក់ផ្អើលអំពីឥរិយាបថរបស់កម្ពុជា។
លើបណ្តាញសង្គមហ្វេសប៊ុកនារាត្រីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ សម្ដេចតេជោបានសរសេរបន្តទៀតថា “ខ្ញុំគិតថាថ្ងៃណាមួយ ថៃនឹងធ្វើសកម្មភាពដូចកាលពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១១ទៀតហើយ។ ពេលនេះ ភាពគឃ្លើនមិនគោរពច្បាប់បានបង្ហាញចេញមកហើយ។ ដូចនេះ គេអាចពន្យល់បានហើយអំពីការគិតរបស់ខ្ញុំសម្រាប់ពិភពលោក ដែលគោរពច្បាប់ផង និងសម្រាប់អនាគតកម្ពុជា ជាមួយប្រទេសថៃផង។ កម្ពុជា អំពាវនាវដល់បណ្តារដ្ឋដែលអនុវត្តនយោបាយការបរទេសផ្អែកលើច្បាប់ លើកទឹកចិត្តដល់ភាគីទាំងពីរដោះស្រាយបញ្ហាដោយសន្តិវិធី និងគោរពតាមច្បាប់”។
សម្ដេចតេជោ ហ៊ុន សែន បានបន្តថា សំណូមពររបស់កម្ពុជា គឺស្នើសុំឱ្យបណ្តារដ្ឋ ដែលគោរពច្បាប់ លើកទឹកចិត្តភាគីថៃ ដំណើរការក្តីតាមផ្លូវតុលាការយុត្តិធម៌អន្តរជាតិ( ICJ) លើសំណុំរឿងព្រំដែនជាមួយកម្ពុជាលើ៤ចំណុច៖
ទី១ តំបន់មុំបីនៃព្រំដែនកម្ពុជា-ឡាវ-ថៃ
ទី២ ប្រាសាទតាមាន់ធំ
ទី៣ ប្រាសាទតាមាន់តូច និង
ទី៤ ប្រាសាទតាក្របី។
កម្ពុជា មិនស្នើសុំអាវុធ-គ្រាប់ ដើម្បីវាយប្រយុទ្ធបង្ហូរឈាមគ្នារវាងកម្ពុជានិងថៃនោះទេ តែកម្ពុជាស្នើសុំឱ្យលើកទឹកចិត្តដោះស្រាយដោយសន្តិវិធីតាមរយៈការចរចា តាមយន្តការទ្វេភាគីផង និងតាមផ្លូវតុលាការផង។ ព្រំដែនកម្ពុជា-ថៃមានប្រវែងជាង៨០០គីឡូម៉ែត្រ កម្ពុជាលើកតែ៤ចំណុច ដែលជាចំណុចក្តៅ និងរសើប ដែលងាយនឹងផ្ទុះអាវុធវាយប្រហារគ្នាប្តឹងទៅតុលាការដោះស្រាយជាមុន។
សម្ដេចតេជោ ហ៊ុន សែន បន្តថា បួនចំណុចដូចបានរៀបរាប់ខាងលើ មិនអាចរកការស្រុះស្រួលគ្នាតាមយន្តការទ្វេភាគីបានឡើយ សូម្បីតែ១០០ឆ្នាំទៀតក៏មិនអាចដោះស្រាយបានដែរ។ ដូចនេះ មានតែតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ប៉ុណ្ណោះ ទើបអាចដោះស្រាយបាន។ការដោះស្រាយតាមផ្លូវតុលាការមិនមែនជាការបង្កហេតុបង្កសង្គ្រាមនោះឡើយ តែជាការដោះស្រាយដោយសន្តិវិធីតាមផ្លូវច្បាប់បញ្ជៀសការបង្ហូរឈាមនាពេលអនាគត។ សម្រាប់រាជរដ្ឋាភិបាល ក៏ងាយស្រួលក្នុងការបកស្រាយជាមួយប្រជាជនខ្លួនផងដែរ ក្នុងករណីចាញ់ក្តីនៅតុលាការ។
សម្ដេចតេជោបន្តថា ក្នុងចំណោមប្រទេសអាស៊ាន មានឧទាហរណ៍ដ៏ល្អ ដែលឥណ្ឌូនេស៊ី និងម៉ាឡេស៊ី, សិង្ហបុរី និងម៉ាឡេស៊ី នាំយកជម្លោះទឹកដី ទៅឱ្យតុលាការយុត្តិធម៌អន្តរជាតិ ICJ ដោះស្រាយដោយភាគីនីមួយៗ គោរពតាមការសម្រេចរបស់តុលាការ។ ជាលទ្ធផលទំនាក់ទំនងរវាង ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី និងទំនាក់ទំនងម៉ាឡេស៊ី ជាមួយសិង្ហបុរី នៅតែល្អ និងគ្មានជម្លោះតកូនតចៅ។
ការគេចវេសណាមួយមិនហ៊ានចូលតាមផ្លូវតុលាការ វាមានន័យស្មើជាមួយការប្រព្រឹត្តបទល្មើស និងការមិនគោរពច្បាប់ ក្នុងសណ្តាប់ធ្នាប់ពិភពលោកមួយដែលគោរពច្បាប់៕
ដោយ៖វណ្ណលុក



