ខណៈមហាជនរង់ចាំលទ្ធផលកិច្ចប្រជុំ JBC ថ្ងៃទី២ កម្ពុជាកម្ពុជាបានបញ្ជូនលិខិតជាផ្លូវការ ទៅ ICJ ហើយ

អត្ថបទដោយ៖
ហេង វណ្ណា

ភ្នំពេញ៖ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ បន្តរង់ចាំលទ្ធផលកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជា-ថៃ (JBC) រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសថា កម្ពុជាពេលនេះ បានបញ្ជូនលិខិតជាផ្លូវការ ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ហើយ ការបញ្ជូននេះ ស្របនឹងខួប៦៣ឆ្នាំ ដែលតុលាការយុត្តិធម៌អន្តរជាតិ កាត់សេចក្តី ឱ្យកម្ពុជាឈ្នះថៃ នៅក្នុងសំណុំរឿងប្រាសាទព្រះវិហារ។ នេះបើតាមបណ្ដាញសង្គមសម្តេចធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃនេះ។
គិតត្រឹមម៉ោង១០:៣០ព្រឹកនេះ កិច្ចប្រជុំចង្អៀតនៅតែបន្ត រវាងប្រតិភូកម្ពុជា និងថៃ ពលរដ្ឋទាំងសងខាងកំពុងរង់ចាំលទ្ធផលនៃកិច្ចប្រជុំនេះ។ នៅថ្ងៃទី១៤ ខែ មិថុនា ឆ្នាំ២០២៥ ម្សិលមិញ កិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជា-ថៃ (JBC) បានប្រព្រឹត្តទៅដោយរលូន»។ ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋាន កិច្ចការព្រំដែនកម្ពុជា បានផ្តល់អត្ថាធិប្បាយខ្លី ក្រោយបញ្ចប់កិច្ចប្រជុំ នៅម៉ោងជិត៤រសៀល ថ្ងៃដដែល ថាភាគីទាំងពីរបានពិភាក្សាក្នុងបរិយាកាសល្អ យោគយល់គ្នាខ្ពស់។ជាមួយគ្នានេះ កិច្ចប្រជុំគណៈកម្មការ JBC កម្ពុជា-ថៃ ។
ទោះជាកិច្ចប្រជុំ JBC មិនទាន់មានលទ្ធផលក៏ដោយសម្រាប់ថ្ងៃទី២នេះ ប៉ុន្តែសម្រាប់កម្ពុជានៅតែទៅមុខ មិនថយក្រោយត្រង់ថា សម្ដេចធិបតីនាយករដ្ឋមន្ត្រី បង្ហោះសារថា «កម្ពុជាជ្រើសរើសយកច្បាប់អន្តរជាតិ និង សន្តិភាព។ ថ្ងៃទី១៥ មិថុនា ឆ្នាំ២០២៥នេះ រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជូនលិខិតជាផ្លូវការទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីជួយស្វែងរកដំណោះស្រាយពាក់ព័ន្ធទៅនឹងបញ្ហាវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី។ កម្ពុជាត្រូវការតែយុត្តិធម៌ ភាពត្រឹមត្រូវ និងច្បាស់លាស់មួយ ក្នុងការកំណត់ខ្សែព្រំដែនជាមួយប្រទេសជិតខាង ដើម្បីកុំអោយកូនចៅជំនាន់ក្រោយនៅបន្តមានបញ្ហាមិនចេះចប់ជាមួយគ្នា។ លិខិតជាផ្លូវការត្រូវបានបញ្ជូនទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីជួយស្វែងរកដំណោះស្រាយពាក់ព័ន្ធទៅនឹងបញ្ហាវិវាទព្រំដែនកម្ពុជា-ថៃ។ នេះជាសារដ៏ទន់ភ្លន់ តែម៉ឺងម៉ាត់ ក្នុងការដោះស្រាយបញ្ហាព្រំដែនតាមផ្លូវច្បាប់។
ទោះបីជាព្រឹត្តិការណ៍ទាំងពីរនេះកើតឡើង ៦៣ឆ្នាំខុសពីគ្នាក៏ពិតមែន ប៉ុន្តែស្មារតីនិងគោលបំណងគឺដូចគ្នា ÷ គឺកម្ពុជាជ្រើសរើសយកការដោះស្រាយ ដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ តាមរយៈយន្តការតុលាការយុត្តិធម៌អន្តរជាតិ ICJ សម្រាប់ការដោះស្រាយបញ្ហាព្រំដែននៅតំបន់ដែលមានលក្ខណៈស្មុគស្មាញខ្លាំង និងមានហារនិភ័យខ្ពស់នៃជម្លោះប្រដាប់អាវុធ ហើយដែលយន្តការទ្វេភាគីមិនអាចដោះស្រាយចប់ ដូចជានៅតំបន់ប្រាសាទព្រះវិហារកាលពីជាង៦០ឆ្នាំមុន និងតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី នាពេលបច្ចុប្បន្ន។
ពេលវេលាត្រូវគ្នាម៉្លេះទេ កាលពី ៦៣ឆ្នាំមុន នៅថ្ងៃទី ១៥ មិថុនា ១៩៦២ គឺជាថ្ងៃប្រវត្តិសាស្ត្រដែលតុលាការយុត្តិធម៌អន្តរជាតិ (ICJ) បានសម្រេចឲ្យកម្ពុជាឈ្នះលើរឿងក្តីប្រាសាទព្រះវិហារ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ បងប្អូនជនរួមជាតិទាំងអស់ ផ្ដល់ការទុកចិត្តមកលើរាជរដ្ឋាភិបាល ក្នុងការខិតខំប្រឹងប្រែងធ្វើកិច្ចការងារនេះប្រកបដោយឆន្ទៈនិងការទទួលខុសត្រូវខ្ពស់ ដើម្បីការពារបូរណភាពទឹកដី និងឧត្តមប្រយោជន៍របស់ជាតិ និងប្រជាជនកម្ពុជា»៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner