យន្តហោះរងការគំរាមបំផ្ទុះគ្រាប់បែក ចុះចតបន្ទាន់នៅប្រទេសថៃ

បរទេស៖ កាលពីថ្ងៃសុក្រ ទី១៣ ខែមិថុនា យន្តហោះមួយគ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា Air India ដឹកអ្នកដំណើរ ១៥៦នាក់ បានចុះចត ជាបន្ទាន់ នៅអាកាសយានដ្ឋាន ភូកេត ប្រទេសថៃ ក្រោយពេលរងការគំរាម បំផ្ទុះគ្រាប់បែក នេះបើតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន CNA។

ហេតុការណ៍នេះ បានកើតឡើង ក្រោយមួយថ្ងៃ ដែលមានឧបទ្ទេវហេតុ ធ្លាក់យន្តហោះ របស់ក្រុមហ៊ុនមួយនេះដូចគ្នា កើតមានក្នុងទីក្រុង Ahmedabad នៃប្រទេសឥណ្ឌា កាលពីថ្ងៃព្រហស្បតិ៍ ដែលបណ្តាលឲ្យអ្នកដំណើរ ជាង២៤០នាក់ បានស្លាប់។

អាជ្ញាធរអាកាសយានដ្ឋានថៃ បាននិយាយថា ជើងហោះហើរ AI 379 បានប៉ុនប៉ងចាកចេញ ពីប្រទេសថៃឆ្ពោះទៅ កាន់ រដ្ឋធានីញូវដែលី របស់ប្រទេសឥណ្ឌា ស្រាប់តែទទួលការគម្រាមកំហែង ដោយគ្រាប់បែក នៅលើយន្តហោះ ទើបធ្វើការចុះចត ជាបន្ទាន់ នៅលើកោះ ភូកេត។ យ៉ាងណាមិញ មន្ត្រីអាកាសយានដ្ឋានថៃអះអាងថា អ្នកដំណើរទាំងអស់លើយន្តហោះ ត្រូវបានជម្លៀសចេញ ដោយសុវត្ថិភាព។

យោងតាមអ្នកតាមដានជើងហោះហើរ Flightradar24 បានឱ្យដឹងថា យន្តហោះនេះ បានហោះចេញពីពីកោះ ភូកេត នៅម៉ោង ៩.៣០ ប៉ុន្តែ បានហោះ វិលជុំវិញសមុទ្រ Andaman មុនពេលបង្ខំចិត្តចុះចតនៅលើកោះ នាភាគខាងត្បូង ប្រទេសថៃ មួយនេះ។

យ៉ាងណាមិញ អាកាសយានដ្ឋានប្រទេសថៃ មិនបានផ្តល់ព័ត៌មានលម្អិត អំពីការគំរាមកំហែង ដោយគ្រាប់បែកនោះទេ។ រីឯ ក្រុមហ៊ុន Air India ក៏មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយនោះដែរ។

គួរបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ និងអាកាសយានដ្ឋាន នៅប្រទេសឥណ្ឌា ត្រូវបានជន់លិច ដោយការគម្រាមកំហែងគ្រាប់បែក បោកបញ្ឆោត កាលពីឆ្នាំមុន ជាមួយនឹងការហៅទូរស័ព្ទ និងសារបោកបញ្ឆោត ជិត១,០០០ដង ក្នុងរយៈពេល ១០ខែដំបូង នៃឆ្នាំ២០២៤៕

ប្រភពពី CNA ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner