សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅខេត្តត្បូងឃ្មុំ

កម្ពុជានៅថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ បានធ្វើការបោះឆ្នោតជ្រើសតាំងតំណាង រាស្ត្រ នីតិកាលទី៧ ដែលមានចំនួន ១២៥អាសនៈ ដោយមានគណបក្សនយោបាយចំនួន ១៨ចូលរួម ប្រកួតប្រជែងសម្រាប់ការបោះឆ្នោតមួយនេះ។ ពលរដ្ឋកម្ពុជាដែលមានឈ្មោះក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោតរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានទៅកាន់ការិយាល័យបោះឆ្នោតនៅ ក្នុងមូលដ្ឋានរបស់ខ្លួន ដែលការិយាល័យបោះឆ្នោតបានបើកនៅវេលាម៉ោង ៧ព្រឹក និងបិទនៅវេលាម៉ោង ៣រសៀល។

សម្រាប់ការបោះឆ្នោតមួយនេះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅទី ហេងសំរិន បានអញ្ជើញទៅបោះឆ្នោតនៅការិយាល័យបោះឆ្នោតលេខ ០៧៣២ ដែលមានអ្នក បោះឆ្នោតសរុបចំនួន ៤៧០នាក់ រីឯការិយាល័យលេខ ០៧៣៣ មានអ្នកបោះឆ្នោតសរុបចំនួន ៤៨២នាក់ ដែលការិយាល័យទាំង២ខាងលើស្ថិតនៅក្នុងវិទ្យាល័យសម្តេច ហេង សំរិន អន្លង់ជ្រៃ ស្ថិតក្នុងភូមិ អន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ការបោះឆ្នោតនេះបានប្រព្រឹត្តទៅក្រោមការសង្កេត ការណ៍យ៉ាងដិតដល់ពីតំណាងគណបក្សនយោបាយ អង្គការក្រៅរដ្ឋាភិបាលជាតិ និងអន្តរជាតិ តំណាង ស្ថានទូតនានាប្រចាំប្រទេសកម្ពុជា ដើម្បីជាការធានាបានថាការបោះឆ្នោតបានប្រព្រឹត្តទៅដោយសេរី ត្រឹម ត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍ប្រជាធិបតេយ្យដែលកម្ពុជាបានប្រកាន់យកតាមកិច្ចព្រមព្រៀង សន្តិភាពទីក្រុងប៉ារីសថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។

ក្នុងឱកាសនៃការអញ្ជើញបោះឆ្នោតនេះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដែលជាអ្នកនយោ បាយជាន់ខ្ពស់មួយរូបបានសម្តែងនូវក្តីមោទនយ៉ាងក្រៃលែងចំពោះកម្ពុជាដែលបានរៀបចំការបោះឆ្នោតជា បន្តបន្ទាប់ដោយខ្លួនឯងបន្ទាប់ពីការបោះឆ្នោតលើកទី១ ដែលរៀបចំឡើងដោយអង្គការសហប្រជាជាតិ កាលពីឆ្នាំ១៩៩៣ ដែលនេះបានបង្ហាញឱ្យឃើញថា កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការរៀបចំការ បោះឆ្នោតបានដោយខ្លួនឯង ហើយថែមទាំងក្នុងបរិយាកាសសេរី ត្រឹមត្រូវ និងយុត្តិធម៌ស្របតាមគោល ការណ៍នៃលទ្ធិប្រជាធិបតេយ្យថែមទៀតផង ដោយប្រជាពលរដ្ឋម្នាក់ៗមានសិទ្ធិយ៉ាងពេញលេញក្នុងការ ជ្រើសរើសគណបក្សនយោបាយមួយ ក្នុងចំណោមគណបក្សនយោបាយជាច្រើនដែលបានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនេះដោយគ្មានការបង្ខិតបង្ខំ គ្មានការតាមដាន ឬឃ្លាំមើលពីអាជ្ញាធរឡើយ។ ការបោះឆ្នោតនេះ គឺជាការសម្ងាត់បំផុត គ្មាននរណាម្នាក់អាចដឹងថាប្រជាពលរដ្ឋម្ចាស់ឆ្នោតបានបោះ ឆ្នោតឱ្យគណបក្សណាមួយឡើយ។សូមជម្រាបជូនថា៖ សម្រាប់អាសនៈរដ្ឋសភានីតិកាលទី៧នេះមានចំនួន ១២៥អាសនៈដូចកាល នីតិកាលទី៦ដែរ ដោយយើងមានអាសនៈនៅតាមមណ្ឌលចំនួន២៥ មណ្ឌលទូទាំងប្រទេស ក្នុងនោះ មណ្ឌលរាជធានីភ្នំពេញមាន ១២អាសនៈ, មណ្ឌលខេត្តបន្ទាយមានជ័យមាន ៦អាសនៈ, មណ្ឌលខេត្ត បាត់ដំបងមាន ៨អាសនៈ, មណ្ឌលខេត្តកំពង់ចាមមាន ១០អាសនៈ, មណ្ឌលខេត្តកំពង់ឆ្នាំងមាន ៤ អាសនៈ, មណ្ឌលខេត្តកំពង់ស្ពឺមាន ៦អាសនៈ, មណ្ឌលខេត្តកំពង់ធំមាន ៦អាសនៈ មណ្ឌលខេត្តកំពត មាន ៦អាសនៈ, មណ្ឌលខេត្តកណ្តាលមាន ១១អាសនៈ, មណ្ឌលខេត្តកោះកុងមាន ១អាសនៈ, មណ្ឌល ខេត្តក្រចេះមាន ៣អាសនៈ, មណ្ឌលខេត្តមណ្ឌលគិរីមាន ១អាសនៈ, មណ្ឌលខេត្តព្រះវិហារមាន ១ អាសនៈ, មណ្ឌលខេត្តព្រៃវែងមាន ១១អាសនៈ, មណ្ឌលខេត្តពោធិ៍សាត់មាន ៤អាសនៈ មណ្ឌលខេត្ត រតនគិរីមាន ១អាសនៈ, មណ្ឌលខេត្តសៀមរាបមាន ៦អាសនៈ, មណ្ឌលខេត្តព្រះសីហនុមាន ៣អាសនៈ មណ្ឌលខេត្តស្ទឹងត្រែងមាន ១អាសនៈ, មណ្ឌលខេត្តស្វាយរៀងមាន ៥អាសនៈ មណ្ឌលខេត្តតាកែវមាន ៨អាសនៈ, មណ្ឌលខេត្តកែបមាន ១អាសនៈ, មណ្ឌលខេត្តប៉ៃលិនមាន ១អាសនៈ, មណ្ឌលខេត្តឧត្តរ មានជ័យមាន ១អាសនៈ និងមណ្ឌលខេត្តត្បូងឃ្មុំមាន ៨អាសនៈ។ មណ្ឌលខេត្តត្បូងឃ្មុំមានគណបក្ស នយោបាយឈរឈ្មោះចូលរួមប្រកួតប្រជែងចំនួន ៩គណបក្ស ក្នុងចំណោម ១៨គណបក្សគឺ គណបក្ស ខ្មែរតែមួយ, គណបក្សសញ្ជាតិកម្ពុជា, គណបក្សខ្មែររួបរួមជាតិ,គណបក្សខ្មែរឈប់ក្រ, គណបក្សហ្វ៊ុនស៊ិន ប៉ិច, គណបក្សធម្មាធិបតេយ្យ, គណបក្សយុវជនកម្ពុជា, គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា និងគណបក្សប្រជាជនកម្ពុជា៕

ដោយ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner