ឯកឧត្តម រដ្ឋមន្រ្តី ជា វ៉ាន់ដេត៖ បង្គោលអង់តែនទូរស័ព្ទមិនបង្កផលប៉ះពាល់ដល់សុខភាពរបស់យើងទេ
(ភ្នំពេញ)៖ ឯកឧត្តម រដ្ឋមន្រ្តី ជា វ៉ាន់ដេត បានថ្លែងថា បង្គោលអង់តែនទូរស័ព្ទមិនបង្កផលប៉ះពាល់ដល់សុខភាពរបស់យើងទេ ហើយបើសិនជាប៉ះពាល់ ប្រទេសនានានៅលើពិភពលោក គឺមិនប្រើបង្គោលអង់តែននោះទេ ។ ឯកឧត្តម រដ្ឋមន្រ្តី បន្ថែមថា នៅប្រទេសគេ នៅតាមបណ្តាទីក្រុងគឺបង្កោលអង់តែន ត្រូវបានដាក់នៅលើអគារទាំងអស់ ហើយបាញ់សេវាចេះមកក្រោមវិញ។

ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានលើកឡើងបែបនេះ នៅក្នុងឱកាសផ្តល់បទកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន បន្ទាប់ពី អញ្ជើញជាអធិបតីភាព ក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលទិន្នន័យជាតិ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

ឯកឧត្តម រដ្ឋមន្រ្តី បន្តថា លើពិភពលោកប្រទេសជឿនលឿនការដាក់បង្គោលអង់តែនគឺត្រូវបានយកទៅដាក់នៅលើអគារ ប្រសិនជាមានការប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ គឺគេមិនដាក់ជិតនោះទេ ហេតុដូច្នេះ សូមប្រជាពលរដ្ឋ មេត្តាយោគយល់ ហើយកំអោយរារំាងជាឧបស័គ្គនៅក្នុងការងារនេះ ដែលមន្រ្តីក្រសួង និងក្រុមហ៊ុន បានខិតខំ ធ្វើការជាមួយគ្នា។

ឯកឧត្តម រដ្ឋមន្រ្តី ជា វ៉ាន់ដេត លើកឡើងបន្ថែមថា នៅក្នុងចំណោមបុរីចំនួន ៦៨ យើងបានធ្វើការសាកល្បងតំបូងគេគឺនៅបុរីប៉េងហួត រាជធានីភ្នំពេញ មានប្រជាពលរដ្ឋប្រហែលជា ៧ពាន់គ្រួសារ លទ្ធផលគឺបានល្អប្រសើរហើយ នៅតែតាមក្រលៀតគឿន តម្រូវឱ្យក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទ បំពាក់ឧបករណ៍សំរាប់តំបន់នោះផងដែរ។ ឯកឧត្តម រដ្ឋមន្រ្តី បន្ថែមថា ចំពោះទីតាំង២ទៀត ប្រហែលជា ៧០០ គ្រួសារ ក្នុងនោះតែប្រមាណ ៣០គ្រួសារដែលជាប្រជាពលរដ្ឋរស់នៅក្នុងបុរីប៉េងហួតមិនអនុញ្ញាតឱ្យសាងសង់ ដោយយកសំអាងហេតុផលផល់សុខភាព ហើយក្រសួងនិងមានវិធានការជាបន្តបន្ទាប់ដើម្បីសាងសង់ បង្គោលអង់តែនពង្រីកសេវាទូរស័ព្ទនៅក្នុងតំបន់នេះផងដែរ ។
ឯកឧត្តម រដ្ឋមន្រ្តី បញ្ជាក់បន្ថែមថា នៅពេលខាងមុខក្រសួងនិងធ្វើការសហការជាមួយនិងក្រសួងរៀបចំដែនដី នគររូបនីយ៍កម្ម និងសំណង់ ដើម្បីរៀបចំជាទំរង់សំរាប់អ្នកដែលមក ស្នើរសំសាងសង់អគារត្រូវលះបង់សិទ្ធនៅលើតំបូលអគារដើម្បីដាក់បង្គោលអង់តែនផងដែរ ៕

អត្ថបទ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា