វៀតណាម នឹងព្យាយាមធ្វើការកាត់បន្ថយករណីជម្លោះពាណិជ្ជកម្មក្នុងឆមាសទី២ឆ្នាំនេះ

ហាណូយ៖ ប្រភពក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម (MoIT) បានឱ្យដឹងថា នៅឆមាសទី២ ឆ្នាំនេះវៀតណាមនឹងពង្រឹងប្រសិទ្ធភាពនៃការដោះស្រាយសំណុំរឿងជម្លោះពាណិជ្ជកម្មទាំងនៅក្នុងប្រទេសនិងក្រៅប្រទេសដើម្បីការពារផលប្រយោជន៍នៃសហគ្រាសផលិតកម្មនិងការនាំចេញ។ នេះបើយោងតាមសារព័ត៌មានចិន ស៊ិនហួ (Xinhua)។

កាសែតក្នុងស្រុកវៀតណាមមួយឈ្មោះថា Vietnam News បានរាយការណ៍កាលពីថ្ងៃពុធថា ក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ២០២៣ នេះ មានករណីជម្លោះពាណិជ្ជកម្មចំនួន ៤ សំណុំរឿងដែលបានប្ដឹងប្រឆាំងនឹងការនាំចេញរបស់វៀតណាម។ តួលេខនេះធ្លាក់ចុះបន្តិច បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២ ពោលគឺមានចំនួន ៥ ករណី។

កាសែតនេះបានឱ្យដឹងថា រហូតមកទល់ពេលនេះ វៀតណាមបានទទួលពាក្យបណ្ដឹងពីបរទេសដែលបានប្ដឹងប្រឆាំងនឹងការនាំចេញរបស់ខ្លួនចំនួន ២៣១ ករណីហើយ។ ក្នុងនោះរួមមានករណីដូចជា បណ្ដឹងប្រឆាំងការលក់បង្ខូចតម្លៃទីផ្សារចំនួន ១២៨ ករណី បណ្ដឹងការពារទំនិញក្នុងស្រុកចំនួន ៤៧ ករណី បណ្ដឹងប្រឆាំងការគេចវេសពីការអនុវត្តច្បាប់ពាណិជ្ជកម្មចំនួន ៣៣ ករណី និងបណ្ដឹងប្រឆាំងការឧបត្ថម្ភធនពីរដ្ឋាភិបាលវៀតណាមទៅកាន់ក្រុមហ៊ុនផលិតកម្មចំនួន ២៣ ករណី នេះបើយោងតាមរបាយការណ៍របស់ក្រសួង។

អាជ្ញាធរទទួលបន្ទុកដោះស្រាយបញ្ហាពាណិជ្ជកម្មរបស់ក្រសួង នឹងបន្តត្រួតពិនិត្យ ក៏ដូចជាគាំទ្រសហគ្រាសក្នុងស្រុក និងឧស្សាហកម្មផលិតកម្ម ក្នុងការបំពេញបែបបទឯកសារផ្សេងៗដើម្បីឈានទៅដល់ការស៊ើបអង្កេតទៅលើផលិតផល និងទំនិញរបស់វៀតណាមដែលស្ថិតនៅក្នុងទីផ្សារបរទេសទាំងអស់នោះ។

ក្រុមអាជ្ញាធរដដែលក៏នឹងផ្តោតលើករណីគេចវេសពីការបង់ពន្ធសម្រាប់ផលិតផលដែលមានចំណូលពីការនាំចេញខ្ពស់ដូចជា ឈើ បន្ទះសូឡា និងដែកថែប ដោយសារតែករណីទាំងអស់នេះ មានផលប៉ះពាល់យ៉ាងខ្លាំងដល់ផលិតកម្មក្នុងស្រុក និងការនាំចេញ និងដោយសារតែអត្រាគេចវេសការបង់ពន្ធក៏មានខ្ពស់ផងដែរ។

កាសែតនេះបានដកស្រង់សម្តីលោក ទ្រីញ អាញ់តួន (Trinh Anh Tuan) ដែលជានាយកអាជ្ញាធរវៀតណាមថា ករណីស៊ើបអង្កេតដើម្បីដោះស្រាយបញ្ហាពាណិជ្ជកម្មនេះ នឹងអនុវត្តទៅលើទំនិញរបស់វៀតណាម ដែលភាគច្រើនផ្ដោតទៅលើបណ្ដឹងប្រឆាំងការលក់បង្ខូចតម្លៃទីផ្សារ និងការគេចពន្ធនៅក្នុងទីផ្សារ។ កន្លងមក វៀតណាមតែងតែបើកការស៊ើបអង្កេតដើម្បីដោះស្រាយបញ្ហាពាណិជ្ជកម្មជាមួយប្រទេសដៃគូជាច្រើន ដូចជា សហរដ្ឋអាមេរិក ឥណ្ឌា និងអូស្ត្រាលីជាដើម៕
ប្រែសម្រួលដោយ៖ ធា សុណា

ads banner