គណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជា-ថៃ (JBC) បន្តកិច្ចប្រជុំនៅថ្ងៃទី២

អត្ថបទដោយ៖
ហេង វណ្ណា

កិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះ (JBC) កម្ពុជា-ថៃ បានចាប់ផ្តើមដំណើរការជាផ្លូវការនៅព្រឹក ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។ ប្រតិភូកម្ពុជាដឹកនាំដោយឯកឧត្តម ឡាំជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងប្រតិភូថៃ ដឹកនាំឯកឧត្តម ប្រាសាស ប្រាសាសវិនិច្ឆ័យ។ នៅមុនកិច្ចប្រជុំចាប់ផ្តើម ដែលគ្រោងចាប់ពីវេលាម៉ោង១០ព្រឹក អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ បានមកជួបជុំគ្នា និងបានរៀបចំសេចក្តីរាយការណ៍ជុំវិញព្រឹត្តិការណ៍ នៃជម្លោះព្រំដែនរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ។

សូមបញ្ជាក់ថា នៅថ្ងៃទី១៤ ខែ មិថុនា ឆ្នាំ២០២៥ ម្សិលមិញ កិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជា-ថៃ (JBC) បានប្រព្រឹត្តទៅដោយរលូន»។ ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋាន កិច្ចការព្រំដែនកម្ពុជា បានផ្តល់អត្ថាធិប្បាយខ្លី ក្រោយបញ្ចប់កិច្ចប្រជុំ នៅម៉ោងជិត៤រសៀល ថ្ងៃដដែល ថាភាគីទាំងពីរបានពិភាក្សាក្នុងបរិយាកាសល្អ យោគយល់គ្នាខ្ពស់។ជាមួយគ្នានេះ កិច្ចប្រជុំគណៈកម្មការ JBC កម្ពុជា-ថៃ បានរៀបចំឡើងបន្ទាប់ពីមានកិច្ចប្រជុំចង្អៀតរវាងភាគីទាំងពីរផងដែរ។

កិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃដែលបានរៀបចំឡើងនៅក្នុងថ្ងៃនេះ បានធ្វើឡើងបន្ទាប់ពីមានភាពតានតឹងនៅតាមព្រំដែនគោក រវាងប្រទេសកម្ពុជានិងប្រទេសថៃ បន្ទាប់ពីកងទ័ពថៃបាន លួចឆ្មក់ ចូលមកបាញ់លើកងទ័ពកម្ពុជា និងបណ្តាលឱ្យកងទ័ពកម្ពុជាម្នាក់ស្លាប់ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ថ្មីៗនេះ នៅតំបន់មុំ៣ ស្ថិតនៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះ នៅថ្ងៃទី១៥ មិថុនា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា កម្ពុជាជ្រើសរើសយកច្បាប់អន្តរជាតិ និង សន្តិភាព និងសូមបងប្អូនជនរួមជាតិទាំងអស់ ផ្ដល់ការទុកចិត្តមកលើរាជរដ្ឋាភិបាល ក្នុងការខិតខំប្រឹងប្រែងធ្វើកិច្ចការងារនេះប្រកបដោយឆន្ទៈនិងការទទួលខុសត្រូវខ្ពស់ ដើម្បីការពារបូរណភាពទឹកដី និងឧត្តមប្រយោជន៍របស់ជាតិនិងប្រជាជនកម្ពុជា។ សម្តេចធិបតី នាយករដ្ឋមន្រ្តី បានលើកឡើងថា កម្ពុជាត្រូវការតែយុត្តិធម៌ ភាពត្រឹមត្រូវ និងច្បាស់លាស់មួយ ក្នុងការកំណត់ខ្សែព្រំដែនជាមួយប្រទេសជិតខាង ដើម្បីកុំអោយកូនចៅជំនាន់ក្រោយនៅបន្តមានបញ្ហាមិនចេះចប់ជាមួយគ្នា។
សូមបញ្ជាក់ដែរថា នៅថ្ងៃទី១៥ មិថុនា នេអដែរ រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជូនលិខិតជាផ្លូវការទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីជួយស្វែងរកដំណោះស្រាយពាក់ព័ន្ធទៅនឹងបញ្ហាវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី។ គាប់ជួនផងដែរ កាលពី ៦៣ឆ្នាំមុន នៅថ្ងៃទី ១៥ មិថុនា ១៩៦២ គឺជាថ្ងៃប្រវត្តិសាស្ត្រដែលតុលាការយុត្តិធម៌អន្តរជាតិ (ICJ) បានសម្រេចឱ្យកម្ពុជាឈ្នះលើរឿងក្តីប្រាសាទព្រះវិហារ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner