លោក Putin ពន្លឿនបង្កើតកងកម្លាំងយន្តហោះដ្រូនប្រឆាំងសត្រូវ
មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ចាត់ទុកយន្តហោះដ្រូនពិឃាតបានដើរតួយ៉ាងសំខាន់ក្នុងសង្គ្រាមអ៊ុយក្រែន ហើយបានជំរុញឲ្យពន្លឿនការអភិវឌ្ឍ និងការដាក់ពង្រាយកងកម្លាំងយានដ្រូននៅក្នុងជួរយោធា។
លោក ពូទីន បាននិយាយនៅក្នុងកិច្ចប្រជុំស្តីពីការអភិវឌ្ឍអាវុធថា បច្ចុប្បន្ន យើងកំពុងបង្កើតកងទ័ពនៃប្រព័ន្ធគ្មានមនុស្សបើក ជាផ្នែកដាច់ដោយឡែកនៃយោធា ហើយយើងត្រូវតែធានាឲ្យមានការដាក់ពង្រាយ និងការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងឆាប់រហ័ស។

ប្រធានាធិបតីរុស្ស៊ីរូបនេះបន្ថែមថា ដ្រូនមានសមត្ថភាពបំផ្លាញរថពាសដែក ប្រព័ន្ធទំនាក់ទំនង ការដឹកជញ្ជូន និងកម្លាំងទ័ពរបស់សត្រូវ។ ឥឡូវនេះ ប្រតិបត្តិករយន្តហោះដ្រូនរបស់យើង ទទួលខុសត្រូវចំពោះផ្នែកសំខាន់រហូតដល់ ៥០ភាគរយនៃសម្ភារៈ និងបរិក្ខាររបស់សត្រូវដែលត្រូវបានបំផ្លាញ និងខូចខាត។

ដោយឡែក ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ចាប់តាំងពីការផ្ទុះសង្រ្គាមនៅក្នុងខែកុម្ភៈ ឆ្នាំ២០២២ ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអភិវឌ្ឍការផលិតយន្តហោះដ្រូនក្នុងស្រុក។

យន្តហោះដ្រូនពិឃាតបានដើរតួនាទីឈានមុខគេនៅលើសមរភូមិ សម្រាប់ភាគីទាំងសងខាង នៅក្នុងសង្គ្រាមរយៈពេលជាងបីឆ្នាំ ដែលរុស្ស៊ីចូលលុកលុយទឹកដីអ៊ុយក្រែន។
ក្រៅពីការប្រើប្រាស់ប្រយុទ្ធដោយផ្ទាល់ យន្តហោះដ្រូនក៏ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយសម្រាប់ការឈ្លបយកការណ៍ សង្គ្រាមអេឡិចត្រូនិក ការរុករករ៉ែ និងការដោះមីនផងដែរ៕
ប្រភព ៖ រ៉យទ័រ ប្រែសម្រួល ៖ ឈឹម ទីណា
